សម្ដេចក្រឡាហោម​ ស​ ខេង​ ៖​ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានដើរតួនាទីក្នុងប្រវត្តិសាស្រ្តទទួលបានស្នាដៃជាច្រើនរាប់មិនអស់ តស៊ូប្រឆាំងរបបប្រល័យពូជសាសន៍រហូតបញ្ចប់មិនឱ្យរបបនេះវិលត្រឡប់មកវិញ

189
UI Promtion 2021

ខេត្ត​បាត់ដំបង ​៖​ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នៅព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បេក្ខជន សមាជិក សមាជិការ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គពិធីនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងថ្នាក់ដឹកនាំគណបក្ស ព្រមទាំងបានជូនពរឱ្យគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង សូមទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានដើរតួនាទីក្នុងប្រវត្តិសាស្រ្តទទួលបានស្នាដៃជាច្រើនរាប់មិនអស់ តស៊ូប្រឆាំងរបបប្រល័យពូជសាសន៍រហូតបញ្ចប់មិនឱ្យរបបនេះវិលត្រឡប់មកវិញ កសាងសន្តិភាព ស្ថិរភាព ស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមពីបាតដៃទទេ ចាប់តាំងពីប្រទេសនៅក្នុងភាពអត់ឃ្លានរហូតក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ឈរស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍បញ្ជាក់ជូនអង្គពិធី អំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា រួមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលមានគណបក្សនយោបាយច្រើនចូលរួមប្រកួតប្រជែងនៅគ្រប់ការបោះឆ្នោត និងមានប្រជាពលរដ្ឋច្រើនលើសលុបបានអញ្ជើញទៅបោះឆ្នោតដែលជាការបង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋ បានគាំទ្រដំណើរការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនេះ។

សម្ដេចក្រឡាហោម ស ខេង បានបន្តថាខេត្តបាត់ដំបងកំពុងឈានទៅរកការអភិវឌ្ឍបន្ថែមទៀត បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥ ក្នុងនោះសម្ដេចរំពឹងថាភ្ញៀវទេសចរណ៍នឹងបន្តមានកំណើន ខណៈការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករក៏នឹងកាន់តែមានភាពងាយស្រួលជាងមុន។ សម្ដេចក៏កត់សម្គាល់ដែរថាបច្ចុប្បន្នប្រជាពលរដ្ឋានតាមមូលដ្ឋាននានា មានមធ្យោបាយប្រើប្រាស់កាន់តែច្រើន ដូចជាម៉ូតូ គោយន្ត ត្រាក់ទ័រ និងរថយន្តជាដើម។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម បានសង្តក់ធ្ងន់អំពីគុណតម្លៃនៃការថែរក្សាសុខសន្តិភាពដែលត្រូវការតួនាទីដឹកនាំប្រទេសជាតិពីគណបក្សប្រជាជនកម្ពុជាជាបន្តទៀត ទាំងកម្រិតជាតិ និងកម្រិតឃុំ សង្កាត់។ សម្ដេចក៏បានគូសបញ្ជក់អំពីការផ្ទេរមុខងារ និងធនធានមកឱ្យរដ្ឋបាលឃុំ សង្កាត់ មានលទ្ធភាពកាន់តែច្រើនក្នុងការបំពេញកិច្ចការបំរើប្រជាពលរដ្ឋ។ សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីសម្រេចទិសដៅអភិវឌ្ឍជាតិជាមួយគ្នាបន្តទៀត៕