សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ

139
UI Promtion 2021

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ. ជ.ប)បានថ្លែងអរគុណ ចំពោះរាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលបានផ្តល់កិច្ចសហការជាមួយ(គ.ជ.ប)ក្នុងការរៀបចំផែនការអន្តរស្ថាប័នស្តីពីកិច្ចការពារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ ក្នុងគោលបំណងធានាពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតដែលត្រូវរៀបចំចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ឱ្យប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម គ្មានការបំភិតបំភ័យ គម្រាមកំហែង និងអំពើហិង្សា។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានមានប្រសាសន៍សម្តែងនូវក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤។
សម្តេចក្រឡាហោម មានប្រសាសន៍បន្តទៀតថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ)ត្រូវបានសម្រេចដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដើម្បីបំពេញតួនាទីធានាសុវត្ថិភាព និងសន្តិសុខ បម្រើឱ្យកិច្ចការងារបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានលេខាធិការដ្ឋានមួយជាសេនាធិការ។ លើសពីនេះទៀត សម្តេចក្រឡាហោម បានបញ្ជក់បន្ថែមថា អំពីកិច្ចការងារដែលគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) ត្រូវធ្វើ គឺធ្វើយ៉ាងណាឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់សម័យកាលបោះឆ្នោតសំដៅពង្រឹងនីតិរដ្ឋតាមគោលការណ៍ប្រជាធិបតេយ្យ។
សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមថា ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនលើក និងនាពេលខាងមុខ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រប្រកបដោយមោទកភាពជាតិដែលជាសក្ខីភាព នៃឆន្ទៈនយោបាយ ដើម្បីភាពសុខក្សេមក្សាន្ត សំបូររុងរឿង ព្រមទាំងការលើកកម្ពស់មុខមាត់ជាតិលើឆាកអន្តរជាតិ៕