សៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ត្រូវបានបោះពុម្ពជាលើកដំបូង ចំនួន១ម៉ឺនក្បាល ដើម្បីដាក់លក់នៅលើទីផ្សារ

191
UI Promtion 2021

(ភ្នំពេញ)៖ សៀវភៅស្តីពីជីវិតអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា គឺ ឯកឧត្តម ហ៊ុន ម៉ានី ក្រោមចំណងជើងថា «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ត្រូវបានបោះពុម្ពចេញផ្សាយលើកដំបូង ចំនួន ១០,០០០ក្បាល ដើម្បីចែករំលែកចំណេះដឹងដល់សាធារណជន ពិសេសក្នុងស្រទាប់យុវជន។
នៅលើក្របសៀវភៅមុខដែលមានចំណងជើងថា «ក្តីសង្ឃឹម ហ៊ុន ម៉ានី» បានរំលេចពីបុគ្គលិកលក្ខណៈរបស់ ឯកឧត្តម ហ៊ុន ម៉ានី, សកម្មភាពនយោបាយរបស់ឯកឧត្តម និងការចូលរួមក្នុងកិច្ចការសង្គមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាយុវជនកម្ពុជា ដែលបន្តវេនរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេស ជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
លោក លាង ដឺលុច ជាសហស្ថាបនិករបស់សារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងជាអ្នកនិពន្ធសៀវភៅនេះ បានឱ្យដឹងថា ខ្លឹមសារនៃសៀវភៅនេះ បានពណ៌នាផ្តោតលើអ្នកបន្តវេននយោបាយមួយរូប ក្នុងការផ្តួចផ្តើមធ្វើសកម្មភាពជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន ក្រោយការបោះ ឆ្នោតឆ្នាំ២០១៣ ដែលកាលនោះកម្តៅនយោបាយនៅក្តៅគគុក និងស្រួចស្រាវ តាមរយៈប្រមូលផ្តុំកម្លាំងយុវជនធ្វើកិច្ចមនុស្សធម៌ ការងារសង្គម ការងារលើកកម្ពស់វប្បធម៌ជាតិ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២នេះ លោក លាង ដឺលុច បានពន្យល់យ៉ាងដូច្នេះថា៖ «ចំណោមកូនប្រុសទាំង៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេច ប៊ុន រ៉ានី គឺឯកឧត្តម ហ៊ុន ម៉ានី បានលេចមុខជួយកិច្ចការឪពុកជាសាធារណៈមុនគេ តាមរយៈតួនាទីជាជំនួយការផ្ទាល់។ បន្ទាប់មកស្រាប់តែ ឯកឧត្តម ហ៊ុន ម៉ានី ជាប់ឆ្នោតជាតំណាងរាស្ត្រ ដែលជាកិច្ចការនយោបាយជាន់ខ្ពស់តែម្តង។ ទន្ទឹមគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី មានប្រជា ប្រិយភាពខ្លាំងក្នុងចំណោមយុវជន តាមរយៈសកម្មភាពសង្គម និងមនុស្សធម៌»។
អ្នកនិពន្ធរូបនេះ បានបន្តថា ដោយការយល់ឃើញថាឯកឧត្តម ហ៊ុន ម៉ានី គឺជាអ្នកនយោបាយដ៏មានសក្តានុពលមួយរូបក្នុងពេលអនាគត និងដ៏គួរឱ្យចាប់អារម្មណ៍ក្នុង ចំណោមមហាជន ដែលធ្វើឱ្យសារព័ត៌មានថ្មីៗ សម្រេចចិត្តរ៉ាប់រងលើការបោះពុម្ព និងបញ្ចេញស្នាដៃមួយនេះទៅលើទីផ្សារអំណាន។
លោកបានថ្លែងថា លោកបានប្រើរយៈពេល២ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់២០២១ ដើម្បីនិពន្ធសៀវភៅដែលនិយាយអំពីចក្ខុវិស័យ ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី ចំពោះការកសាងមាតុប្រទេស ឱ្យបានកាន់តែប្រសើរសម្រាប់ប្រជាជន បន្ទាប់ពី ឯកឧត្តម បានតាមដាន និងសង្កេតសកម្មភាពរបស់ ឯកឧត្តម តាំងពីឆ្នាំ២០១៣មក ព្រមទាំងបានជួបសម្ភាស ឯកឧត្តម ហ៊ុន ម៉ានី ជាច្រើនដង ក៏ដូចជាប្រមូលព័ត៌មានអំពី ឯកឧត្តម ហ៊ុន ម៉ានី ពីអ្នកធ្លាប់ស្គាល់ និងធ្វើការងារជាមួយលោកជាដើម។
លោក គី សុខលីម ស្ថាបនិកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ បានចាត់ទុកស្នាដៃនៃអ្នកនិពន្ធសៀវភៅមួយនេះ បានសង្កេតតាមដានសកម្មភាពការងារ និងសេចក្តីថ្លែងការណ៍នានារបស់ ឯកឧត្តម ហ៊ុន ម៉ានី តាំងពីឆ្នាំ២០១៣ ដែលនេះមានតម្លៃជាប្រវត្តិសាស្ត្រ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត សម្រាប់យុវជនក្នុងការទទួលបាននូវចំណេះដឹងទាំងផ្នែកស្នាដៃនិពន្ធសៀវភៅ និងការចាប់ផ្តើមសកម្មភាពនយោបាយរបស់អ្នកបន្តវេននៅក្នុងសង្គមកម្ពុជា។
នៅចំពោះមុខបណ្តាអ្នកសារព័ត៌មានជាច្រើនស្ថានប័ន លោក គី សុខលីម បានបញ្ជាក់ថា សម្រាប់ការបោះពុម្ពផ្សាយសៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» គឺអង្គភាពសារព័ត៌មានថ្មីៗ គឺជាអ្នកធានារ៉ាប់រងទាំងស្រុងទៅលើការបោះពុម្ពសៀវភៅនេះ ខណៈធ្លាប់បានចងក្រង និងបោះពុម្ពសៀវភៅមួយចំនួនរួចហើយ នៅពេលនេះដែរសារព័ត៌មានថ្មីៗ ក៏បានសរសេរ និងបោះពុម្ពសៀវភៅចំនួន២ចំណងជើងទៀតដែរគឺ «អ្នកថែអង្គរ» និង «ប្ដូរការការគិត ជីវិតរុងរឿង»។
លោក លាង ដឺលុច ក៏បានបង្ហាញការសប្បាយចិត្ត និងជឿជាក់ថាអ្នកអានសៀវភៅនេះ ប្រាកដជាបានស្គាល់ទឹកចិត្ត គំនិត សេចក្តីស្នេហាចំពោះប្រទេស និងប្រជាជន របស់តួអង្គ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកនយោបាយបន្តវេនមួយរូប បានយ៉ាងច្បាស់។
បើតាមអ្នកនិពន្ធរូបនេះ បានអះអាងយ៉ាងដូច្នេះថា៖ «នៅពេលដែលលោកអ្នកអានសៀវភៅនេះ លោកអ្នកនឹងស្គាល់អំពីអត្តចរិត របៀបនៃការពិចារណារបស់ឯកឧត្តម ហ៊ុន ម៉ានី, ជីវភាពខ្លះៗរបស់គ្រួសារនាយកនាយករដ្ឋមន្ត្រី ជាពិសេសជីវិតរបស់ឯកឧត្តម ម៉ានី»។
អ្នកនិពន្ធដដែលបានគូសបញ្ជាក់ថា៖ «តួអង្គ ហ៊ុន ម៉ានី ក៏រស់ នៅក្នុងសម្ពាធនៃការរិះគន់ពីមតិជាច្រើន ដែលសម្លឹងមើលលោកត្រឹមតែជាកូននាយករដ្ឋមន្ត្រី ដែលមានបុព្វសិទ្ធិជាច្រើន។ ផ្ទុយទៅវិញ ព្រោះតែជាកូនមេដឹកនាំកំពូលនេះហើយ ដែលឯកឧត្តម ម៉ានី ត្រូវធ្វើការកាន់តែច្រើន ដើម្បីកិត្តិយសគ្រួសារផង និងដើម្បីអាចបង្កើតបានកន្លែងឈរ ជើងសម្រាប់ខ្លួនឯងក្នុងនាមជាអ្នកនយោបាយបន្តវេនដ៏មានឥទ្ធិពលផង»។
លោក គី សុខលីម បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមេសានេះ សៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» បានលក់ចេញអស់ជាង ៣ពាន់ក្បាលហើយ បន្ទាប់ពីបើកលក់នៅលើសារព័ត៌មានឌីជីថលថ្មីៗ (thmeythmey.com) កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២៕