ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត : ក្រោមការដឹកនាំរបស់សម្តេចតេជោក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់លើវិស័យដីធ្លី

181
UI Promtion 2021

ភ្នំពេញៈឯកឧត្តមឧត្តមសេនីយឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៍បញ្ជាក់ថាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលជាង ៣០ឆ្នាំនេះ បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់លើវិស័យដីធ្លីនិងតែងបានខិតខំជំរុញការអនុវត្តបែងចែកដីធ្លីជូនប្រជាពលរដ្ឋដើម្បីតាំងទីលំនៅនិងបង្កបង្កើនផលតាំងតែពីឆ្នាំ១៩៨៩មកម្ល៉េះព្រមទាំងបានខិតខំចុះបញ្ជីសិទ្ធិកាន់កាប់និងកម្មសិទ្ធិដើម្បីផ្តល់ភាពស្របច្បាប់ឱ្យបានរឹងមាំផងដែរ។
គិតមកទល់ពេលនេះការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសបានសម្រេចនូវការចេញប័ណ្ណកម្មសិទ្ធិសរុបចំនួនជិត ៦,៥ លានប័ណ្ណ ដោយក្នុងនេះ មានទាំងការចុះបញ្ជីដីរដ្ឋ, ដីឯកជន, សម្បទានដីសង្គមកិច្ច, ដីសហគមន៍ជនជាតិដើមភាគតិច និងដីគរុភណ្ឌវត្ត ផងដែរ។
ការបញ្ជាក់នេះ ក្នុងពិធីពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៤៥៣ប័ណ្ណជូនគ្រួសារយោធិន អតីតយុទ្ធជននិងប្រជាពលរដ្ឋក្នុងឃុំចំនួន០៣នៃស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តមឧត្តមសេនីយឯកហ៊ុនម៉ាណែតបានបញ្ជាក់ទៀតថាអំពើល្អនិងសមត្ថភាពដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់នូវយុត្តិធម៌ដល់សម្តេច តាមរយៈទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសក៏ដូចជាការទទួលស្គាល់ប្រកបដោយកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំនៃគ្រប់បណ្តាប្រទេសជាមិត្ត។
ជាក់ស្តែង ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេរិក ដែលទើបបញ្ចប់ទៅថ្មីៗនេះ បានដំណើរការទៅប្រកបដោយភាពជោគជ័យជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងនាម សម្តេចតេជោ ជាប្រធានអាស៊ាន ២០២២និងជានាយករដ្ឋមន្ត្រីកម្ពុជាជាពិសេសការទទួលរាក់ទាក់ដ៏ស្និទ្ធស្នាលពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋ អាមេរិក និងកាណាដារាប់ពាន់នាក់។
ក៏បានអបអរសាទរចំពោះការទទួលបានប័ណ្ណកម្មសិទ្ធិដែលផ្តល់ដោយរាជរដ្ឋាភិបាលជូនគ្រួសារយោធិនអតីតយុទ្ធជននិងប្រជាពលរដ្ឋនៅក្នុងឃុំត្រែងត្រយឹង,ឃុំអូរនិងឃុំដំបូករូងនៃស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺដែលជាតំបន់អសន្តិសុខដោយសារគ្រាប់មីននិងការវាយឆ្មក់របស់កងទ័ពខ្មែរក្រហមក្នុងទសវត្សរ៍ដើមឆ្នាំ១៩៩០មុនការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះឈ្នះប៉ុន្តែបច្ចុប្បន្នស្ថានភាពនៃស្រុកភ្នំស្រួចទាំងមូលគឹពោរពេញទៅដោយភាពសុខសាន្ត និងការរីកចម្រើនប្រែមុខប្រែមាត់ និងមានប្រជាជនរស់នៅច្រើនកុះករ។
ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបានអះអាងថាសមិទ្ធផលក្នុងវិស័យកម្មសិទ្ធិដីធ្លីនេះគឺមិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែគឺផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិថ្នាក់ក្រោមជាតិមន្ត្រីរាជការមន្ទីរស្ថាប័នជំនាញពាក់ព័ន្ធនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ដោះស្រាយទុក្ខកង្វល់និងបញ្ហានានាជូនប្រជាពលរដ្ឋជាពិសេសការចុះបញ្ជីដីធ្លីក៏ដូចជាការទប់ស្កាត់និងដោះស្រាយទំនាស់ដោយឈរលើគោលការណ៍ឈ្នះឈ្នះ,តម្លាភាព,សាមគ្គីភាពនិងមនោសញ្ចេតនាយល់យោគអធ្យាស្រ័យសំដៅធានាបាននូវភាពសុខដុមរមនាក្នុងសង្គមនិងការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់និងអាស្រ័យផលសម្រាប់ប្រជាពលរដ្ឋជាកម្មសិទ្ធិករដែលជាកត្តាចាំបាច់ចូលរួមចំណែកដល់ការលើកកម្ពស់សិទ្ធសេរីភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងដំណើរការនៃការអភិវឌ្ឍជាតិបន្តទៅមុខជាពិសេសក្នុងបរិការណ៍ដែលប្រទេសកម្ពុជា កំពុងមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច-សង្គម ក្រោមបរិយាកាសសុខសន្តិភាព និងស្ថិរភាព ដូចពេលបច្ចុប្បន្ន។
ឯកឧត្តមក៏បានសូមគោរពអរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលតែងបានគិតគូរផ្តល់ភាពកក់ក្តៅចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់យោធិនគ្រួសារយោធិនអតីតយុទ្ធជននិងប្រជាពលរដ្ឋទូទៅជាប់រហូតមកដោយបានដាក់ចេញនូវគោលនយោបាយប្រកបដោយសមធម៌និងត្រឹមត្រូវលើវិស័យដីធ្លីព្រមទាំងបានយកចិត្តទុកដាក់ជួយសម្របសម្រួលដោះស្រាយបញ្ហានានាប្រកបដោយសច្ចធម៌និងគុណធម៌រួមមានការមិនយកពន្ធលើដីស្រែចំការ និងការដាក់ចេញនូវ “គោលនយោបាយចាស់ សកម្មភាពថ្មី” លើវិស័យដីធ្លី តាមរយៈបទបញ្ជាលេខ០១បបចុះថ្ងៃទី០៧ខែឧសភាឆ្នាំ២០១២ដោយអនុលោមតាមគោលនយោបាយស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រងបែងចែកនិងប្រើប្រាស់ដីធ្លីដូចដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០២មកម្ល៉េះសំដៅធ្វើយ៉ាងណាផ្តល់នូវកម្មសិទ្ធិស្របច្បាប់ជូនបងប្អូនប្រជាជនដែលបាននិងកំពុងរស់នៅនិងបង្កបង្កើនផលដាំដុះនៅលើដីដែលមិនទាន់ស្របច្បាប់ សំដៅធានាបាននូវសុត្ថិភាពនៃការកាន់កាប់ដីធ្លី សុវត្ថិភាពសង្គម ការកាត់បន្ថយភាពក្រីក្រ និងជម្រុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ៕