ឯកឧត្តម បណ្ឌិតសភាចារ្ ហង់ជួន ណារ៉ុន៖ ការសិក្សាជាសកម្មភាពពេញមួយជីវិត ព្រោះពេលណាក៏ដោយក៏ត្រូវរៀន ត្រូវយល់ដឹង និងត្រូវស្រាវជ្រាវ

122
UI Promtion 2021

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ឲ្យដឹងថា ការសិក្សាជាសកម្មភាពពេញមួយជីវិត ព្រោះពេលណាក៏ដោយ ក៏ត្រូវរៀន ត្រូវយល់ដឹង និងត្រូវស្រាវជ្រាវដែរ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចូលរួ មក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សា ពីវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដានៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «ការសិក្សាជាសកម្មភាពពេញមួយជីវិត ព្រោះពេលណាក៏ដោយ ក៏ត្រូវរៀន ត្រូវយល់ដឹង និងត្រូវស្រាវជ្រាវដែរ បើគ្មានការស្រាវជ្រាវជាប្រចំានោះទេ យើងមិនអាចដើរទាន់ ការវិវត្តន៍នៃសង្គមបច្ចេកវិទ្យាដូចបច្ចុប្បន្ននេះទេ»

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានលើកឡើងផងដែរថា ថ្ងៃនេះ ជាប្រវត្តិសាស្ត្រប្រចំាជីវិតរបស់ក្មួយៗនិស្សិត ដែលក្មួយៗបានខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវ និងទទួលជោគជ័យ ដោយទទួលបានសញ្ញាបត្របញ្ចប់ការសិក្សាផងដែរ។ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ក្មួយៗនឹងយកចំណេះជំនាញ ប្រកបដោយក្រម សីលធម៌ខ្ពស់ អត្តចារិកស្លូតបូត និងមានភាពច្បាស់លាស់ក្នុងការងារ ដែលក្មួយៗបានក្រេបជញ្ជក់នៅទីនេះ ទៅបម្រើសង្គមជាតិយើង ក្នុងពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ ក៏ស្នើឲ្យវិទ្យាស្ថានបន្តការយកចិត្តទុកដាក់ និងសម្រេចឲ្យបាននូវគោលដៅអាទិភាពមួយចំនួន ដូចជា៖ ពិនិត្យឡើងវិញជាទៀងទាត់ នូវកម្មវិធីសិក្សាបណ្តុះបណ្តាលគ្រប់កម្រិត ព្រមទាំងធានាសង្គតិភាពជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ, ស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា, និងរក្សាបាននូវគុណភាពនៃលទ្ធផលសិក្សារបស់និស្សិត ឆ្លើយតប នឹងបច្ចុប្បន្នភាព នៃតម្រូវការទីផ្សារការងារ និងមុខរបរអាជីវកម្មជាច្រើនទៀត។

លើសពីនោះទៀត វិទ្យាស្ថានត្រូវបន្តអភិវឌ្ឍធនធានសិក្សា និងធនធានរូបវ័ន្ត ដែលគាំទ្រដល់សកម្មភាពបណ្តុះបណ្តាល និងសិក្សាស្រាវជ្រាវ ជាពិសេសក្នុងបរិបទនៃការវិវត្តយ៉ាងលឿន នៃវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ក៏ដូចជាបទពិសោធន៍ដែលយើងទាំងអស់គ្នាបានរៀនសូត្រ និងកំពុងឆ្លងកាត់ តួយ៉ាងវិបត្តិនៃជំងឺកូវីដ-១៩ជាដើម។

វិទ្យាស្ថាន ត្រូវបន្តអនុវត្តនូវយន្ដការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង, បន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធ, ការងារគ្រប់គ្រង អភិបាលកិច្ច និងការបណ្ដុះបណ្ដាលនិងអភិវឌ្ឍសមត្ថភាពបុគ្គលិក, សាស្រ្តាចារ្យ ក៏ដូចជាការ បន្តពង្រឹងទំនាក់ទំនងទូលំទូលាយ និងកិច្ចសហប្រតិបត្តិការលើសកម្មភាពសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលជាមួយស្ថាប័នជាតិ និងអន្តរជាតិ ផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន។

បើតាមបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ក្នុងគោលបំណងរក្សា និងអភិវឌ្ឍន៍ប្រតិបត្តិការប្រចាំថ្ងៃ វិទ្យាស្ថាន បាននិងកំពុងបន្តពង្រឹងគុណភាពគ្រប់គ្រង គុណភាពសាស្ត្រាចារ្យ គ្រូបង្រៀន ដោយផ្តោតសំខាន់ លើការគោរពវិន័យបង្រៀន និងរៀន ការបង្កើនចំណេះដឹងជំនាញក្នុងសម័យបច្ចេកវិទ្យា Digital សីលធម៌វិជ្ជាជីវៈ គរុកោសល្យនៃការបង្រៀន និងវិធីសាស្ត្រផ្ទេរចំណេះដឹង ដល់និស្សិត ដើម្បីសម្រេចបាននិរន្តរ៍ភាព គុណភាព នៃចក្ខុវិស័យៈ ថ្នាលអប់រំធុរៈកិច្ចប្រកបដោយគុណភាពឈានមុខ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានិងតំបន់ ដើម្បីចូលរួមចំណែកអនុវត្តក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕