សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីនៃជោគវាសនាក្នុងការដឹកនាំប្រទេសកម្ពុជាបន្ត របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត

203
UI Promtion 2021

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីនៃជោគវាសនាក្នុងការដឹកនាំប្រទេសកម្ពុជាបន្តរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច។ សម្តេចតេជោ បានអះអាងថា ការដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត អាចឈានទៅដឹកនាំប្រទេសបន្តពីសម្តេចបាន គឺចំណុះលើការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះ គឺឆ្លើយតបទៅនឹងសំណួរក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» រៀបចំឡើងដោយក្រុមហ៊ុននីកកេ (Nikkei Inc.) របស់ជប៉ុន តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងសន្និសីទនេះ អ្នកសម្របសម្រួលកម្មវិធី ដែលតែងតែចោទសួរសំណួរក្តៅៗទៅកាន់សម្តេចតេជោនាយករដ្ឋមន្ត្រីនោះ បានចោទសួរសំណួរចំនួនពីរពាក់ព័ន្ធកម្ចីរបស់ចិន និងការតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនក្នុងការដឹកនាំប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងសំណួរស្តីពីការតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេននោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសតាំងរួចហើយជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ប៉ុន្តែពេលវេលានឹងឡើងទៅជំនួសសម្តេចនាពេលណា គឺទុកមួយអន្លើសិន ហើយការបោះឆ្នោតអាណត្តិទី៧ គឺសម្តេចនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រី។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតបញ្ជាក់ និងតបតទៅនឹងអ្នកតិះទៀនសម្តេចជុំវិញការតែងតាំងកូនប្រុសឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅប្រទេសកម្ពុជា ការឈ្នះតំណែងនាយករដ្ឋមន្ត្រី គឺពឹងផ្អែកលើការបោះឆ្នោត ដូច្នេះបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត គឺមិនត្រឹមតែលោក ហ៊ុន ម៉ាណែត ទេ ដែលបាត់បង់តំណែង សូម្បីសម្តេចក៏នឹងបាត់បង់ដែរ។ ត្រង់ចំណុចនេះ សម្តេចតេជោ ចង់សង្កត់ធ្ងន់ថា តំណែងនាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជា គឺពឹងអាស្រ័យទាំងស្រុងលើការបោះឆ្នោត មិនមែនចំណុះលើការតែងតាំងចេញពីបក្សនោះឡើយ។

សម្តេចតេជោប្រមុខគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ «ការបន្តវេន ឬមិនបន្តវេន វាចំណុះលើប្រជាជនបោះឆ្នោតឱ្យ ឬអត់? បើសិនជាប្រជាជនបោះឆ្នោតឱ្យ គឺបញ្ហានេះ វាមិនមែនជាការផ្ទេរតំណែងដោយចិត្តឯងនោះទេ គឺប្រជាជនជាអ្នកគាំទ្រ។ អ៊ីចឹងនៅពេលបោះឆ្នោតខាងមុខ បើប្រជាជនបោះឆ្នោតឱ្យគណបក្សប្រជាជន ដែលមានហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជនបន្តវេន គឺបានសេចក្តីថា ប្រជាជនយល់ស្របឱ្យគណបក្សប្រជាជនដឹកនាំ ហើយដឹកនាំដោយ ហ៊ុន សែន បន្តទៅដឹកនាំដោយ ហ៊ុន ម៉ាណែត។ នេះជារឿងធម្មតា ប៉ុន្តែបើគណបក្សប្រជាជនចាញ់ វាបាត់ទាំង ហ៊ុន សែន ហើយវាបាត់ទាំង ហ៊ុន ម៉ាណែត តែម្តង»។

សម្តេចតេជោបញ្ជាក់បន្ថែមថា «បើយើងខ្ញុំមិនធ្វើការបោះឆ្នោត ហើយផ្ទេរអំណាចឱ្យកូន ទើបជារឿងដែលគេនិយាយត្រឹមត្រូវ ខ្ញុំទទួលយក។ ប៉ុន្តែនៅពេលមានការបោះឆ្នោតបែបនេះ ខ្ញុំមិនអាចទទួលយកនូវការតិះទៀនណាមួយនោះទេ»។

ឆ្លើយតបការតិះទៀន រឿងតែងតាំងកូននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងជាសំណួរសួរទៅអ្នកតិះទៀនដែរថា តើពួកគេចង់ឱ្យកូនខ្លួនឯងរកស៊ីមានបាន និងមានការងារល្អធ្វើទេ? សម្រាប់សម្តេច ក៏ដូចជាមនុស្សទាំងនោះដែរ បើពួកគេចង់ឱ្យកូនចៅខ្លួនមានការងារធ្វើល្អ ហេតុអ្វីសម្តេចគ្មានសិទ្ធិ?

សម្តេចតេជោ បានចោទសួរបែបនេះ «អ្នកដទៃទៀតឆ្លើយមក និយាយមក។ ខ្លួនឯងកំពុងតស៊ូដើម្បីអ្វី? ដើម្បីអំណាច ហើយខ្លួនឯងក៏ចង់ឱ្យកូនខ្លួនឯងទៅធ្វើអ្នកធំដែរ ចុះហេតុអ្វីត្រូវដកសិទ្ធិខ្ញុំ មកតិះទៀនខ្ញុំ»។

សម្តេចតេជោ បានអះអាងថា សម្តេចប្រឹងប្រែងក្នុងការបណ្តុះបណ្តាលកូនមក គឺចង់ឱ្យមានជោគវាសនាល្អ ហើយការដែលសម្តេចតែងតាំងឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជននាយករដ្ឋមន្តវេន ក៏ព្រោះតែលោកមានចំណេះដឹង និងលទ្ធភាពគ្រប់គ្រាន់។

សម្តេចតេជោ បានលើកឡើងដូច្នេះ «បើកូនខ្ញុំគ្មានចំណេះដឹងគ្រប់គ្រាន់ គ្មានលទ្ធភាពគ្រប់គ្រាន់ ខ្ញុំក៏មិនបណ្តោយឱ្យសមិទ្ធផលដែលឪពុករបស់វា រួមចំណែកជាមួយនឹងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា កសាងជាង ៤៣ឆ្នាំ ឱ្យរបូតពីដៃនោះទេ។ ប៉ុន្តែខ្ញុំបានបណ្តុះបណ្តាលកូនរបស់ខ្ញុំ។ កូនរបស់ខ្ញុំ៣នាក់ អាចមានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រីទាំង៣នាក់ ក៏ប៉ុន្តែពួកគេមិនដណ្តើមគ្នាធ្វើនាយករដ្ឋមន្ត្រីទេ»។

សូមបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ត្រូវបានសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល បោះឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោក ម៉ាណែត បានចាប់កំណើតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបវាលពិឃាតដ៏ឃោរឃៅគ្រប់គ្រងដោយ ប៉ុល ពត និងបក្ខពួក។ ពេលលោកចាប់កំណើតក្នុងផ្ទៃបានប្រមាណ ៥ខែ ឪពុករបស់លោក គឺសម្តេចតេជោ ហ៊ុន សែន ក៏បានភាសខ្លួនយកជីវិតផ្សងនឹងគ្រោះថ្នាក់ទៅកាន់ប្រទេសវៀតណាម ស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

លោក ហ៊ុន ម៉ាណែត បានកើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ហើយត្រូវលាក់ខ្លួនពួនអាត្មា និងលាក់ប្រវត្តិជាមួយម្តាយ នៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ។ លោក ម៉ាណែត និងម្តាយ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវលក់លាក់ប្រវត្តិនៅក្នុងស្រុកមេមត់រយៈពេលជិត២ឆ្នាំ។ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបាយវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ លោក ម៉ាណែត និងម្តាយ បានឡើងមករាជធានីភ្នំពេញ ដើម្បីជួបជុំជាមួយឪពុក គឺសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩។

បន្ទាប់ពីបានជួបជុំគ្រួសារ លោក ហ៊ុន ម៉ាណែត ទទួលបានការបីបាច់ថែរក្សាយកចិត្តទុកដាក់បំផុតពីឪពុក និងម្តាយ។ លោក ក៏ត្រូវបានឪពុកយកចិត្តទុកដាក់ខ្ពស់បំផុតលើការសិក្សាអប់រំរហូតក្លាយជាសិស្សឆ្នើមមួយរូប។ លោក ហ៊ុន ម៉ាណែត បានក្លាយជាសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំសិក្សា១៩៩២-១៩៩៣ មកពីវិទ្យាល័យភ្នំដូនពេញ។

ក្រោយបញ្ចប់ការសិក្សាចំណេះដឹងទូទៅនៅក្នុងរាជធានីភ្នំពេញនាដើមទសវត្សរ៍ឆ្នាំ១៩៩០ហើយនោះ លោក ហ៊ុន ម៉ាណែត ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជាឪពុកបញ្ជូនទៅសិក្សារៀនសូត្រក្រេបចំណេះវិជ្ជានៅសហរដ្ឋអាមេរិក ក្នុងវ័យប្រមាណ១៦ឆ្នាំ។

ការរស់នៅលើទឹកដីសហរដ្ឋអាមេរិក ជាពេលវេលាដែលលោក ហ៊ុន ម៉ាណែត បានលត់ដំខ្លួន និងម្ចាស់ការលើការរស់នៅដោយឃ្លាតឆ្ងាយពីឪពុក ម្តាយ មិនមានការមើលខុសត្រូវដិតដល់ដូចពេលរស់នៅក្នុងប្រទេសទៀតនោះឡើយ។ បើទោះរស់នៅដោយមិនមានការមើលថែស្តីប្រដៅដោយផ្ទាល់ពីឪពុកម្តាយ ក៏លោក ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរ ដែលមានអត្តចរិត និងស្មារតីស្រឡាញ់ការសិក្សាខ្ពស់ ហើយបានស្វាធ្យាយប្រឹងប្រែងសិក្សារៀនសូត្ររហូតបញ្ចប់ការសិក្សា នៅសាលាល្បីៗរបស់អាមេរិកដូចជាសាលាយោធា West Point ជាដើម។

លោក ហ៊ុន ម៉ាណែត ដើមឡើយគេតែងគិតថា លោកជាអ្នកដែលទទួលបានការតម្រង់ទិសលើការសិក្សារៀនសូត្រពីសម្តេចតេជោ ហ៊ុន សែន ដើម្បីជាការតម្រែតម្រង់ឈានឆ្ពោះទៅកាន់តំណែងណាមួយលើកិច្ចការជាតិ។ ប៉ុន្តែការគិតនេះ បានផ្ទុយស្រឡះ ហើយក៏នាំឱ្យមានការភ្ញាក់ផ្អើលផងដែរ នៅពេលសម្តេចតេជោ ហ៊ុន សែន បានទម្លាយលិខិតសម្ងាត់មួយច្បាប់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ លិខិតសម្ងាត់នេះ គឺជាលិខិតរបស់លោក ហ៊ុន ម៉ាណែត ក្នុងវ័យត្រឹមតែ ១៦ឆ្នាំ សរសេរសុំការអនុញ្ញាតពីឪពុក ដើម្បីរៀនមុខវិជ្ជាដែលខ្លួនបានគិតទុកមុនរួចជាស្រេច។

ដើមឡើយគេដឹងត្រឹមថា លោក ហ៊ុន ម៉ាណែត បញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសប៉ុណ្ណោះ។ តែតាមរយៈលិខិតសម្ងាត់ដែលសម្តេចតេជោ ហ៊ុន សែន បានទម្លាយ លោក ហ៊ុន ម៉ាណែត ក៏បានលួចសិក្សារៀនសូត្រលើវិជ្ជាវិទ្យាសាស្ត្រនយោបាយផងដែរ។ ការសិក្សាលើវិជ្ជាវិទ្យាសាស្ត្រនយោបាយនេះ លោកស្នើសុំឪពុកមិនឱ្យប្រាប់នរណានោះឡើយ។

មិនត្រឹមតែជាបញ្ញវន្តបញ្ចប់ការសិក្សានៅសាលាល្បីកម្រិតអន្តរជាតិប៉ុណ្ណោះទេ លោក ហ៊ុន ម៉ាណែត ក៏ជាបញ្ញវន្តដែលបានប្រឡូកជាមួយការងារជាក់ស្តែងយូរឆ្នាំ ទាំងក្របខណ្ឌបក្ស ក្របខណ្ឌយោធា និងក្របខណ្ឌមនុស្សធម៌។ ជាពិសេសលោក ហ៊ុន ម៉ាណែត ជាបញ្ញវន្តទទួលបានការបណ្តុះបណ្តាល និងទទួលបទពិសោធន៍ពីសាស្ត្រាចារ្យដ៏ខ្លាំងពូកែម្នាក់ទៀត គឺសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុករបស់ខ្លួននោះ។

តាមរយៈបទពិសោធន៍ការងារ និងការដុសខាតលុតដំដោយផ្ទាល់ពីឪពុករបស់ខ្លួនផងនោះ លោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា គឺជាអ្នកបន្តវេនដ៏ស័ក្តិសម និងខ្លាំងពូកែមួយរូបនៅកម្ពុជា ដែលអាចធានារក្សាបាននូវសុខសន្តិភាព ស្ថេរភាព ហើយនាំមកនូវវឌ្ឍនភាព និងកិត្យានុភាពជាបន្តសម្រាប់កម្ពុជា។

ចំណុចទាំងអស់នេះហើយ ដែលនាំឱ្យការប្រកាសដាក់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីថ្នាក់ដឹកនាំ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា។ មិនត្រឹមតែថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប៉ុណ្ណោះទេ ប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សុទ្ធតែបានបង្ហាញការគាំទ្រចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន៕