សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្សារកំពង់ពពិល ស្ថិតឃុំកំពង់ពពិល ស្រុកពារាំង

152
UI Promtion 2021

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្សារកំពង់ពពិល ស្ថិតឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

វត្តមាននៃការអញ្ជើញមកដល់ផ្សារកំពង់ពពិលរបស់សម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុតពីសំណាក់ប្រជាពលរដ្ឋស្រុកពារាំង ពិសេសក្រុមអាជីវករផ្សារកំពង់ពពិលផ្ទាល់។ អាជីវករផ្សារកំពង់ពពិលបានសម្ដែងក្ដីរំភើបរីករាយ ដ្បិតម្យ៉ាងរីករាយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារថ្មីនេះជំនួសផ្សារចាស់ដែលត្រូវអគ្គិភ័យឆេះកាលពីពេលកន្លងទៅ និងម្យ៉ាងពួកគាត់បានជួបសុន្ទនាដោយផ្ទាល់ជាមួយសម្ដេចក្រឡាហោម។

លោក ជា សុមេធី អភិបាលនៃគណៈអភិបាលព្រៃវែង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថាផ្សារកំពង់ពពិលនេះ រងខូចខាតស្ទើរទាំងស្រុងដោយគ្រោះអគ្គិភ័យកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយថាដោយសារការខ្វះខាត ក្រុមអាជីវករបានគោរពស្នើសុំសម្ដេចក្រឡាហោមជួយសាងសង់ផ្សារនេះជាថ្មីឡើងវិញ ដោយសម្ដេចបានឯកភាពភ្លាមៗតាមសំណើរ រហូតឈានដល់ការបញ្ចុះបឋមសិលាសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២១ និងបានសាងសង់រួចរាល់នៅខែមេសា ឆ្នាំ២០២២។

លោកបន្តថាផ្សារកំពង់ពពិលនេះ បានសាងសង់ពីបេតុងលើផ្ទៃដីជាង៣ពាន់ម៉ែត្រក្រឡា មានបណ្ដោយ៦២ម៉ែត្រ ទទឹងជាង៥៧ម៉ែត្រ កម្ពស់២ជាន់ ដោយជាន់ទីមួយមានតូបចំនួន២១០តូប ជាន់ទីពីរមាន២០០តូប រួមទាំងការបំពាក់ប្រព័ន្ធអគ្គិសនី ទឹកស្អាត ប្រព័ន្ធលូរំដោះទឹក និងការស្ថាបនាផ្លូវបេតុងភ្ជាប់ពីផ្សារទៅផ្លូវជាតិលេខ៨ ប្រវែងជាង៤០០ម៉ែត្រ ចំណាយថវិកាជាង១លាន៤សែន៧ម៉ឺនដុល្លារ និងមានការបំពាក់អំពូលភ្លើងបន្ថែមពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកំពង់ពពិល។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានបន្តគូសបញ្ជាក់ពីបុព្វហេតុ និងគុណតម្លៃនៃសន្តិភាព ព្រមទាំងថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពារាំង និងគ្រប់ឃុំក្នុងស្រុកពារាំង ដែលបានរួមកម្លាំងសាមគ្នាជាមួយអាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋ គាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងគណបក្ស ធ្វើឱ្យសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ និងមានក្ដីសង្ឃឹមថាបេសកកម្មនេះនឹងត្រូវបានអនុវត្តបន្តដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងការសោកស្ដាយជាមួយប្រជាពលរដ្ឋជាក្រុមអាជីវករដែរ ដែលបានខាតបង់តូប ទំនិញ និងទ្រព្យសម្បត្តិផ្សេងៗដោយគ្រោះអគ្គិភ័យកាលពីពេលកន្លងទៅនោះ។ សម្ដេចក៏បានថ្លែងអំណរគុណជូនប្រជាពលរដ្ឋជាអាជីវករដែលបានអនុញ្ញាតជូនសម្ដេច និងសហការី បានចូលរួមចំណែកសាងសង់ផ្សារថ្មីនេះទាំងស្រុងឡើងវិញ ដោយសម្ដេចបន្តថា«បើពលរដ្ឋមិនគាំទ្រ មិនឯកភាព ទោះបីជាយើងខ្ញុំចង់ យើងខ្ញុំមានធនធាន និងថវិកាយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើផ្សារនេះបានដែរ»។

ពាក់ព័ន្ធនឹងដំណើរការសាងសង់ផ្សារនេះដែរ សម្ដេចក្រឡាហោម បានមានប្រសាសន៍ផ្ដល់ជូនបន្ថែមនូវការកែលម្អរផ្សារនេះដោយក្រាលកំរាលការ៉ូឱ្យបានស្អាតទាំងនៅផ្នែកជាន់ខាងក្រោម និងផ្នែកជាន់ខាងលើនៃផ្សារ។ ជាមួយគ្នានេះ សម្ដេចក៏បានស្នើសុំក្រុមអាជីវករខិតខំបង្កើនការស្រុះស្រួលគ្នាជាមួយគណៈកម្មការផ្សារ និងអាជ្ញាធរដែនដី ដើម្បីរៀបចំកន្លែងលក់ដូរទៅតាមប្រភេទនៃមុខទំនិញ រួមទាំងការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់។

សម្ដេចក៏បានជម្រាបក្រុមអាជីវករថាផ្សារកំពង់ពពិលដែលសាងសង់ក្នុងតម្លៃជាង១លានដុល្លារអាមេរិកនេះ មានការគាំទ្រពីឥស្សរជន ក្រុមការងារ និងសប្បុរសជនជាច្រើន ហើយថាការចំណាយសាងសង់នេះគឺមិនមានការតម្រូវឱ្យយកថវិកាពីពលរដ្ឋពេលវិលចូលមកលក់ដូរវិញនោះឡើយ។ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណឥស្សរជន ក្រុមការងារ និងសប្បុរសជនដែលបានរួមចំណែកគាំទ្រសម្ដេចក្នុងការងារសាងសង់ផ្សារកំពង់ពពិលថ្មីនេះដើម្បីទុកជាចំណងដៃជូនប្រជាពលរដ្ឋជាអាជីវករប្រើប្រាស់។

នាឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធ ពិសេសផ្លូវ និងស្ពានក្នុងខេត្តស្រុកពារាំង និងស្រុកពោធិ៍រៀង។ ក្នុងនោះដែរសម្ដេចបានថ្លែងសុំការអភ័យទោសប្រជាពលរដ្ឋឃុំព្រែកតាស ចំពោះការឆកល្វែងរបស់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានមិនបានដោះស្រាយទាន់ពេលវេលានូវបញ្ហាផ្លូវខូចខ្លាំង ដោយសម្ដេចបន្តថា«ខ្ញុំមិនបានព្រងើយកន្តើយទេ! ខ្ញុំមានការអៀនខ្មាស់ពួកគាត់ណាស់! ត្រង់ថាផ្លូវហ្នឹងមានផុក មានល្បាប់ដោយគ្មាននរណាគិតគូទាន់ពេលវេលា។ យើងចេះតែសុំឱ្យគាត់បោះឆ្នោតឱ្យ បោះឆ្នោតឱ្យយ៉ាងម៉េចបើផ្លូវនោះវាអ៊ីចឹង»។

យ៉ាងណាក៏ដោយ សម្ដេចបានមានប្រសាសន៍ថាក្រុមការងារបានចាប់ផ្ដើមគម្រោងស្ថាបនាផ្លូវនេះហើយ ដោយគ្រោងសាងសង់ផ្លូវបេតុងជូនប្រជាពលរដ្ឋតំបន់នោះតែម្ដង។ សម្ដេចបន្ថែមថា«ខ្ញុំសប្បាយចិត្តណាស់ បើកាលណាផ្លូវហ្នឹងបានធ្វើ ដូចបានឡើងឋានសួគ៌ដូច្នេះដែរសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ»។ សម្ដេចបន្តថាតំបន់នោះក៏មានការស្ថាបនាផ្លូវកៅស៊ូ ផ្លូវបេតុង និងផ្លូវគ្រោះក្រហមជាបន្តបន្ទាប់ហើយ ដោយសម្ដេចបានចាត់ទុកថាការងារនេះជាការទទួលខុសត្រូវ និងកុំថាគេចេះតែនិយាយឱ្យសោះ។

ជាថ្មីម្ដងទៀត សម្ដេចក្រឡាហោម បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមកដល់ពេលនេះឈានដល់អាណត្តិទី៥។ សម្ដេចបានបន្ថែមថាការបោះឆ្នោតនេះ បានរៀបចំឡើងតាមបែបប្រជាធិបតេយ្ដោយប្ដូរពីការតែងតាំងមេឃុំ ចៅសង្កាត់ដោយអភិបាលស្រុក ក្រុង ខណ្ឌ មកជាការបោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។ សម្ដេចថានៅពេលពលរដ្ឋជាម្ចាស់អំណាចតាមរយៈសន្លឹកឆ្នោត មេដឹកនាំមូលដ្ឋានឃុំ សង្កាត់ កាន់តែខិតខំបំរើប្រជាពលរដ្ឋម្ចាស់ឆ្នោត។

សម្ដេចក៏បានឱ្យដឹងថាការបោះឆ្នោតនៅកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិកាន់តែមានភាពល្អប្រសើរ  ហើយសម្ដេចសង្ឃឹមថាការបោះឆ្នោតខាងមុខនេះនឹងកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវគណបក្សនយោបាយរួមគ្នាគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេសគណៈកម្មការសន្តិសុខសម្រាប់ការបោះឆ្នោតខិតខំរួមចំណែកធ្វើឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយរលូន។ សម្ដេចក៏អំពាវនាវឱ្យអាជ្ញាធរឃុំ សង្កាត់ ក្នុងតំណែងខិតខំបន្តការងាររហូតដល់ការប្រកាសក្រុមប្រឹក្សាអាណត្តិថ្មី៕