ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបានថ្លែងថា«នៅពេលនេះម៉ោងនេះសូមចូលរួមអបអរសាទរសមិទ្ធផលរួមរបស់ជាតិទាំងអស់មិនថាតូចឬធំ»

77
UI Promtion 2021

(ខេត្តកែប)៖ នៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញជាអធីបតីក្នុងកម្មវិធីសម្ពោធផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ២.៧០០ ម៉ែត្រ និងសំណង់សិល្បការមួយចំនួន ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ចំពោះការទទួលបាននូវសមិទ្ធផលផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ២.៧០០ ម៉ែត្រ ជាមួយនឹងការប្រសិទ្ធនាម “ផ្លូវអំពេងសន្តិភាព” ព្រមទាំងសំណង់សិល្បការមួយចំនួនដែលជាផ្នែកមួយនៃការអភិវឌ្ឍមូលដ្ឋានក្នុងគម្រោងប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកែបជាប្រយោជន៍បម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលកន្លងមកជួបការលំបាកដោយសារស្ថានភាពផ្លូវមានលក្ខណៈជាផ្លូវរទេះដីក្រហមតូចចង្អៀតនិងតែងរងការខូចខាតក្នុងរដូវវស្សាប៉ុន្តែឥឡូវត្រូវបានពង្រីកទៅជាផ្លូវបេតុងមានទំហំធំសម្រាប់ម៉ូតូឡានតូចធំនិងប្រកបដោយគុណភាពរឹងមាំយូរអង្វែងស្របទៅតាមតម្រូការដែលចេះតែកើនឡើងរបស់ប្រជាជននិងដំណើរវិវត្តន៍ទៅមុខរបស់ប្រទេសជាតិ។
ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតមានប្រសាសន៍បន្តថាក្រៅពីការប្រើប្រាស់ថវិការដ្ឋសមិទ្ធផលនេះអាចលេចចេញជារូបរាងឡើងក៏ដោយសារមានការចូលរួមចំណែកផងដែររបស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តបរិច្ចាគដីដើម្បីពង្រីកផ្លូវឱ្យបានធំទូលាយ។
សមិទ្ធផលរួមគ្នានេះគឺជាអ្វីដែលសម្តេចតេជោនាយករដ្ឋមន្ត្រីចង់ឃើញកើតមានឡើងជាបន្តបន្ទាប់គ្រប់ជំនាន់តទៅពីព្រោះក្រៅពីការឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកចម្រើនរបស់កម្ពុជានិងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋប៉ុន្តែអ្វីដែលសំខាន់បំផុតគឺជាការឆ្លុះបញ្ចាំងផងដែរអំពីកម្លាំងមហាសាមគ្គីជាតិខ្មែរប្រកបដោយភាពម្ចាស់ការ ស័ក្តិសមនឹងពាក្យថា “ខ្មែរជួយខ្មែរ ខ្មែររីកចម្រើន”។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ថែមទៀតថា ពិតណាស់ផ្លូវបេតុងមួយនេះ មិនមែនជាសមិទ្ធផលទោលតែឯកឯងឬដែលធំជាងគេនោះទេប៉ុន្តែពិតណាស់ វាជានិមិត្តរូបតំណាងឱ្យដំណើរវិវត្តន៍ដ៏វែងឆ្ងាយរបស់ប្រទេសជាតិយើងទាំងមូល។ ចំពោះអ្នកទូទៅយើងអាចមើលឃើញត្រឹមតែជាផ្លូវបេតុងធម្មតាប៉ុន្តែសម្រាប់អ្នកមូលដ្ឋានដែលធ្លាប់ជួបការលំបាកក្នុងការធ្វើទៅដំណើរទៅមកនៅលើផ្លូវនេះផ្ទាល់ទើបយល់អំពីតម្លៃសារៈប្រយោជន៍ពិតប្រាកដដោយធ្លាប់ទន្ទឹងចង់បានជាយូរមកហើយ។
ដូច្នេះនៅពេលនេះម៉ោងនេះសូមចូលរួមអបអរសាទរសមិទ្ធផលរួមរបស់ជាតិទាំងអស់មិនថាតូចឬធំ។ ពិតណាស់ យើងមិនគួររស់នៅក្នុងអតីតកាលទេ ប៉ុន្តែយើងចាំបាច់ត្រូវក្រឡេកមើលនិងប្រៀបធៀបទៅអតីតកាលដើម្បីឆ្លុះបញ្ចាំងប្រកបដោយហេតុផលត្រឹមត្រូវអំពីបច្ចុប្បន្នកាលដែលនេះគឺជាអភិក្រមចាំបាច់បំផុតដើម្បីសម្លឹងនិងដើរទៅដល់អនាគតដ៏រុងរឿងមួយដែលយើងទាំងអស់គ្នាចង់បាន។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបង្ហាញការចាប់អារម្មណ៍ថាមកដល់ពេលនេះ ខេត្តកែបមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈដោយទ្បែកហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តនានាក៏ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើងដោយរដ្ឋបាលខេត្តបានខិតខំស្តារកសាងនិងជួសជុលទ្បើងវិញដោយមានទាំងផ្លូវអ៊ុតកៅស៊ូAC,ផ្លូវបេតុងអាមេ,ផ្លូវកៅស៊ូDBST,ផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែ, ការពង្រីកឆ្នេរ និងការបង្កើតកំពង់ផែ, ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង, អាងប្រព្រឹត្តកម្មចម្រោះទឹកកង្វក់, ឡដុតសម្រាមវេជ្ជសាស្ត្រ ។ល។ ស្របតាមប្លង់គោលប្រើប្រាស់ដីក្រុងកែបចក្ខុវិស័យឆ្នាំ២០៣០ដើម្បីប្រែក្លាយខេត្តកែបទៅជាតំបន់ទេសចរណ៍ល្អប្រណីតកម្រិតខ្ពស់នាពេលអនាគតស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលស័ក្តិសមជាខេត្តតារារះនាទិសនិរតីហើយដែលកន្លងមកនេះខេត្តក៏បានទទួលជ័យលាភីនានាទាំងថ្នាក់ជាតិនិងអន្តរជាតិរួចមកហើយ។
ទាំងនេះក៏ដោយសារខេត្តកែបមានថ្នាក់ដឹកនាំល្អនិងមានការខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋពីសំណាក់មន្ត្រីរាជការនិងអាជ្ញាធរដែនដីគ្រប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋផ្ទាល់នៅក្នុងការជ្រើសរើសអ្នកដឹកនាំមូលដ្ឋានបានត្រឹមត្រូវក្នុងរយៈកាលកន្លងមកនេះ។
ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបានបន្ថែមបន្តទៀតថាជាមួយនឹងសក្តានុពលសំខាន់ៗជាច្រើនខេត្តកែបនឹងបន្តរីកចម្រើនទៅមុខទៀតទាំងកំណើនប្រជាជនដោយនឹងមានអ្នកចំណូលស្រុកថ្មីផងដែរ និងផ្នែកហេដ្ឋារចសម្ព័ន្ធរូបវ័ន្ត ជាអាទិ៍ កំពង់ផែដែលកំពុងសាងសង់ ជាដើម។
ទាំងនេះប្រាកដជាទាមទារឱ្យមានការព្យាករណ៍ច្បាស់លាស់និងរៀបចំផែនការបម្រុងទុកជាមុនព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពឱ្យបានរឹងមាំតទៅដើម្បីគាំទ្រនិរន្តរភាពនៃដំណើរឆ្ពោះរបស់ប្រទេសជាតិយើងជាពិសេសតាមរយៈការជ្រើសរើសអ្នកដឹកនាំឱ្យបានត្រឹមត្រូវដូចដែលបានធ្វើកន្លងមកហើយនិងការបន្តផ្តល់ជំនឿចិត្តនិងយុត្តិធម៌ដល់អ្នកដែលបានធ្វើអំពើល្អពីដើមរៀងមកគឺសម្តេចតេជោដែលក្នុងគ្រប់ដំណាក់កាលទាំងអស់ តែងបានយកជីវិតជាដើមទុនក្នុងបុព្វហេតុសង្គ្រោះ ការពារ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់បំផុត៕