សម្តេចតេជោហ៊ុនសែននិងមេដឹកនាំអាស៊ានត្រូវបានប្រធានាធិបតីអាមេរិកស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅបំផុត

201
UI Promtion 2021

(វ៉ាស៊ីនតោន,អាំមេរិក)៖សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានអាស៊ានរួមជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ានដទៃទៀតត្រូវបានលោកចូបៃដិនប្រធានាធិបតីអាមេរិករៀបចំពិធីទទួលស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅបំផុត។

ពិធីទទួលស្វាគមន៍ដោយមានរៀបចំទទួលទានអាហាររួបគ្នានៅក្នុងសេតវិមានត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២(ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។ តាមរយៈវីដេអូនិងរូបភាពដែលបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតលើបណ្តាញផ្សព្វផ្សាយលើពិភពលោកគេបានឃើញលោកប្រធានាធិបតីចូបៃដិនបង្ហាញនូវកាយវិការប្រកបដោយភាពរាក់ទាក់និងស្និទ្ធស្នាលបំផុតចំពោះវត្តមានរបស់សម្តេចតេជោហ៊ុនសែនដែលជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិកក៏ដូចជាសមាជិកអាស៊ានដទៃទៀត។

បន្ទាប់ពីពិធីស្វាគមន៍នៅល្ងាចថ្ងៃម្សិលមិញហើយនោះ តាមការគ្រោងទុកលោកប្រធានាធិបតីអាមេរិករួមជាមួយសម្តេចតេជោហ៊ុនសែននឹងដឹកនាំកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិកនៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២នេះ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំអាស៊ាន និងប្រធាននាធិបតីអាមេរិកលោកចូបៃឌិននឹងពិភាក្សាគ្នាអំពីមធ្យោបាយនិងវិធីសាស្ត្រនានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដែលជាអាទិ៍រួមមានការឆ្លើយតបនឹងជំងឺកូវីដ១៩សន្តិសុខសុខភាពសកលការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រការអភិវឌ្ឍធនធានមនុស្សការអប់រំនិងចំណងទាក់ទងរវាងប្រជាជននិងប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំអាស៊ាននិងសហរដ្ឋអាមេរិកក៏នឹងធ្វើការផ្លាស់ប្តូយោបល់គ្នាផងដែរអំពីបញ្ហាតំន់និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះថ្នាក់ដឹកនាំអាស៊ាននិងសហរដ្ឋអាមេរិកនឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាមេរិកហើយនឹងលើកកម្ពស់ភាពជាដៃគូយុទ្ឋសាស្ត្រសម្រាប់ផលប្រយោជន៍រួមទៅវិញទៅមកនៃប្រជាជនអាស៊ាន និងប្រជាជនសហរដ្ឋអាមេរិក។

កិច្ចប្រជុំកំពូលពិសេសនេះក៏នឹងបញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តរួមគ្នាដើម្បីរក្សាមជ្ឈភាពនិងឯកភាពអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក៏ដូចជាដើម្បីបង្កើនជំនឿ និងទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងការថែរក្សាសន្តិភាពស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់។

តាមរយៈលិខិតផ្ញើជូនសម្តេចតេជោនាពេលកន្លងទៅ លោកចូបៃដិនបានលើកឡើងថាកិច្ចប្រជុំនេះជាឱកាសមួយសម្រាប់អាស៊ាននិងអាមេរិកលើកឡើងអំពីមហិច្ឆតារួមសម្រាប់សករាជថ្មីនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។

សម្តេចតេជោហ៊ុនសែនបានហៅការប្តេជ្ញាចិត្តរបស់លោកចូបៃដិនថាជាជំហានឆ្ពោះទៅមុខឈានទៅរកការដំឡើងភាពជាដៃគូរវាងអាស៊ានអាមេរិកឱ្យឡើងដល់កម្រិតខ្ពស់មួយថ្មីទៀត។

ក្នុងន័យនេះកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕​​