ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ចូលសមាជិកគណបក្សប្រជាជនថ្មី២៨២នាក់ នៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម

201
UI Promtion 2021

(កំពង់ចាម)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកងមាស បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

កម្មវិធីនេះសមាជិកគណបក្សប្រជាជនថ្មីចំនួន២៨២នាក់ (ស្រី១៥០) ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្ស។ ក្នុងឱកាសនោះតំណាងសមាជិកបក្សដែលបានចូលរួមថ្មី បានលើកឡើងថា មានតែគណបក្ស ប្រជាជនកម្ពុជាប៉ុណ្ណោះដែលមានឧត្តមគតិត្រឹមត្រូវ មានគុណបំបាច់ធំធេងចំពោះជាតិ មាតុភូមិ មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ និងគោរពទាំងស្រុងនូវកម្មវិធីនយោបាយ និងលក្ខខន្តិកៈ ព្រមទាំងប្តេជ្ញាថា នឹងចូលរួមជីវភាពនយោបាយ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនេះលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងអំពីលក្ខណៈសម្បត្តិពេញលេញ និងសមិទ្ធផលធំធេង ដែលគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន បានធ្វើដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ។

ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំបក្ស និងក្រុមការងារចុះជួយឃុំ សម្រាប់ការកសាងសមិទ្ធផលជាច្រើនក្នុងឃុំ ព្រមទាំងបានអំពាវនាវឲ្យសមាជិកទាំងអស់ចូលរួមបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជានាថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខ។

សូមជម្រាបថា ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដោយឡែកសម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃដំណើរការបោះឆ្នោត៕