សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញទៅដល់ប្រទេសស្វីស ប្រកបដោយសុវត្ថិភាពហើយ

144
UI Promtion 2021

(ហ្សូរិច, ស្វីស)៖ បន្ទាប់ពីចំណាយពេលហោះអស់រយៈពេលជាង ១០ម៉ោង នៅវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោងប្រមាណ៦៖៣០នាទីល្ងាចថ្ងៃទី២១ ខែឧសភា (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញដល់ទីក្រុងហ្សូរិច ប្រទេសស្វីស ប្រកបដោយសុខសុវត្ថិភាពហើយ។

វត្តមានសម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ព្រលានយន្តហោះក្នុងក្រុងហ្សូរិច ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសស្វីស, តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងតំណាងរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។

បន្ទាប់ពីអញ្ជើញដល់ក្រុងហ្សូរិច នៅវេលាម៉ោងប្រមាណ៦៖៣០នាទីល្ងាចថ្ងៃដដែល (ម៉ោងនៅប្រទេសស្វីស) សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរមកពីបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប ជាង ១ពាន់នាក់។ ការឆ្លៀតជួបសំណេះសំណាលរបស់សម្តេចតេជោ ជាមួយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស គឺជាការបង្ហាញឱ្យឃើញនូវការនឹករលឹក និងស្មារតីនៃការយកចិត្តទុកដាក់ គិតគូរ ចំពោះប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូហោះចេញពីកម្ពុជា នៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ វត្តមានរបស់សម្តេចតេជោអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។

អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះរួមមាន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងណាពិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត ព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជា ផងដែរ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងដែរថា ក្នុងឱកាសចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ «ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន» និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។

ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកាខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏រំពឹងថា នឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជា ទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោក ផងដែរ។

ក្នុងឱកាសស្នាក់នៅប្រទេសស្វីស សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាបើក «រាត្រីកម្ពុជា» (CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណងដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេស នៅក្នុងប្រទេសកម្ពុជា។

វេទិកាសេដ្ឋកិច្ចពិភពលោក គឺជាវេទិកាសាកលដ៏មានសារៈសំខាន់។ វត្តមានរបស់សម្តេចតេជោ គឺជាសក្ខីភាព នៃការទទួលស្គាល់ជាសកលលើគុណវុឌ្ឍន៍ និងភាពប៉ិនប្រសប់របស់សម្តេច បានដឹកនាំនាវា «កម្ពុជា» ឆ្ពោះទៅរកការអភិវឌ្ឍ វឌ្ឍនភាព និងវិបុលភាពលើគ្រប់វិស័យ។ សន្តិភាពនេះហើយ គឺជាគុណតម្លៃនៃការដឹកនាំដែលកម្ពុជាមាន និងសម្រាប់អ្នកដឹកនាំប្រទេសនៅលើសកលលោក យកគំរូ និងគួរខំរក្សា។

វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២នេះ មិនត្រឹមតែជាការចែករំលែក និងពិភាក្សាក្នុងនាមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីភាពជាប្រធានរបស់កម្ពុជាក្នុងក្របខណ្ឌអាស៊ាន ការលើកស្ទួយបេសកកម្មអាស៊ាន ដល់ពិភពលោក និងសមត្ថភាពកុលបុត្រខ្មែរលើនយោបាយអន្តរជាតិ។

វត្តមានផ្ទាល់របស់សម្តេចតេជោនៅក្នុងកិច្ចប្រជុំនេះ គឺបានបង្ហាញអំពីកិត្យានុភាពរបស់កម្ពុជា និងការនាំមកនូវកិត្តិយសដ៏ធំធេងជាប្រវត្តិសាស្ត្រជូនកម្ពុជា៕