សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើបុណ្យឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី (Video inside)

192
UI Promtion 2021

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ នៅថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី ដែលត្រូវជាមាតា-បិតាក្មេក មាតា-បិតាបង្កើត និងជាជីដូន-ជីតា។

ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលនេះ រៀបចំធ្វើឡើងនៅវត្តមុន្នីសុវណ្ណ ហៅវត្តជំពុះក្អែក។ នៅក្នុងពិធីបុណ្យនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មកពីតាមក្រសួងស្ថាប័នមួយចំនួនទៀត។

ពិធីបុណ្យត្រូវបានប្រារព្ធធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងសាច់ញាតិ បានបូជាផ្កាភ្ញីដល់ព្រះរតនត្រ័យ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ និងសាច់ញាតិ ក៏បានរៀបចំពិធីរាប់បាត្រ វេរប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ។

ជាកិច្ចបន្ទាប់សម្តេចព្រះសង្ឃនាយក សម្តេចព្រះនាយករង បានសូត្រមន្តបង្សុកូល ប្រមូលនូវមហាបុណ្យកុសលនានា ឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី។

បន្ទាប់ពីបានឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ហើយនោះ សម្តេចព្រះសង្ឃនាយក និង សម្តេចព្រះនាយករង ក៏បានសូត្រពុទ្ធជ័យប្រសិទ្ធី និងប្រោសព្រំជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ និងសាច់ញាតិ ព្រមទាំងអ្នកចូលរួមក្នុងវិធីទាំងអស់ ឱ្យបានជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន ចៀសផុតពីគ្រោះកាចទាំងឡាយ និងបានប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលំកុំបីឃ្លៀងឃ្លាត។

សូមបញ្ជាក់ថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព នៅវេលាម៉ោង ២៖១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែរពីគេហដ្ឋានក្នុងរាជធានីភ្នំពេញ ទៅបញ្ចុះនៅស្រុកកំណើតក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។

មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់ដ៏ធំធេងនូវពុទ្ធសាសនិកមួយរូប ពោរពេញដោយសេចក្ដីបរិសុទ្ធក្នុងព្រះធម្ម ដែលបានបរិច្ចាគនូវទ្រព្យ និងកម្លាំងកាយចិត្ត ប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត ក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា។

មរណភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ក៏ជាការបាត់បង់នូវមាតា មាតាក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ស្មើជីវិត ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់ គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅ បានក្លាយជាពលរដ្ឋល្អ បញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាមនុញ្ញផល មិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានប្រសូតនៅថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស ២៤៦៨ ត្រូវនឹងថ្ងៃទី0៤ ខែឧសភា ឆ្នាំ១៩២៥ នៅក្នុងគ្រួសារ កសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ។

បិតានាម ឱក ប៊ុន មាតានាម ណៃ ហួយ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ជាបុត្រីទី២ ក្នុងចំណោមបងប្អូន ៤នាក់ ក្នុងនោះមានស្រី ៣រូប និងប្រុស ១រូប។ កាលពីកុមារ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មិនបានចូលរៀនសូត្រទេ លោកបានចំណាយពេលយុវវ័យ ដើម្បីតែជួយការងារមាតា បិតា នៅក្នុងគ្រួសារក្នុងការប្រកបរបរធ្វើចំការ ។

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានរៀបអាពាហ៍ពិពាហ៍ជាមួយ ឧបាសក លីន គ្រី នៅឆ្នាំ១៩៤៣ នៅក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។ ពីចំណងអាពាហ៍ពិពាហ៍នោះ អ្នក ឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា មានបុត្រា បុត្រី ចំនួន ៥រូប រួមមាន៖ លោកស្រី ប៊ុន សាមលេន, លោក គ្រី ទូច, លោក គ្រី សុខហាក់ ស្លាប់នៅក្នុងរបបប៉ុលពត, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងលោកស្រី ប៊ុន សុថា។

ពេលនៅមានជន្មាយុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ជាពុទ្ធសាសនិកជនមួយរូបពោរពេញដោយសទ្ធាជ្រះថ្លា ដោយបានចូលរួមចំណែកកសាងសមិទ្ធផលជាច្រើន តម្កល់ជាឧត្តមប្រយោជន៍សម្រាប់ព្រះពុទ្ធសាសនា។ ក្រៅពីជាពុទ្ធសាសនូបត្ថម្ភដ៏ឧត្តមមួយរូបហើយ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានចូលរួមធ្វើកិច្ចការមនុស្សធម៌នៅក្នុងសង្គមជាច្រើនទៀតផងដែរ៕