ឯកឧត្តម ហ៊ុន ម៉ានីមានប្រសាសន៍ថា «ពុកប្រាកដជានឿយហត់ តែនេះមិនមានអ្វីចម្លែកសម្រាប់ពុកទេ ព្រោះជិវិតរបស់ពុកបានលះបង់សម្រាប់ជាតិ និងប្រជាជនជារៀងរហូតមកហើយ»

241
UI Promtion 2021

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ។

ជុំវិញដំណើរអញ្ជើញបំពេញបេសកកម្មទៅកាន់សហរដ្ឋអាមេរិក ក្រោយតែមួយថ្ងៃនៃពិធីបញ្ចុះសពបងប្រុសទី២របស់សម្តេចតេជោ ហ៊ុន សែននោះ ឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្តេចតេជោ បានបញ្ចេញសារនៅលើផេកហ្វេសបុកដោយបានរៀបរាប់នូវពាក្យមួយឃ្លាថា «ពុកប្រាកដជានឿយហត់ តែនោះមិនមានអ្វីចម្លែកសម្រាប់ពុកទេ ព្រោះជិវិតរបស់ពុកបានលះបង់សម្រាប់ជាតិ និងប្រជាជនជារៀងរហូតមកហើយ»។

ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់ក្នុងក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា៖ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Joe Biden ពុកក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងដែលកំពុងកាន់តំណែងជាប្រធានអាស៊ាន បានចេញដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃម្សិលម៉ិញ។ ទោះជាពុកមានទំនួលខុសត្រូវជាច្រើនដែលក្នុងនោះរួមមាន ការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ឈានឆ្ពោះទៅកាន់ការស្តារឡើងវិញនៃស្ថានភាពសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិ ការខិតជិតមកដល់នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់, ទុក្ខសោកនៃការបាត់បង់បងប្រុសបង្កើតដោយសារជំងឺគាំងបេះដូង, កាតព្វកិច្ចចំពោះជាតិ និងប្រជាជននៅតែបន្ត។ ក្នុងនាមប្រជាពលរដ្ឋទាំង ១៧ លាននាក់ និងក្នុងនាមជាប្រធានអាស៊ាន ដើម្បីជំរុញទំនាក់ទំនង អាស៊ាន អាមេរិក ពុកត្រូវធ្វើដំណើរឆ្ងាយពីផ្ទះ ដើម្បីដឹកនាំ និងចូលរួមកិច្ចប្រជុំជាច្រើន ក្នុងនោះមានការធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានអាមេរិក ជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ។

ជាមួយគ្នានេះ យើងក៏ឃើញថា បងប្អូនខ្មែរជាច្រើននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាកំពុងរង់ចាំជួបពុកក្នុងបរិយាកាសជាមហាគ្រួសារខ្មែរតែមួយ។ ពុកប្រាកដជានឿយហត់ តែនោះមិនមានអ្វីចម្លែកសម្រាប់ពុកទេ ព្រោះជិវិតរបស់ពុកបានលះបង់សម្រាប់ជាតិ និងប្រជាជនជារៀងរហូតមកហើយ។»