សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបាននិងកំពុងដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ

197
UI Promtion 2021

អាមេរិក ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅព្រឹកថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២២(ម៉ោងនៅវ៉ាស៊ីនតោន)សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ។
នៅព្រឹកម៉ោងប្រមាណជា៨:០០នាទីព្រឹក (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង១៩.០០នាទី យប់ (ម៉ោងនៅភ្នំពេញ) ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីសណ្ឋាគារ Willard Intercontinental ឆ្ពោះមកកាន់អាកាសយានដ្ឋាន Joint Base Andrews ក្នុងទឹកដីសហរដ្ឋអាមេរិកដើម្បីធ្វើដំណើរត្រឡប់មកកាន់មាតុប្រទេសវិញបន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដោយជោគជ័យ រយៈពេល២ថ្ងៃ គឺថ្ងៃ១២-១៣ ខែ ឧសភា ឆ្នាំ២០២២។
យោងទៅតាមកម្មវិធី នៅម៉ោង ១៦:៣០នាទី ល្ងាចថ្ងៃអាទិត្យទី១៥ខែឧសភាឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូនឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ជូនពរបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស ជួបតែសេចក្តីសុខសេចក្តីចម្រើន គ្រប់ៗគ្នា ។
តាមរយៈសារសំឡេងពិសេសនៅយប់ថ្ងៃទី១៤ ខែឧសភា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថានៅពេលនេះសម្តេចកំពុងតែរៀបចំចាកចេញពីទីក្រុងវ៉ាស៊ីនតោន ដើម្បីវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
សារសំឡេងបញ្ជាក់ថានៅថ្ងៃនេះផងដែរក៏ជាថ្ងៃខួបចម្រើនព្រះជន្មព្រះវស្សារបស់ព្រះមហាក្សត្រជាទីសក្ការៈហើយសង្ឃឹមថាបងប្អូនជនរួមជាតិទទួលបានការឈប់សម្រាកក្នុងរយៈពេលមួយថ្ងៃ ជាពិសេសមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។
សម្តេចតេជោហ៊ុនសែនថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលរស់នៅសហរដ្ឋអាមេរិកនិងកាណាដាដែលមកទទួលសម្តេចនិងជួបសំណេះសំណាលជាមួយសម្តេចយ៉ាងសប្បាយរីករាយ។
សម្តេចពិតជាអរគុណនិងមានមោកនភាពចំពោះបងប្អូនជនរួមជាតិដែលបានរស់នៅសហរដ្ឋអាមេរិកនិងកាណាដាដែលមកចូលរួមជាមួយសម្តេចក្នុងភាពថ្លៃថ្នូរដោយមិនធ្វើការតបតណាមួយជាមួយក្រុមអមិត្តដែលតែងបង្កហេតុ។
បើទោះបីជាឧប្បត្តិហេតុបានកើតឡើងប៉ុន្តែបងប្អូនបានរក្សានៅការអត់ធ្មត់ហើយសូមបងប្អូនបន្តការអត់ធ្មត់តទៅទៀតជាមួយនឹងសកម្មភាពញុះញង់វៃប្រហារមកលើបងប្អូននេះជាឥរិយាបទនៃភាពជ្រុលនិយមរបស់ពួកក្រុមប្រឆាំងដែលចាត់ទុកថាជាវីរជននៅពេលដែលគេបានរំលោភបំពានលើច្បាប់និងបង្ហាញសារជាតិជាអំពើហិង្សាជ្រុលនិយម។

សម្តេចពិតជាមានមោទភាពចំពោះបងប្អូនជនរួមជាតិដែលរស់នៅអាមេរិក និងកាណាដា ដែលរក្សាបាននៅភាពថ្លៃថ្នូរ និងគោរពច្បាប់ នៃសហរដ្ឋអាមេរិក៕