សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ នៅខេត្តព្រះវិហារ

189
UI Promtion 2021

(ព្រះវិហារ)៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់ សិល្បការផ្សេងៗស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

បន្ទាប់ពីសុន្ទរកថា និងរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហាររួចមក សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថ្លែងអរគុណ និងការកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកម្លាំងដែលបានឈរតាម ព្រំដែនរវាងកម្ពុជា និងឡាវ ដែលកន្លងទៅនេះបានបំពេញបេសកម្មរបស់ខ្លួន ប្រកបដោយជោគជ័យ ដោយធ្វើឲ្យព្រំដែន នៃប្រទេសទាំងពីរ ដែលមានជាប់ពាក់ព័ន្ធខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរីផង មានសុខ​សន្តិ ភាព ទោះបីថាមានបញ្ហាខ្លះតិចតួច ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលប្រជាមានិតឡាវ បានយកចិត្តទុកដាក់ ដើម្បីនិងដោះស្រាយបញ្ហាបញ្ចប់ ទោះបីនៅសល់បញ្ហាខ្លះដែលយើងត្រូវដោះ ស្រាយជាមួយគ្នា ប៉ុន្តែឈរលើគោលការណ៍ដោះស្រាយដោយសន្តិវិធី និងមានការស្រុះស្រួលគ្នា។ បេសកម្មរបស់កងកម្លាំងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលជាតិ ដែលឈរតាមបន្ទាត់ព្រំដែននេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ណាស់ ដែលបង្កលក្ខណៈសម្បត្តិដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តដែលមានការពាក់ព័ន្ធរស់នៅ និងប្រកបរបរ ទទួលទាន បានដោយសុខស្រួល។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថ្លែងអរគុណ ចំពោះខេត្តចម្ប៉ាសាក់ ក៏ដូចជារដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលតែងតែកម្កល់នូវកិច្ចសហ ប្រតិបត្តិការល្អ ជាមួយនិងព្រះរាជាណាចក្រកម្ពុជា ហើយជាពិសេសខេត្តដែលជាប់ព្រំដែនកម្ពុជា គឺតែងតែយកចិត្តទុកដាក់ដើម្បីទំនាក់ទំនងសហប្រតិបត្តិការ ការជួបគ្នា ដើម្បីដោះស្រាយបញ្ហានានា ដែលកើតឡើងនៅតាមព្រំដែនស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាល ឡាវ និងគោលការណ៍របស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខ សាធារណៈឡាវ ៕