សម្ដេចហេងសំរិនប្រធានរដ្ឋសភាអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមព្រឹទ្ធាចារ្យហ៊ុនណេងនៅក្រុងកំពង់ចាម

74
UI Promtion 2021

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេងសំរិនប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី០៦ខែឧសភាឆ្នាំ២០២២នេះបានដឹកនាំសមាជិកសមាជិការដ្ឋសភាដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមព្រឹទ្ធាចារ្យហ៊ុនណេងតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមនិងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នាគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សម្តេចប្រធានរដ្ឋសភាមានសេចក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមព្រឹទ្ធាចារ្យហ៊ុនណេងដោយបានចូលរួមសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយអាឡោះអាល័យ ជាទីបំផុតជាមួយក្រុមគ្រួសារនៃសពទាំងអស់ក្នុងការបាត់បង់ស្វាមីឪពុកឪពុកក្មេកនិងជាជីតាដែលជាទីគោរពស្រឡាញ់បំផុត។
មរណភាពឯកឧត្តមព្រឹទ្ធាចារ្យហ៊ុនណេងគឺជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយដែលជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តធនធាននិងបញ្ញា បម្រើប្រទេសជាតិ មាតិភូមិរហូតមក។
សម្តេចពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ បំផុតចំពោះវីរភាពគុណបំណាច់ដ៏ធំធេងក្នុងការចូលរួមចំណែកតស៊ូរំដោះប្រទេសជាតិនិងការអភិវឌ្ឍន៍ជាតិមាតុភូមិគ្រប់កាលៈទេសៈពិសេសបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិនិងរាជរដ្ឋាភិបាលកម្ពុជាក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនាពេលកន្លងមកនិងបានបួងសួងឲ្យវិញ្ញាណក្ខន្ធឯកឧត្តមព្រឹទ្ធាចារ្យបានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី៥ខែឧសភាឆ្នាំ២០២២វេលាម៉ោង១៨:២៥នាទីក្នុងជន្មាយុ៧២ឆ្នាំដោយរោគាពាធ៕