សិក្ខាសាលាស្តីពី “ការរៀបចំខ្លួន និងការសិក្សាស្រាវជ្រាវដើម្បីទទួលបានជោគជ័យ” នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)

217
UI Promtion 2021

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) បានរៀបចំសិក្ខាសាលាសម្រាប់និស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ, និង មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៦ វគ្គ១ សរុបប្រមាណជាង ៥០នាក់ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី “ការរៀបចំខ្លួន និងការសិក្សាស្រាវជ្រាវដើម្បីទទួលបានជោគជ័យ” នៅសាលសន្និសិទ ជាន់ទី១ នៃអគារសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)

សិក្ខាសាលានេះ ប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង ប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI), និង វត្តមានអញ្ជើញចូលរួមពីសំណាក់លោកសាស្ត្រាចារ្យបណ្ឌិត ឈឿន សាវន សាកលវិទ្យាធិការរង។

មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង បានបង្ហាញពីគោលបំណងនៃការជួបសំណេះសំណាលនេះ៖

១-ដើម្បីផ្សាភ្ជាប់ការសំណេះសំណាលនេះទៅនឹងការតម្រង់ទិស និងការណែនាំ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធិភាព និងគុណភាពនៃការសិក្សារៀនសូត្រ ដែលជាមូលដ្ឋានឈានទៅរកភាពជោគជ័យក្នុងការសិក្សា ជោគជ័យក្នុងការងារ។

២-ដើម្បីបង្ហាញពីការរីកចម្រើន និងសក្តានុពលនៃការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ កសាងទំនុកចិត្ត ក្នុងការសិក្សានៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យបណ្ឌិត ឈឿន សាវន សាកលវិទ្យាធិការរង បានសម្តែងនូវការអបអរសាទរចំពោះនិស្សិតថ្នាក់បណ្ឌិតទាំងអស់ ជាពិសេសនិស្សិតថ្នាក់បណ្ឌិតឆ្នាំទី១ ជំនាន់ទី៦ វគ្គ១ ដែលទើបនឹងប្រឡងទេស្តចូលរៀនសិក្សាឆ្នាំថ្មីនេះ។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាការតម្រង់ទិសនិស្សិតថ្នាក់បណ្ឌិតនេះ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់សាកលវិទ្យាល័យ ក្នុងគោលបំណងបង្ហាញផ្លូវជូននិស្សិតថ្នាក់បណ្ឌិតចូលសិក្សាឆ្នាំថ្មី បានជ្រាបបន្ថែមទៀតអំពីបទបញ្ជាផ្ទៃក្នុងសម្រាប់និស្សិត អំពីកម្មវិធីសិក្សា សេវានិស្សិត ការទំនាក់ទំនងរបស់និស្សិត ផែនការយុទ្ធសាស្រ្ត ចក្ខុវិស័យ និង ការរៀបចំឯកសារសម្រាប់ស្រាវជ្រាវដើម្បីទទួលបានជោគជ័យ៕