សម្ដេចក្រឡាហោម ស ខេង៖ គណបក្សប្រជាជនកម្ពុជា ប្រកាន់គោលជំហរបំរើផលប្រយោជន៍រួម មិនប្រកាន់បក្សពួកដែលប្រាសចាកពីច្បាប់រដ្ឋ និងគោលការណ៍គណបក្សឡើយ

77
UI Promtion 2021

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខេមេសា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីពិធីសម្ពោធអគារទីស្នាក់ការ និងសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ក្រុងព្រៃវែង ខេត្តព្រៃវែង។
លោកស៊ិនសារ៉ាត់ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងព្រៃវែងបានធ្វើរបាយការណ៍ថាជាទូទៅសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជានិងមហាជនក្នុងក្រុងព្រៃវែងនៅតែដឹងគុណនិងជឿជាក់លើសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជានិងអរគុណសម្ដេចក្រឡាហោមអនុប្រធានគណបក្សដែលបានដឹកនាំប្រទេសនិងផ្ដល់ការគាំទ្រដល់ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោកបន្តថាអគារស្នាក់ការគណបក្ស និងសមិទ្ធផលនានាដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ ស្ថិតនៅលើទីតាំងដីទទឹង២៨ម៉ែត្រ បណ្ដោយ៥៨ម៉ែត្រ និងចាប់បញ្ចុះបឋមសិលាកាលពីថ្ងៃទី៩ ខែតុលាឆ្នាំ២០២១ក្នុងនោះរួមមានការចាក់ដីសម្អាតទីតាំងនិងដាំដើមឈើការសាងសង់អគារទទឹង១២ម៉ែត្រ បណ្ដោយ២៤ម៉ែត្រ ស្ថាបនាផ្លូវបេតុងចេញចូលទីស្នាក់ការ បន្ទប់ទឹកនិងផ្ទះបាយ ដងទង់ជាតិ និងតារាងកីឡាប៊ូល សរុបថវិកាជាង១២ម៉ឺន៥ពាន់ដុល្លារ។
សម្ដេចក្រឡាហោមសខេងបានសម្ដែងក្ដីសង្ឃឹមថាអគារទីស្នាក់ការគណបក្សថ្មីនេះនឹងរួមចំណែកដល់ការកសាងកម្លាំងនយោបាយគណបក្សប្រជាជនកម្ពុជាក្នុងក្រុងព្រៃវែងនិងខេត្តព្រៃវែងនិងបានបន្ថែមថា«ទីនេះមិនមែនជាកន្លែងអង្គុយស្រណុកស្រួលនៃមន្រ្តីថ្នាក់ដឹកនាំគណបក្សក្រុងប៉ុណ្ណោះទេតែជាកន្លែងផ្ដល់សេវាដោះស្រាយសំណូមពរ សំណើនានារបស់ប្រជាពលរដ្ឋជាពិសេសសមាជិកសមាជិការគណបក្សជួបនៅបញ្ហានានាក្នុងជីវភាពរស់នៅឬបញ្ហាផ្សេងៗទៀត»។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាបានដឹកនាំគ្រប់គ្រងប្រទេសជាតិរយៈពេលជាង៤០ឆ្នាំមកហើយបើគិតត្រឹមតែពីឆ្នាំ១៩៧៩ដោយសារមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប និងក៏ដោយសារគណបក្សបានប្រកាន់ឧត្តមគតិរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ពោលគឺមិនមែនមានតែគោលការណ៍ឬគោលនយោបាយនោះទេតែគណបក្សបាននិងកំពុងប្រកាន់ខ្ជាប់ឧត្តមគិតិស្នេហាជាតិ ស្នេហាប្រជាជន និងគោរពរដ្ឋធម្មនុញ្ញ។
សម្ដេចបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានប្រកាន់គោលជំហរបំរើផលប្រយោជន៍រួម មិនប្រកាន់បក្សពួកដែលប្រាសចាកពីច្បាប់រដ្ឋនិងគោលការណ៍គណបក្សឡើយ។
សម្ដេចបន្ថែមថា« មិនអាចឯងគាំទ្រអញ ទោះឯងធ្វើអីខុសក៏មិនយកទោសពៃដែរ មិនបានទេ! ព្រោះការដឹកនាំ និងគ្រប់គ្រងត្រូវមានគោលការមួយដែលត្រូវគោរព គឺច្បាប់ ឬបើនិយាយពីគណបក្សគឺបន្ទាត់នយោបាយគណបក្ស និងលក្ខន្តិកៈគណបក្ស»។