ឯកឧត្តម ជា សុផារ៉ា បានថ្លែងថាកំពង់ផែទឹកជ្រៅជាពហុបំណង និងទំនើបលំដាប់អន្តរជាតិ នៅក្នុងតំបន់អាស៊ាន អាចឱ្យនាវាចំណុះ ១០០ ០០០ តោន ចូលចតបាន

200
UI Promtion 2021

កំពត៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្ដីប្រកាសព័ត៌មានថា នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងវិនិយោគមជ្ឈមណ្ឌលភស្ដុភាកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក ស្ថិតនៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

បើតាមឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , ក្រុមហ៊ុនកំពត ឡូជីស្ទីក អេនផត ឯ.ក បានទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅលើដីឯកជនរបស់ក្រុមហ៊ុនដែលមានទំហំសរុប ៦០០ហិកតា គ្រោងប្រើទុនវិនិយោគសរុបប្រមាណ ១៥០០លានដុល្លារអាមេរិក ដោយត្រូវអនុវត្តជា ៣ ដំណាក់កាល។ គម្រោងនេះស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត នឹងបង្កើតនូវ ៖ ១- កំពង់ផែទឹកជ្រៅពហុបំណងដ៍ធំមួយទៀតនៅកម្ពុជា និងទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់ អាស៊ាន ដែលអាចឱ្យនាវាចំណុះ ១០០ ០០០ តោន ចូលចតបាន។

២- តំបន់សេដ្ឋកិច្ចពិសេស ដែលមានតំបន់ពាណិជ្ជកម្មសេរី ទីលានកុងតឺន័រ មជ្ឈមណ្ឌលភស្តុភារកម្មឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិតនិងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនះ និងមជ្ឈមណ្ឌលប្រេងឥន្ធនះ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរ។

គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត នឹងបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលជូនប្រជាពលរដ្ឋប្រមាណ ១០,០០០កន្លែង នៅពេលដាក់ឱ្យដំណើការ ព្រមទាំងជួយ ឱ្យសម្រេចឱ្យបានជោគជ័យនូវ “ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនិងគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកដាក់ ផ្ទេរទំនិញចេញ-ចូលទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំ មកនូវភាពងាយស្រួលនិងប្រសិទ្ធភាពខ្ពស់ដល់ពាណិជ្ជករ និងអ្នកវិនិយោគក្នុងការនាំចេញផលិតផល កសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារក្នុងតំបន់ និងពិភពលោក ដូចជា ចូលរួមចំណែក អភិវឌ្ឍវិស័យភស្តុភារកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិង អភិវឌ្ឍសេដ្ឋកិច្ចជាតិ រួមចំណែកជំរុញសម្រេចគោលដៅ “ប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០” ៕