ព្រឹទ្ធសភា នឹងបន្តសម័យប្រជុំនៅថ្ងៃនេះ ដើម្បីពិនិត្យឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ

162
UI Promtion 2021

(ភ្នំពេញ)៖ ព្រឹទ្ធសភា នឹងបន្តសម័យប្រជុំលើកទី៨ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះ ដើម្បីពិនិត្យឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។ សម័យប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា។
សូមបញ្ជាក់ថា នៅថ្ងៃនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំមួយ ពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន២រួមមាន៖

១ ៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។
២៖ កំណត់របៀបវារៈ និងកាលបរិច្ឆេទសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៤។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ៕