ថ្នាក់ដឹកនាំវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី «ប្រជាជនខ្មែរតែងតែនៅជាមួយគ្នាជានិច្ច ជាពិសេសក្នុងគ្រាលំបាក»

84
UI Promtion 2021

(កំពង់ចាម)៖ព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២២ឯកឧត្តមហ៊ុនម៉ានីបានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺក្នុងស្រុកស្រីសន្ធរខេត្តកំពង់ចាមដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមហេងវណ្ណនីអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមរួមជាមួយក្រុមការងារចុះជួយស្រុកស្រីសន្ធរជាច្រើនរូបនិងប្រជាពលរដ្ឋដែលអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលចំនួន ៣៤៨០ នាក់។
បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ឯកឧត្តមហ៊ុនម៉ានីបានធ្វើការកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ជាពិសេសការលះបង់របស់ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីដែលតែងតែខិតខំប្រឹងប្រែងបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវយ៉ាងល្អប្រសើរដោយឈរលើគោលការណ៍ស្ម័គ្រចិត្តគួបផ្សំនឹងការងារស្នូលមិនរាថយទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់ក្នុងថ្ងៃនេះឯកឧត្តមក៏បានរំលឹកឡើងពីការឆ្លងកាត់ការលំបាកនានារបស់ថ្នាក់ដឹកនាំជាពិសេសការប្រយុទ្ធក្នុងបរិបទកូវីដ១៩ដែលបង្ហាញអោយឃើញកាន់តែច្បាស់ពីការលះបង់ ការយកចិត្តដាក់របស់រាជរដ្ឋាភិបាលទៅលើប្រជាជន ជាពិសេសអាជ្ញាធរថ្នាក់មូលដ្ឋានក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានបន្តចូលរួមនិងជួយសម្របសម្រួលតាំងពីពេលចាប់ផ្ដើមរហូតមកដល់ពេលបច្ចុប្បន្នសកម្មភាពទាំងអស់នេះហើយដែលអាចនិយាយបានថា « ប្រជាជនខ្មែរតែងតែនៅជាមួយគ្នាជានិច្ច ជាពិសេសក្នុងគ្រាលំបាក» ។
ក្រៅពីមតិស្វាគមន៍ និងសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាពុកម៉ែ បងប្អូនដែលបានអញ្ជើញមកពិនិត្យនិងព្យាបាលជំងឺឯកឧត្តមក៏បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ពិនិត្យ និងព្យាបាលតាមឯកទេសនីមួយៗផងដែរ។
គួរបញ្ជាក់ដែរថាក្រៅពីការងារជាថ្នាក់ដឹកនាំឯកឧត្តមមានការមមារញឹកលើកិច្ចការដទៃទៀតប៉ុន្តែឯកឧត្តមនៅតែបន្តឆ្លៀតឱកាសដើម្បីចុះជួបជាមួយអាជ្ញាធរ ពុកម៉ែ បងប្អូន នៅក្នុងមូលដ្ឋានស្ទើគ្រប់ខេត្តក្រុងដើម្បីចុះសួរសុខទុក្ខនិងបង្ហាញពីការយកចិត្តដាក់ដល់បងប្អូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់៕