កាកបាទក្រហមកម្ពុជា នាំយកទេយ្យទាន និងបច្ច័យប្រគេនដល់វត្តសែនមនោរម្យ និងពុទ្ធមណ្ឌលគិរី ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (Video inside)

101
UI Promtion 2021

(មណ្ឌលគិរី)៖ នាដំណើរបេសកកម្មការងារនៅក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងសហការីនៃកាកបាទក្រហមកម្ពុជា បានបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះរតនត្រ័យ នាំយកទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនដល់នៅវត្តសែនមនោរម្យ និងពុទ្ធមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីឧបត្ថម្ភទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ម.ស. ១៩៤៤ ច.ស.១៣៨៤ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ។
បន្ទាប់ពីបានបង្សុកូលដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនមាតាបិតានិងញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោករួចមកព្រះចៅអធិការវត្តព្រះសង្ឃគ្រប់ព្រះអង្គរួមនឹងគណៈកម្មការអាចារ្យវត្តក៏បានជូនពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនដល់ថ្នាក់ដឹកនាំនៃកាកបាទក្រហមកម្ពុជាទាំងអស់ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាសូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរដើម្បីបន្តជួយឧបត្ថម្ភទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំរីកចម្រើនព្រមទាំងដើម្បីបន្តជួយប្រជាពលរដ្ឋនិងអភិវឌ្ឍប្រទេសជាតិជាមួយសម្តេចតេជោហ៊ុនសែនឲ្យកាន់តែរីកចម្រើនថែមទៀតក្រោមម្លប់នៃសន្តិភាព។
សូមបញ្ជាក់ថា ទេយ្យវត្ថុរបស់កាកបាទក្រហមកម្ពុជាដែលប្រគេនដល់វត្តនីមួយៗ រួមមាន អង្ករ១០០គីឡូក្រាម មី១កេស ត្រីខ១កេស ទឹកក្រូច៥កេស ទឹកបរិសុទ្ធ៥កេស និងបច្ច័យចំនួន២,០០០,០០០រៀល (ពីរលានរៀល)។ ប្រគេនព្រះចៅអធិការវត្ត២អង្គ មួយអង្គៗបច្ច័យ១០ម៉ឺនរៀល។ ប្រគេនព្រះសង្ឃ៦អង្គ នៅតាមវត្តនីមួយៗក្នុងមួយអង្គៗបច្ច័យ៥ម៉ឺនរៀលផងដែរ៕