កិច្ចប្រជុំជាមួយអង្គការយូនីស្វែហ និងអង្គការយូណេស្កូ ស្ដីអំពីសន្និបាតអង្គការសហប្រជាជាតិលើវិស័យអប់រំ

267
UI Promtion 2021

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំជាមួយអង្គការយូនីស្វែហ និងអង្គការយូណេស្កូ ស្ដីពីសន្និបាតអង្គការសហប្រជាជាតិលើវិស័យអប់រំ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួងអប់រំ តំណាងពីអង្គការយូនីស្វែហ និងអង្គការយូណេស្កូផងដែរ។

ក្នុងកិច្ចប្រជុំនេះ ក្រុមការងារអង្គការយូនីស្វែហ និងអង្គការយូណេស្កូ បានលើកឡើងពីគម្រោងកិច្ចប្រជុំសន្និបាតអង្គការសហប្រជាជាតិលើវិស័យអប់រំ និងផែនការដែលប្រតិភូពីប្រទេសកម្ពុជា ត្រូវរៀបចំដែលតម្រូវឱ្យមានការពិគ្រោះយោបល់នៅថ្នាក់ជាតិ សេចក្ដីព្រាងលើផែនការបង្ហាញផ្លូវនៅឆ្នាំខាងមុខ ក៏ដូចជាសមិទ្ធិផលដែលប្រទេសកម្ពុជាបានសម្រេចលើវិស័យអប់រំ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ អង្គការយូនីស្វែហ និងអង្គការយូណេស្កូ ដែលចំណាយពេលវេលា មកពិភាក្សាការងារទាក់ទងទៅនឹង សន្និបាតអង្គការសហប្រជាជាតិលើវិស័យអប់រំ។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី ក៏បានយល់ព្រម និងគ្រោងរៀបចំកិច្ចប្រជុំចំនួន២ នៅខែខាងមុខ ដើម្បីរៀបចំឯកសារនានា ដាក់ជូនថ្នាក់ដឹកនាំ ក្នុងការត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រជុំសន្និបាតអង្គការសហប្រជាជាតិលើវិស័យអប់រំ នៅពេលខាងមុខ៕