សម្តេចតេជោ ហ៊ុន សែន អំពាវនាវ៥ចំណុច ក្នុងទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី២៨ ឆ្នាំ២០២២

152
UI Promtion 2021

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ៥ចំណុចក្នុងទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ខួបលើកទី២៨ ឆ្នាំ២០២២ ដល់គ្រួសារ និងសហគមន៍នីមួយៗ ក្នុងការផ្តល់នូវបទពិសោធ ចំណេះដឹងជាមូលដ្ឋាន ជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពិសេសរក្សាបាននូវសន្តិភាព នៅប្រទេសកម្ពុជា។

តាមរយៈសារលិខិតក្នុងទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី២៨ ឆ្នាំ២០២២ ធ្វើឡើងក្រោមប្រធានបទ «គ្រួសារជាមូលដ្ឋានគ្រឹះនៃការថែរក្សា និងការពារសន្តិភាព» ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូចខាងក្រោម៖

ទី១៖ គ្រួសារ និងសហគមន៍នីមួយៗត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ និងប្រពៃណីទំនៀមទម្លាប់ល្អរបស់យើងប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ដល់សមាជិកគ្រួសារខ្លួន តាមរយៈការផ្តល់ការអប់រំរៀនសូត្រ សីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈផ្សេងៗ សំដៅដល់ការពង្រឹង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងគ្រួសារប្រកបដោយភាពរឹងមាំសេចក្តីថ្លៃថ្នូរ និងភាពស័ក្តិសិទ្ធិ ដើម្បីបន្តធានាដឹកនាំគ្រួសារដែលជាកោសិកាសង្គមឱ្យមានភាពរុងរឿង ថ្កុំថ្កើង និងសុភមង្គល។

ទី២៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយជាតិកិច្ចគាំពារសង្គម ២០១៦-២០២៥ តាមរយៈការពង្រឹង និងពង្រីកសេវាសុខុមាលភាពសង្គមសម្រាប់ជនក្រីក្រងាយរងគ្រោះ និងបង្កលក្ខណសម្បត្តិឱ្យកាន់តែល្អប្រសើរបន្ថែមទៀតជូនគ្រួសារក្នុងការកសាងជីវភាពរស់នៅស្របតាមការអភិវឌ្ឍសង្គមជាតិ ពិសេសការអនុវត្តបន្តកម្មវិធីឧត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងអំឡុងពេលបិទខ្ទប់ និងការបង្កើតឱ្យមានកម្មវិធីថ្មីមួយ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ តាមរយៈការសិក្សាបង្កើតនូវគោលនយោបាយគាំពារគ្រួសារ និងការរៀបចំឱ្យមានការផ្តល់របបគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រនៅតាមសហគមន៍ តាមរយៈការអនុវត្តប័ណ្ណសមធម៌ក្រីក្រទាំង២កម្រិត ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។

ទី៣៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងព័ត៌មាន និងសមាគមទូរទស្សន៍រៀបចំឱ្យមានជាវេទិកាតុមូល និងការផលិតវីដេអូអប់រំ ដើម្បីចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ រោងភាពយន្ត និងទីសាធារណៈផ្សេងៗ ពីគុណតម្លៃគ្រួសារក្នុងការចូលរួមទប់ស្កាត់ នៃការរីករាលដាលជំងឺកូវដ១៩ និងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំ និងរោងចក្រសហគ្រាសនានាទូទាំងប្រទេស។

ទី៤៖ នៅតាមបណ្តាក្រសួងស្ថាប័ន រាជធានី ខេត្តត្រូវបន្តសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការរៀបចំឱ្យបានទូលំទូលាយ និងផុសផុល ដើម្បីជាការរួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរក្នុងបរិបទជំងឺកូវីដ១៩ ពិសេសជំរុញដល់ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពការអនុវត្តគោលនយោបាយជាតិគាំពារសង្គម និងការអនុវត្តច្បាប់ ស្តីពីការវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងវិធានការផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងការប្រយុទ្ធទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

និងទី៥៖ មូលនិធិជាតិជំនួយសង្គមត្រូវបន្តរៀបចំគោលនយោបាយផ្សេងៗ ក្នុងការផ្តល់កិច្ចអន្តរាគមន៍គាំពារសង្គមជារួម និងជំនួយសង្គមដោយឡែកដល់ប្រជាជនទូទៅ ពិសេសជនរងគ្រោះ និងងាយរងគ្រោះ ដើម្បីសំដៅលើកកម្ពស់ជីវភាពរស់នៅ និងការកសាងគុណភាពជីវិតប្រកបដោយបរិយាប័ន្ន។

ទន្ទឹមនឹងនោះ មូលនិធិជាតិជំនួយសង្គមត្រូវបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំនូវយន្តការនៃការកសាងកម្លាំងសេវាសង្គម គឺអ្នកសង្គមកិច្ចអាជីពអ្នកសង្គមកិច្ចអាជីពរង អ្នកសង្គមកិច្ចបឋម និងអ្នកសង្គមកិច្ចសម្ព័ន្ធ ដែលជាប្រតិបត្តិករស្នូលក្នុងការអនុវត្តនូវប្រតិបត្តិការជំនួយសង្គម និងសេវាសង្គមប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ នៅគ្រប់ជាន់ថ្នាក់ ស្របតាមផែនការយុទ្ធសាស្រ្តកម្លាំងសេវាសង្គម ឆ្នាំ២០២២-២០៣១ និងឯកសារទឡ្ហីករណ៍ ស្តីពីការវិនិយោគលើកម្លាំងសេវាសង្គមនៅកម្ពុជា៕