ឯកឧត្តម ហ៊ុន ម៉ានីបានលើកឡើងថា ពីរឆ្នាំចុងក្រោយនេះ ខ្មែរប្រឹងប្រែងលើគ្រប់មូលដ្ឋាន គ្រប់វិស័យដោយមិនសំចៃដៃ ដើម្បីធានាបាននូវអាយុជីវិត និងសុខុមាលភាពប្រជាពលរដ្ឋ

87
UI Promtion 2021

(កំពង់ស្ពឺ)៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា រយៈពេល២ឆ្នំាចុងក្រោយនេះ ខ្មែរខំប្រឹងប្រែងលើគ្រប់មូលដ្ឋាន គ្រប់វិស័យ គ្រប់លទ្ធភាព ដែលខ្មែរធ្វើបានដោយមិនសំចៃដៃ ធ្វើយ៉ាងណាធានាបាននូវសេចក្តីសុខ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មកទល់សព្វថ្ងៃនេះ ហើយខ្មែរពិតជាធ្វើបានពិតមែន។
ការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជាចំនួន៥០២នាក់ មកពី១៥ឃុំនៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីលោក សត្យា វុធ សមាជិកគណៈកម្មាធិការកណ្តាល និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ចុះជួយស្រុកបសេដ្ឋ, លោក អៀង ម៉ូលី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយស្រុកបសេដ្ឋ, លោក សំ រិទ្ធី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានអនុគណកម្មការផ្នែកច្បាប់ និងនីតិវិធី នៃគណៈបទបញ្ជាយុទ្ធនាការបោះឆ្នោត រួមជាមួយលោក លោកស្រី ក្រុមការងារចុះជួយស្រុកបសេដ្ឋ និងភ្នាក់ងារគណបក្សចំនួន៥០២នាក់ មកពី១៥ឃុំ នៃស្រុកបសេដ្ឋ។
ឯកឧត្តម ហ៊ុន ម៉ានី បានរំឮកពីស្ថានភាពកាលពី២ឆ្នាំមុនថា «យើងកំពុងរវល់ដឹកនាំប្រទេសជាតិឲ្យរីកចម្រើន ប្រយុទ្ធជាមួយជំងឺកូវីដ១៩ផង បែរជាក្រុមមនុស្សខ្លះគិតតែពីបង្ករឿង បង្កសកម្មភាពពាលាអាវ៉ាសែ ពេលនេះប្រមាណ២ឆ្នាំមុនពលរដ្ឋខ្មែរ បានជួបកាលៈទេសៈការបិទខ្ទប់ ឬការរិតត្បិតសកម្មភាពប្រចាំនានា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ប្រាកដណាស់ថា យើងជួបប្រទះការលំបាកជាមួយគ្នា ប៉ះពាល់ដល់ប្រយោជន៍ និងជីវភាពប្រចាំថ្ងៃគ្រប់ៗគ្នា តែយន្តការទាំងអស់នោះ ជាការសម្រេចចិត្តដោយបង្ខំ និងពិតជាពិបាក។ ប៉ុន្ដែពីរឆ្នាំចុងក្រោយនេះ ខ្មែរយើងខំប្រឹងប្រែងជាមួយគ្នាខ្លាំងណាស់ លើគ្រប់មូលដ្ឋាន គ្រប់វិស័យ គ្រប់លទ្ធភាព ដែលខ្មែរធ្វើបានដោយមិនសំចៃដៃ ធ្វើយ៉ាងណាធានាបាននូវសេចក្តីសុខ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរ ដ្ឋមកទល់សព្វថ្ងៃនេះហើយខ្មែរពិតជាធ្វើបាន»។
ឯកឧត្តមតំណាងរាស្ត្របានថ្លែងអំណរគុណ ចំពោះការសហការដ៏ស្អិតរមួត របស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាដៃគូផ្សេងៗ ជាមួយរាជរដ្ឋាភិបាល ដែលធ្វើឲ្យកម្ពុជារក្សាបាននូវលំនឹងសេដ្ឋកិច្ច និងអាចត្រឡប់មកនូវស្ថានភាពដើមវិញ។ លោកលើកឡើងថា «យើងក្រុមគ្រួសារខ្មែរ រួមសុខរួមទុក្ខ រួមគ្នារីកចម្រើនទៅមុខជាមួយគ្នាជាមួយប្រជាជនកម្ពុជា»។
សូមជម្រាបថា ក្រៅពីការធ្វើរបាយការណ៍ស្ថានភាពទូទៅ នៃកិច្ចការងារគណបក្សសម្រាប់ស្រុកបសេដ្ឋ ពិធីសំណេះសំណាលនេះមានការបញ្ចូលបន្ថែម នូវបទបង្ហាញអំពីចំណុចសំខាន់ៗ នៃទិដ្ឋភាពច្បាប់ បទបញ្ជា និងនីតិវិធី ចែករំលែកដល់អ្នកចូលរួមទាំងអស់ ជាជំនួយ និងការពារភាពស្របច្បាប់ ជូនគណបក្សប្រជាជនកម្ពុជា ក្នុងដំណើរការសង្កេតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ ក្នុងពេលខាងមុខនេះ៕