សម្ដេច ស ខេង អំពាវនាវដល់ពលរដ្ឋចូលរួមធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សា

133
UI Promtion 2021

ព្រៃវែង : សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ប្រព្រឹត្តទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សា និងជោគជ័យ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។
ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិការ សកម្មជន និងប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្ស និងឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងបាត់ដំបង បានអំពាវនាវប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងរួមគ្នាចូលរួមធ្វើឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សា និងជោគជ័យ។

សម្ដេច ស ខេង ក៏បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអង្គពិធីនាឱកាសនោះ ព្រមទាំងបានមានប្រសាសន៍គូសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាព និងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ បេក្ខជនក្រុមប្រឹក្សាឃុំ សមាជិក សមាជិការ និងប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានង្ហាញក្ដីរីករាយយ៉ាងក្រៃលែងចំពោះវត្តមានរបស់សម្ដេចក្រឡាហោម ស ខេង និងបានប្ដេជ្ញាចិត្តយកជ័យជម្នះជូនគណបក្សសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះផងដែរ៕