ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រៀបចំពិធីពិសាអាហារថ្ងៃត្រង់ស្វាគមន៍គណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា

196
UI Promtion 2021

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរៀបចំពិធីពិសាអាហារថ្ងៃត្រង់ស្វាគមន៍គណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា នៅភោជនីយដ្ឋាន Fu Lu Zu សណ្ឋាគារសូហ្វីតែលភ្នំពេញ។
ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងបានសម្តែងនូវគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ លោក Takahashi Fumiaki ប្រធានសមាគម។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកទស្សនកិច្ចរបស់ក្រុមហ៊ុនជប៉ុនចំនួន២៨ នៃគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា នៅកម្ពុជាថា ជាការរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ និងជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគពីប្រទេសជប៉ុនកាន់តែច្រើនបន្ថែមទៀតមកកម្ពុជា។
ឯកឧត្តមបណ្ឌិតក៏សម្ដែងនូវក្ដីសង្ឃឹម និងលើកទឹកចិត្តឲ្យគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា បន្តទំនាក់ទំនងឲ្យកាន់តែប្រសើរថែមទៀតជាមួយដៃគូពាក់ព័ន្ធនានានៅកម្ពុជា ជាពិសេសជាមួយនឹងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ការវិនិយោគនៃប្រទេសទាំងពីរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនគណៈប្រតិភូជប៉ុន អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចអគុ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើនឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសវិនិយោគិនជប៉ុន ដូចជាការធ្វើវិសោធនកម្មច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា និងយន្តការនៃកិច្ចប្រជុំផ្នែកសាធារណ:-ឯកជនកម្ពុជាជប៉ុន ជាដើម។
ឯកឧត្តមបណ្ឌិត ក៏បានជូនពរ អោយក្រុមហ៊ុនទាំងអស់ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាមានគម្រោងមកវិនិយោគ ឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់នាពេលខាងមុខ។
លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តបណ្ឌិត ហ៊ុន ម៉ាណែត និងភាគីកម្ពុជា ដែលបានផ្តល់កិត្តិយសរៀបចំពិធីពិសាអាហារថ្ងៃត្រង់នេះ សម្រាប់គណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា។
លោកប្រធានសមាគម ក៏បានជម្រាបជូនថាដំណើរទស្សនកិច្ចមកកម្ពុជារបស់គណៈប្រតិភូក្រុមហ៊ុនជប៉ុនដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា នាពេលនេះគឺជាលើកទី២ បន្ទាប់ពីអាក់ខានជិត៣ឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងនៅឆ្នាំ២០១៩ ដោយសារការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។ លោកបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាដែលបា នចាត់វិធានការយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩នៅកម្ពុជា។
គួរបញ្ជាក់ថា សមាគមជប៉ុន-កម្ពុជា (JCA) រួមជាមួយ សម្ព័ន្ធសមាគមសហគ្រាសធនតូចនិងមធ្យមកម្ពុជា (FASMEC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំកម្មវិធី ផ្គូរផ្គងពាណិជ្ជកម្មនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមហ៊ុនជប៉ុន និងខ្មែរ សរុបចំនួន ៩១ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនជប៉ុនចំនួន ២៨ក្រុមហ៊ុន, ក្រុមហ៊ុនមកពីសម្ព័ន្ធសមាគមសហគ្រាសធនតូច និងមធ្យមចំនួន ៤៣ក្រុមហ៊ុន និងមកពីសមាគមសហគ្រិនវ័យក្មេងចំនួន ២០ក្រុមហ៊ុន និងបានចុះអនុស្សរណៈនៃការយោ គយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍពាណិជ្ជកម្មនៅកម្ពុជា។ ពិធីពិសារអាហារថ្ងៃត្រង់នេះ រៀបចំឡើងដើម្បីស្វាគមន៍ ក៏ដូចជាលើកទឹកចិត្តដល់ក្រុមធុរកិច្ចជប៉ុន និងអបអរសាទរដល់សមាគមទាំង៣ ដែលបានរៀបចំកម្មវិធីផ្គូរផ្គងពាណិជ្ជកម្មប្រកបដោយជោគជ័យ៕