អតីត​បក្ស​សង្គ្រោះ​ជាតិ ប្រកាស​កាត់កាល សម រង្ស៊ី

ភ្នំពេញ​៖ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​កាលពីថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ថា លោក​សមរង្ស៊ី មិនមែនជា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀតឡើយ​។ នោះ​គឺ​ចាប់តាំងពី​បានប្រកាស​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស និង​លះបង់​សមាជិកភាព កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៨ លោក​សមរង្ស៊ី លែងមាន​សិទ្ធិអំណាច​អ្វី​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀតហើយ​។​

សេចក្តីប្រកាស​ដដែល លើកឡើងថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មានតែ​ម្នាក់​គត់ គឺ​លោក កឹម​សុខា ហើយ​ត្រូវបាន​តំណាង​ស្របច្បាប់​ដោយ​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​របស់លោក​កឹម​សុខា ដែលជា​អ្នកមាន​សិទ្ធិ​ចាត់ចែង គ្រប់គ្រង សម្រេច​លើ​យុទ្ធសាស្ត្រ​នយោបាយ ក៏ដូចជា ការសម្រេចចិត្ត​នានា ទាក់ទង​នឹង​ជោគវាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ទង្វើ​របស់លោក​សមរង្ស៊ី ដែល​បាន​ព្យាយាម​ដណ្តើមយក​ឥទ្ធិពល​លើ​ការគ្រប់គ្រង​បក្ស​ឡើងវិញ និង​ខិតខំ​ចាត់ចែង​ការងារ​ជំនួស​ប្រធាន​គណបក្ស ខណៈ​ខ្លួន ( លោក​សមរង្ស៊ី ) បាន និង​កំពុង​ដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​មួយ ដែល​អាជ្ញាធរ​កម្ពុជា កំពុង​ចោទថា ជា​ចលនា​ឧទ្ទាម​ខុសច្បាប់​។​

អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ទាំង​ការអត្ថាធិប្បាយ​នៅលើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ក៏ដូចជា​ការផ្តល់​បទ​សម្ភាសន៍​នៅតាម​បណ្តាញសារព័ត៌មាន​នានា លោក សមរង្ស៊ី បាន​និយាយ​នាំ​តែ​រឿងហេតុ​ឲ្យ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​តែងតែ​ទាញ​ភ្ជាប់​ខ្លួន​នឹង​លោក​ប្រធាន កឹម សុខា ជានិច្ច ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ការរក្សា​នូវ​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព​ក្នុងចំណោម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​នាំទុក្ខ និង​បញ្ហា​កាន់តែខ្លាំង​ដល់​រូបលោក​កឹម​សុខា ផ្ទាល់ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​។ ចំណែក​លោក​សមរង្ស៊ី នៅ​សើច​សប្បាយ​នៅក្រៅ​ប្រទេស​។​

ជាមួយនឹង​ការលើកឡើង​ខាងលើ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ស្វាគមន៍​ការដោះលែង​លោក គឹម​សុខ អ្នកវិភាគ​ឯករាជ្យ លោកស្រី ទេព វ​ន្នី សកម្មជន​ដីធ្លី និង​ចុង​ក្រោយនេះ សម្រេច​ដោះលែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី ២​នាក់​។ នៅ​ថ្ងៃ​ពុធ ទី​២២ ខែសីហា ឆ្នាំ​២០១៨ តុលាការ​កំពូល នឹង​ជំនុំជម្រះ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់លោក​កឹម​សុខា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ សង្ឃឹមថា តុលាការ​នឹង​ដោះលែង​លោក​ប្រធាន កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​បន្ធូរបន្ថយ​បរិយាកាស និង​ដោះស្រាយ​វិបត្តិ​នយោបាយ​នាពេល​បច្ចុប្បន្ន​៕​