រដ្ឋមន្រ្តីកើតរិទ្ធលើកទឹកចិត្តឱ្យចៅក្រមព្រះរាជអាជ្ញារួមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀតត្រូវបន្តខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងគោរពតាមច្បាប់ដើម្បីពង្រឹងគុណភាពនៃការផ្តល់សេវាយុត្តិធម៌

99
UI Promtion 2021

(ភ្នំពេញ)៖រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកកើតរិទ្ធបានលើកទឹកចិត្តឱ្យចៅក្រមព្រះរាជអាជ្ញារួមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀតដែលធ្វើការក្នុងវិស័យយុត្តិធម៌ត្រូវបន្តខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងគោរពតាមច្បាប់ដើម្បីឱ្យស្របតាមទិសដៅនៃការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌របស់កម្ពុជាដែលមានដូចជាការពង្រឹងគុណភាពនៃការផ្តល់សេវាយុត្តិធម៌ការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងការពង្រឹងគុណភាពនៃការកាត់ក្តីជាដើម។

ការជំរុញនេះបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី៧ខែមេសាឆ្នាំ២០២២ខណៈលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញព្រមទាំងសហការីនៃសាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលជួបសំណេះសំណាល និងសម្តែងការគួរសមនៅទីស្តីការក្រសួងយុត្តិធម៌។

នៅក្នុងជំនួបសំណេះសំណាលនេះ,លោករដ្ឋមន្ត្រីក៏បានលើកឡើងអំពីសមិទ្ធផលនិងការចម្រើននានាក្នុងវិស័យយុត្តិធម៌រយៈពេលជិត៣០ឆ្នាំមកនេះបន្ទាប់ពីកម្ពុជាងើបចេញពីភ្នក់ភ្លើងសង្គ្រាមនិងទទួលបានសុខសន្តិភាព ពេញលេញ។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ថាវិស័យយុត្តិធម៌កម្ពុជានាពេលបច្ចុប្បន្នគឺមានការរីកចម្រើនខ្លាំងបើប្រៀបធៀបជាមួយនឹងរយៈពេល៣០ឆ្នាំមុនដែលនេះគឺកើតចេញពីសុខសន្តិភាពពេញលេញដែលកម្ពុជាទទួលបានរួមជាមួយនឹងការខិតខំប្រឹងប្រែងថែរក្សាសុខសន្តិភាពបន្តរបស់តួអង្គពាក់ព័ន្ធនានាហើយក្នុងនោះអង្គចៅក្រមនិងមន្រ្តីតុលាការផ្សេងទៀតក៏ជាតួអង្គមួយដ៏សំខាន់ក្នុងការថែរក្សាសុខសន្តិភាពផងដែរ៕