ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានានៅក្នុងវត្តកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង

106
UI Promtion 2021

(ស្វាយរៀង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តកំពង់ត្រាច ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានអបអរសាទចំពោះសមិទ្ធផលជាច្រើនដែលបានកើតមានទ្បើងក្នុងទីអារាមនេះ និងបានកោតសរសើរចំពោះស្មារតីសាមគ្គីភាពប្រកបដោយទឹកចិត្តសប្បុរស របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែក កសាងលើក ស្ទួយព្រះពុទ្ធសាសនា។ ឯកឧត្តមបន្តថា សមិទ្ធផលជាកេរដំណែលនេះ នឹងបន្តស្ថិតនៅគង់វង្សច្រើនជំនាន់ទៅមុខទៀត ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋបានប្រើប្រាស់ជួបជុំធ្វើបុណ្យទានទៅតាមគន្លងប្រពៃណីសាសនា។

 

ឯកឧត្តមក៏បានថ្លែងការអរគុណក្រុមការងារគណបក្ស អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចជាកាលតែងរួមសាមគ្គីគ្នាបម្រើប្រជាពលរដ្ឋជាប់ជាប្រចំាតាមគ្រប់រូបភាព សំដៅធានា បាននូវការស្វែងយល់ផ្ទាល់អំពីកម្រិតជីវភាព ភាពស្និទ្ធស្នាល និងស្រលាញ់ជឿជាក់របស់ប្រជាពលរដ្ឋ និងបានលើកទឹកចិត្តឱ្យបន្តការងារដ៏ពិសិដ្ឋនេះឱ្យរឹតតែល្អប្រសើរឡើងបន្ថែមទៀត ជាការឆ្លើយតបនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានផ្តល់ជូន។

ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ ឯកឧត្តមបានលើកឡើងថា ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា គឺកើតឡើងដោយសារការដឹកនាំដ៏មានទេពកោសល្យខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ ព្រមជាមួយនឹងការចូលរួមដោយប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការអនុវត្តនូវរាល់ ការណែនាំ របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ កត្តាទាំងនេះ បង្ហាញអំពីភាពខ្លាំងក្លានៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ នាំឱ្យយកឈ្នះសត្រូវដែលមើលពុំឃើញ ហើយកាចសាហាវមួយនេះ ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះនឹងបន្តយូរអង្វែងទៅទៀតក្រោមការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។

 

យោងតាមរបាយការណ៍របស់អភិបាលស្រុករមាសហែក បានឲ្យដឹងថា ព្រះវិហារវត្តកំពង់ត្រាច កសាងពីឆ្នាំ១៩៥៣ ដល់ឆ្នាំ២០១៥ មានរយៈ៦២ឆ្នាំ តែដោយមានសភាពទ្រុឌទ្រោមខ្លាំង ត្រូវបានឯកភាពរុះរើនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ ដើម្បីចាប់កសាងព្រះវិហារថ្មី ដោយមានការដឹកនាំកសាងពីព្រះគ្រូសិរីធមៈ សៅ សាន គង់នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) សពឯកឧត្តម ហ៊ឹម ឆែម អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ លោក លី វាសនា ស្នងរូបព្រះរហ៊ូអសុរិន្ទ នៅភ្នំពេញ ព្រមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងអស់

បានបញ្ចុះបឋមសិលាព្រះវិហារ នៅថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំមមែ ព.ស២៥៥៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥។

ក្នុងការកសាងព្រះវិហារថ្មីនេះ សម្រេចបាន១០០ភាគរយ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១ ដែលព្រះវិហារមានទំហំបណ្តោយ ៤៤ម៉ែត្រ ទទឹង ២៣ម៉ែត្រ កម្ពស់៣៦ម៉ែត្រ ហើយចំពោះថវិកាកសាងព្រះវិហារនេះ បានចំណាយអស់ ៦២៨,៣៣២.៤ ដុល្លារ៕