សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនីរតនប្បភា ហៅវត្តថ្មី

207
UI Promtion 2021

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។
ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេប ក្នុងវឌ្ឍនភាពនៃការកសាង វត្តមុនីរតនប្បភា ហៅវត្តថ្មី ដោយវត្តនេះបានកសាងឡើងលើផ្ទៃដីទំហំ១ម៉ឺន៥ពាន់ម៉ែត្រការ៉េ និងផ្ដួចផ្ដើមដឹកនាំកសាងឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០០០ ដោយព្រះចៅអធិការ និងអាចារ្យគណៈកម្មការ រួមទាំងពុទ្ធបរិស័ទបានកសាងសមិទ្ធផលជាបន្តបន្ទាប់។
ឯកឧត្តម បានបន្តថា សមិទ្ធផលទាំងនោះរួមមាន ការជាវដីមួយកន្លែងមានបណ្ដោយ១៥០ម៉ែត្រ ទទឹង១០០ម៉ែត្រ អស់ថវិកា៩លាន៤សែនរៀល, ពុទ្ធបរស័ទបានប្រគេនដីបណ្ដោយ៤០ម៉ែត្រ និងទទឹង២០ម៉ែត្រជូនវត្តធ្វើផ្លូវចូល, បានកសាងសាលាឆាន់មួយខ្នងអស់ថវិកាជាង៥២លានរៀល, រោងឧបោសថមួយខ្នងអស់ថវិកាជាង៤លានរៀល, កុដិមួយខ្នងអស់ថវិកាជាង៥៦លានរៀល, ចាក់ដី និងធ្វើរបងអស់ថវិកាជាង៧៤លាន និងបានជាវដីសាងសង់ព្រះវិហារអស់ថវិកា៤៥០០ដុល្លារ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរចំពោះការរួមកម្លាំងសាមគ្គីគ្នាកសាងបាននូវសមិទ្ធផលក្នុងវត្តមុនីរតនប្បភា រួមទាំងព្រះវិហារ និងសមិទ្ធផលនានាជាគុណប្រយោជន៍នៃវិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ។ សម្ដេចមានប្រសាសន៍ថាវត្តអារាម និងព្រះសង្ឃ ពិតជាមានសារៈសំខាន់ក្នុងការអប់រំណែនាំឱ្យពុទ្ធបរិស័ទកសាងអំពើល្អ អំពើជាកុសលនាំឱ្យសង្គម ភូមិ ឃុំ ស្រុកមានសេចក្ដីសុខ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ថែមទៀតថា ការប្រឹងប្រែងស្ថាបនាជាតិរបស់រាជរដ្ឋាភិបាល ដូចជាការស្ថាបនាស្ពាន ផ្លូវ ការអភិវឌ្ឍទឹកស្អាត និងអគ្គិសនីជាដើម ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្ដេចបន្ថែមថា«មកដល់ពេលនេះយើងពិតជាមានមោទកភាព យើងបានធ្វើឱ្យប្រទេសជាតិយើងកាន់តែមានសុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍ ហើយយើងសង្ឃឹមថាបន្តធ្វើឱ្យមានការអភិវឌ្ឍកាន់តែរីកចំរើនថែមទៀត»។
ស្របជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ជាពិសេសបន្តអនុវត្តវិធានការ៣កុំ ៣ការពារ និងអញ្ជើញទៅទទួលសេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាតាមកាលកំណត់ដោយមន្រ្តីសុខាភិបាល។ ទន្ទឹមនឹងនេះសម្ដេចក្រឡាហោម ក៏បានសម្ដែងក្ដីសង្ឃឹមថាតាមរយៈការចាក់វ៉ាក់សាំងបង្កើតបានភាពសាំក្នុងសហគមន៍កន្លងមកនេះនឹងធ្វើឱ្យស្ថានភាពកូវីដ-១៩ មិនប្រែលប្រួលជាអវិជ្ជមាននៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ជាចុងក្រោយ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ប្រគេនព្រះតេជគុណ និងប្រជាពលរដ្ឋអំពីការសម្រេចប្រគេន និងជូនបច្ច័យសម្រាប់បង្គ្រប់ការចំណាយសាងសង់ព្រះវិហារនេះ។ ក្នុងនោះសម្តេចក្រឡាហោម បានអញ្ជើញប្រគល់ថវិកា និងអំណោយអនុស្សាវរិយ៍ជូនតំណាងអង្គពិធី និងបន្តអញ្ជើញប្រារព្ធកិច្ចបូជាទាន ធូប ផ្កាភ្ញី និងកាត់ខណ្ឌសីមាក្នុងព្រះវិហារវត្តមុនីរតនប្បភា ហៅវត្តថ្មី ទៅតាមកន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរ ព្រមទាំងអញ្ជើញដាំកូនឈើជាអនុស្សាវរិយ៍នៃពីធីបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នាឱកាសនេះផងដែរ៕