សម្តេចក្រឡាហោម ស ខេង ទទួលបានសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋតាមទំព័រហ្វេសប៊ុកចំនួន ២៦៩គណនី ក្នុងត្រីមាសទី១ឆ្នាំនេះ

178
UI Promtion 2021

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមេសានេះ បានបង្ហាញលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេច ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ នេះ។
ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់សម្តេច បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន២៦៩គណនី។
ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន៥៨ គណនី និង១៣៧គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់សម្តេច។
ជាមួយគ្នានេះ សម្តេចក្រឡាហោមសុំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ គប្បីខិតខំពន្លឿនការដោះស្រាយហើយការដោះស្រាយទាំងអស់នោះត្រូវតែធានាឱ្យបានល្អគ្រប់ជ្រុងជ្រោយពិតប្រាកដនៃបញ្ហានិងចប់ចុងចប់ដើមដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាលនោះទេ។
សម្តេចក្រឡាហោម ក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបសម្តេច តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។
ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕