ឯកឧត្តមហ៊ុនម៉ាណែត៖ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោរួមនិងកម្លាំងមហាសាមគ្គីជាតិខ្មែរធ្វើឱ្យកម្ពុជាជោគជ័យលើការគ្រប់គ្រងហានិភ័យនៃជំងឺកូវីដ-១៩

86
UI Promtion 2021

(ភ្នំពេញ)៖ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតមានប្រសាសន៍ថាកត្តាជោគជ័យលើការគ្រប់គ្រងហានិភ័យបង្កទ្បើងដោយជំងឺកូវីដ១៩នៅកម្ពុជាគឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោរួមជាមួយកម្លាំងមហាសាមគ្គីជាតិខ្មែរពីគ្រប់មជ្ឈដ្ឋាន ដែលបង្កើតលទ្ធភាព សមត្ថភាព និងលទ្ធផលដ៏ល្អត្រចះត្រចង់នៅក្នុងបុព្វហេតុការងារដ៏មានតម្លៃបំផុតដែលពាក់ព័ន្ធដល់ជោគវាសនាស្លាប់រស់របស់ជាតិ និងប្រជាជនយើង។
ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហៅកាត់ថា (TYDA)បានមានប្រសាសន៍បញ្ជាក់បែបនេះកាលពីរសៀលថ្ងៃទី០៥ខែឧសភាឆ្នាំ២០២២ក្នុងឱកាសដែលឯកឧត្តមរួមនឹងលោកជំទាវបណ្ឌិតពេជចន្ទមុន្នីអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលថ្លែងអំណរគុណនិងពិសារអាហារសាមគ្គីជាមួយគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលដឺព្រីមៀរសែនសុខរាជធានីភ្នំពេញ។
ក្នុងឱកាសប្រកបដោយភាពអធិកអធមនិងសប្បាយរីករាយនោះឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតបានសម្តែងនូវការអបអរសាទរចំពោះកត្តាជោគជ័យលើការគ្រប់គ្រងហានិភ័យបង្កទ្បើងដោយជំងឺកូវីដ១៩នៅកម្ពុជាទាំងផ្នែកសុខភាពសាធារណៈនិងផ្នែកសង្គមសេដ្ឋកិច្ចគឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោរួមជាមួយកម្លាំងមហាសាមគ្គីជាតិខ្មែរពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតបានថែ្លងអំណរព្រះគុណថ្វាយជូនព្រះមហាក្សត្រជីវិតតម្កល់លើត្បូងនិងព្រះវររាជមាតាជាតិខ្មែរ ដែលតែងតែឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ ដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងអរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីដែលបានយកអស់កម្លាំងកាយចិត្តមិនថាយប់ឬថ្ងៃធ្វើការដឹកនាំបញ្ជាផ្ទាល់ជាមួយនឹងការសម្រេចអារកាត់រហ័សទាន់ពេលវេលា និងប្រកបដោយយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានសម្តែងនូវការអរគុណដល់គ្រប់ស្ថាប័នពាក់ព័ន្ធនិងប្រតិបត្តិកររាប់ពាន់នាក់នៅទូទាំងប្រទេសដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចភាពនឿយហត់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីការពារសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមក៏បានអរគុណផងដែរដល់សប្បុរសជនជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសដែលបានឧបត្ថម្ភគាំទ្រទាំងថវិកាស្មារតីនិងសម្ភារដល់យុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់និងគ្រប់គ្រងការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
ជាចុងក្រោយឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការបូជាលះបង់និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ១៩នៅក្នុងកលៈទេសៈដែលជាតិត្រូវការបំផុត។ ការចូលរួមប្រកបភាពអង់អាចក្លាហាននិងទឹកចិត្តមនុស្សធម៌នេះពិតជាបានបង្កើតលទ្ធភាពសមត្ថភាពនិងលទ្ធផលដ៏ល្អត្រចះត្រចង់នៅក្នុងបុព្វហេតុការងារដ៏មានតម្លៃបំផុតមួយនេះដែលពាក់ព័ន្ធដល់ជោគវាសនាស្លាប់រស់របស់ជាតិ និងប្រជាជនយើង៕