សម្តេចក្រឡាហោម ស ខេង និងឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចុះពិនិត្យមើលស្ថានភាពដីនៅតំបន់វាលក្រោម (តំបន់២ និងតំបន់៣) នៅខេត្តបាត់ដំបង

165
UI Promtion 2021

(បាត់ដំបង)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយ កម្មសំណង់ និងសូរិយោដី រួមជាមួយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាល អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំជាច្រើននាក់ផ្សេងទៀត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពដីនៅតំបន់វាលក្រោម (តំបន់២ និងតំបន់៣) ក្នុងភូមិសាស្ត្រចំនួន៣ គឺភូមិសាស្រ្ដស្រុកមោងឫស្សី ភូមិសាស្រ្ដស្រុកសង្កែ និងភូមិសាស្រ្ដស្រុកឯកភ្នំ ដែលបងប្អូនអាស្រ័យផលយូរហើយ និងតំបន់ខ្លះទៀតជាភូមិចាស់របស់បងប្អូន។

ក្រោយបញ្ចប់ការចុះត្រួតពិនិត្យស្ថានភាពដីនៅតំបន់វាលក្រោម (តំបន់២ និងតំបន់៣) រួចមក សម្តេចក្រឡាហោម នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តដឹកនាំកិច្ចប្រជុំនៅសាលាខេត្តបាត់ដំបង ពាក់ព័ន្ធបញ្ហានេះ ក្រោយមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីព្រឹកមិញ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអភិបាលខេត្ត អភិបាលស្រុក និងមេឃុំនៅក្នុងខេត្តជាប់បឹងទន្លេសាប យកចិត្តទុកដាក់សម្រួលដល់ការឆ្វែលដីជូនពលរដ្ឋ ដែលរស់នៅ និងបង្កបង្កើនផល នៅលើដីជុំវិញបឹងទន្លេសាបយូរអង្វែងពិតប្រាកដ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា ការឆ្វែលដី ត្រូវធ្វើចំពោះពលរដ្ឋ ដែលអាស្រ័យផលនៅលើដីនោះចាប់ពី១០ឆ្នាំឡើង ឬតិចជាងនេះ ប្រសិនបើដីនោះ ដីនោះគោករាក់ ហើយធានាថានឹងមិនមានទឹកមកវិញ។

សម្តេចបានបន្តថា សម្តេចគឺជាជានាយករដ្ឋមន្រ្តី ដែលជាអ្នកមានសិទ្ធិតែមួយគត់ ក្នុងការចុះហត្ថលេខាលើអនុក្រឹត្យ សម្រាប់ការផ្តល់ដីជូនប្រជាពលរដ្ឋ តាមសំណើរបស់អភិបាលខេត្ត ហើយមេឃុំត្រូវស្នើមកស្រុក ស្រុកត្រូវស្នើមកខេត្ត ហើយលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ត្រូវគ្រប់គ្រងលើការងារនេះជាមួយស្ថាប័នពាក់ព័ន្ធដទៃទៀត។

សម្តេចបន្តថា អាជ្ញាធរ ត្រូវធ្វើឱ្យប្រាកដថា ប្រជាជនទាំងនោះ គឺជាអ្នករស់នៅ និងអាស្រ័យផលនៅតំបន់នេះជាយូរមកហើយនោះ។ សម្តេចតេជោ ជំរុញឱ្យយកចិត្តទុកដាក់ក្នុងការឆ្វៀលដី ដើម្បីឱ្យពលរដ្ឋអាចធ្វើកសិកម្មទាន់ពេលវេលា៕