ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតអញ្ជើញសម្ពោធឆ្លងមហាកុដិភ្លោះនិងសមិទ្ធផលនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ខេត្តកំពង់ចាម

87
UI Promtion 2021

(កំពង់ចាម)៖ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធឆ្លងមហាកុដិភ្លោះនិងសមិទ្ធផលនានាក្នុងវត្តសុវណ្ណគិរីរតនៈភ្នំប្រុសស្ថិតនៅភូមិត្រពាំងចារឃុំក្រឡាស្រុកកំពង់សៀមខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់វត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ដែលត្រូវបានចាប់ផ្តើមកសាងនៅក្នុងឆ្នាំ១៩១៨ សម័យអាណានិគមនិយមបារាំង ដោយមានអាយុកាលប្រមាណ១០៤ឆ្នាំមកហើយ ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញស្ទើរខ្ទេចខ្ទីអស់ក្នុងរបបខ្មែរក្រហម ហើយនៅក្រោយការរស់រានឡើងវិញក្នុងឆ្នាំ១៩៧៩ សមិទ្ធផលជាច្រើនត្រូវបានកសាងឡើងវិញ ជាបន្តបន្ទាប់ទៅតាមដំណាក់កាល និងសូមចូលរួមអនុមោទនាត្រេកអរចំពោះការសម្ពោធឆ្លងក្នុងឱកាសនេះនូវមហាកុដិភ្លោះ ព្រមទាំងសមិទ្ធផលនានាជាច្រើនទៀត សម្រាប់បម្រើឲ្យសេចក្តីត្រូវការធ្វើបុណ្យទានរបស់លោកយាយលោកតាប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្ត និងដែលមកពីទីជិតឆ្ងាយ។
លោកថាទីវត្តអារាមជាកន្លែងប្រមូលផ្តុំពុទ្ធសាសនិកជនដែលមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនា សម្រាប់ជួបជុំធ្វើបុណ្យទានបំពេញកុសល,ជាទីពំនាក់អាស្រ័យសម្រាប់អ្នកគ្មានទីពឹងបង្អែក,ជាទីស្នាក់អាស្រ័យរបស់សិស្សានុសិស្សជាកូនចៅរបស់ប្រជាពលរដ្ឋក្រីក្រ,ជាទីបង្អែកខាងផ្លូវចិត្ត,ជាឃ្លាំងផ្ទុកចំណេះដឹង,ជាបណ្ណាល័យនិងជាសារមន្ទីរនៃវប្បធម៌និងអក្សរសាស្រ្តជាតិនាគ្រប់សម័យកាល។
បើតាមលោកហ៊ុនម៉ាណែតការជួបជុំសប្បាយរីករាយនិងឱកាសធ្វើបុណ្យធ្វើទានក៏ដូចជាការកសាងសមិទ្ធផលនានារួមគ្នាដែលយើងកំពុងចូលរួមអបអរសាទរនាពេលនេះគឺជាផ្លែផ្កានៃការអនុវត្តមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលតាំងពីដើមរៀងមកតែងតែឈរនៅក្បែរប្រជាជនរួមសុខរួមទុក្ខជាមួយប្រជាជននៅក្នុងគ្រប់កាលៈទេសៈទាំងក្នុងបុព្វហេតុរំដោះជាតិ, ការពារជាតិ, ស្តារកសាងជាតិ, អភិវឌ្ឍជាតិនិងធានានិរន្តរភាពនៃសន្តិភាពសម្រាប់ជាតិ។ ការដឹកនាំដោយធម៌ គឺសំខាន់ណាស់។ រាជរដ្ឋាភិបាលសព្វថ្ងៃដឹកនាំដោយផ្អែកលើគោលការណ៍នេះសំដៅយ៉ាងណាឱ្យប្រជាពលរដ្ឋចេះរស់នៅដោយធម៌, ចេះគោរពគ្នា,ចេះស្រឡាញ់គ្នា,ចេះជួយយកអាសារគ្នា, មានគុណធម៌, មានសីលធម៌។
លោកហ៊ុនម៉ាណែតបានអះអាងថាការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ក្នុងរយៈកាលជាង៤០ឆ្នាំក៏ដូចជាការបង្កើតនិងថែរក្សាសន្តិភាពពេញលេញជាង ២០ឆ្នាំកន្លងមកនេះ និងការរួមសុខរួមទុក្ខជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងគ្រប់កាលៈទេសៈគ្រោះថ្នាក់ក៏ដូចជាការបង្កើត និងធានានិរន្តភាព នៃឱកាសសម្រាប់បន្តអភិវឌ្ឍ គឺជាសមិទ្ធផលដ៏ធំធេងបំផុតដែលគណបក្សប្រជាជនកម្ពុជាបានបន្សល់ទុកសម្រាប់ប្រជាជនកម្ពុជាក្នុងជំនាន់នេះ និងអ្នកជំនាន់ក្រោយៗតទៅទៀត។
មួយវិញទៀត សមិទ្ធផលទាំងនេះ ក៏ជាផ្នែកមួយនៃការចូលរួមចំណែក មិនអាចខ្វះបានរបស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ តាមរយៈការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឲ្យទៅសាលារៀនដើម្បីឱ្យពួកគាត់ក្លាយខ្លួនជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវលើជោគវាសនាខ្លួនឯង គ្រួសារ សង្គមជាតិ និងចូលរួមកសាងជាតិ ថែរក្សាការពារសន្តិភាព និងសមិទ្ធផលជាតិ និងខិតខំបំពេញកាតព្វកិច្ចជាពលរដ្ឋល្អតាមតួនាទីរៀងៗខ្លួន ជាពិសេសការចូលរួមជ្រើសរើសអ្នកដឹកនាំប្រទេសបានត្រឹមត្រូវ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងអ្នកស្រុកកំពង់សៀមផ្ទាល់ដែលតែងជឿជាក់លើគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលនិងបានចូលរួមក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពរបស់ប្រទេសជាតិយើងជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវទាំងនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន ក្នុងគ្រប់ការបោះឆ្នោតកន្លងមក៕