រាជរដ្ឋាភិបាល ណែនាំ៤ចំណុច ដើម្បីរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្នុងបរិបទកូវីដ

112
UI Promtion 2021

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំចំនួន ៤ចំណុច ដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្នុងបរិបទកូវីដ១៩។ នេះបើតាមសារាចរណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃនេះ។
ខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ ប្រារព្ធឡើង ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ» ដែលទិវានេះ កម្ពុជាតែងប្រារព្ធចាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។
ក្នងសារលិខិតនេះ, សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងបរិបទដែលប្រជាជាតិយើងទាំងមូល កំពុងចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង រាជរដ្ឋាភិបាល សូមធ្វើការណែនាំ ដូចខាងក្រោម៖
១៖ ប្រគល់ភារកិច្ចជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងអភិបាលនៃគណៈ អភិបាលរាជធានី ខេត្ត សហការជាមួយអង្គការវិជ្ជាជីវៈ ព្រមទាំងនិយោជក ត្រូវរៀបចំពិធីសំណេះសំណាល ជាមួយកម្មករនិយោជិត សហជីព និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន ក្នុងឱកាសអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ និងរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្នុងទ្រង់ទ្រាយតូច និងតាម ស្ថានភាពជាក់ស្ដែង ហើយនិយោជកត្រូវស្វ័យរៀបចំក្នុងកម្រិតរោងចក្រ សហគ្រាស តាមស្ថានភាពជាក់ស្តែង។
២៖ ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជន បណ្តាញសារព័ត៌មានសង្គមនានា ឱ្យផ្សព្វផ្សាយសារាចរណែនាំ និងសារលិខិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២។
៣៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្តទាំងអស់ និងរោងចក្រ សហគ្រាស ត្រូវជ្រើសរើស ទីតាំងសមស្រប ដូចជា ដងវិថីសំខាន់ៗ និងទីតាំងរោងចក្រ សហគ្រាស ការដ្ឋាន និងកសិដ្ឋាន ដើម្បីធ្វើការ ចងបដាពាក្យស្លោកតាមខ្លឹមសារដូចខាងក្រោម៖
– ជយោ! ព្រះរាជាណាចក្រកម្ពុជា
– អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលករ ឧសភា
– សន្តិភាព សុខភាព និងសន្តិសុខការងារ
– ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីសុខភាព និងការងារ
– ចូលរួមអនុវត្តឱ្យបានហ្មត់ចត់វិធានការ «៣ ការពារ និង ៣ កុំ»
– ខិតខំរក្សាការងារ និងមុខរបរក្នុងបរិបទកូវីដ-១៩
– គោរពច្បាប់ស្តីពីការងារ និងច្បាប់ស្ដីពីសហជីព ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិត និងនិយោជក
– អភិវឌ្ឍន៍របបសន្តិសុខសង្គម ដើម្បីសុខុមាលភាពសង្គម – អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ដើម្បីផលិតភាព និងភាពប្រកួតប្រជែង
– សន្តិសុខការងារជាចលករនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព
– សន្តិសុខការងារជាមូលដ្ឋានគ្រឹះនៃសង្គមដែលមានយុត្តិធម៌ ផលិតភាព និងបរិយាប័ន្ន។
៤៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំឯកសារ និងតាមដានបូកសរុបការរៀបចំពិធីនេះ ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាល សូមអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និយោជក កម្មករនិយោជិតកម្ពុជា និង បរទេសទាំងអស់ ចូលរួមរំលឹកខួបអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅក្នុងបរិយាកាសសោមនស្សរីករាយ សាមគ្គីភាព និងភាតរភាព ដើម្បីឱ្យស័ក្តិសមជាបុណ្យការងាររបស់ជាតិយើង និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ «៣ ការពារ និង៣ កុំ»៕