ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារ ជាមួយអគ្គសេនាធិការចម្រុះកងកម្លាំងស្វ័យការពារជប៉ុន

119
UI Promtion 2021

(ភ្នំពេញ)៖ ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះនៃកងកម្លាំងស្វ័យការពារជប៉ុន ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ របស់គណៈប្រតិភូនៃកងកម្លាំងស្វ័យការពារជប៉ុននៅកម្ពុជា នៅទីបញ្ជាការកងទ័ពជើងគោក។
ក្នុងនាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ មកកាន់កម្ពុជា និងបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ នឹងផ្តល់នូវសន្ទុះថ្មីមួយទៀតនៃការបេ្តជ្ញាចិត្ត របស់ប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ក្នុងការជំរុញនិងលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំ។

ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាជាមួយគ្រប់បណ្តាប្រទេសជាមិត្ត រួមទាំងប្រទេសជប៉ុនផ្ទាល់ នៅក្នុងការចូលរួមចំណែកដល់ការពង្រឹងទំនុកចិត្តក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេស និងប្រទេស ក៏ដូចជាប្រជាជននិងប្រជាជន។ ក្នុងន័យនេះកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនជានិច្ចក្នុងការបន្តពង្រឹង និងពង្រីករាល់កិច្ចសហប្រតិបត្តិការគ្រប់កម្រិត ជាពិសេសការជំរុញ ឱ្យមានទំនាក់ទំនងជាក់ស្តែងរវាងអង្គភាព និងអង្គភាព តាមរយៈសកម្មភាពមួយចំនួនដូចជា៖ ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការចែករំលែកបទពិសោធន៍ និងលំហាត់រួម ជាដើម។
ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងកម្លាំងស្វ័យការពារជប៉ុន ដែលជាមិត្តដ៏ល្អ រហូតមក និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រកម្ពុជាក្នុងគ្រប់ដំណាក់កាលទាំងអស់ រាប់ចាប់ពីការទទួលស្គាល់ឯករាជ្យ, ការស្វែងរកសន្តិភាព និងដំណើការកសាង និងអភិវឌ្ឍកម្ពុជាក្រោយសម័យសង្គ្រាម។
នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ ក៏បានសម្តែងនូវក្តីរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលនេះគឺជាការសម្រេច តាមបំណងប្រាថ្នា ដែលបានគិតទុក ជាយូរមកហើយ និងស្របពេលដែលឆ្នាំ២០២២នេះ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកយ៉ាងសកម្មផងដែរ។
តាមរយៈដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះនាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ ដែលអាចឆ្លុះបញ្ចាំងបានអំពីចំណងមិត្តភាពដ៏រឹងមាំប្រកបដោយទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ក្នុងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងមួយនេះ ហើយក្នុងនាមជាអគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ ក៏នឹងបន្ត គាំទ្រជំរុញ ទំនាក់ទំនងរវាងកងទ័ពទាំងពីរឱ្យកាន់តែមានកម្រិតខ្ពស់ឡើងបន្ថែមទៀត ជាពិសេសការចូលរួមចំណែកជួយដល់ការពង្រឹង សមត្ថភាពរបស់កងទ័ពជើងគោក កម្ពុជា។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះគឺស្របពេលដែលក្នុងឆ្នាំ២០២២នេះ កម្ពុជា-ជប៉ុន បានប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងម្លាំងស្វ័យការពារជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដោយក្នុងនេះមានការរៀបចំកម្មវិធីជាច្រើនរួមមាន៖ ដំណើរទស្សនកិច្ចផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៅក្នុងប្រទេសជប៉ុន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ និងពិធីប្រារព្ធខួប ដោយមាន ការចូលរួមរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងការចូលចតនាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ ដែលអមដោយទស្សនកិច្ចនៅកំពង់ ផែយោធារាម កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅផងដែរ៕