សេចក្តីណែនាំស្តីពីការពង្រឹងសន្តិសុខសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

145
UI Promtion 2021

ភ្នំពេញ ៖ ប្រធានបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្តេចក្រឡាហោម ស ខេង និង ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ នៅរសៀលថ្ងៃទី២ខែមិថុនាឆ្នាំ២០២២បានចេញសេចក្តីណែនាំស្តីពីការពង្រឹងសន្តិសុខ សុវត្ថិភាព សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ក្នុងគោលបំណងធានាឲ្យដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ប្រព្រឹត្តទៅដោយរលូន ស្ថិតក្នុង បរិយាកាសស្ងប់ស្ងាត់ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពគ្មានអំពើហិង្សាគ្មានការគំរាមកំហែងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ ការបោះឆ្នោត (គ.ស.អ) ធ្វើការណែនាំដូចខាងក្រោម ៖
-គណបក្សនយោបាយ ឬ/និងបេក្ខជន មិនត្រូវធ្វើសកម្មភាពកៀរគរ ប្រមូលកម្លាំងពីរាជធានី ខេត្តណាមួយ ដើម្បីទៅធ្វើសកម្មភាពនៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សំដៅបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ។គណបក្សនយោបាយឬ/និងបេក្ខជននិងប្រជាពលរដ្ឋត្រូវចូលរួមក្នុងកិច្ចការពារថែរក្សាបរិយាកាសសន្តិសុខសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនិងការបោះឆ្នោតឲ្យបានល្អប្រសើរដោយមិនត្រូវធ្វើសកម្មភាពណាមួយដែលផ្ទុយពីគោលការណ៍នៃច្បាប់បោះឆ្នោតបទបញ្ជានិងនីតិវិធីនៃការបោះឆ្នោតក្រមសីលធម៌សម្រាប់គណបក្សនយោបាយនិងបេក្ខជនក្នុងដំណើរការបោះឆ្នោតព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ជាធរមាន។
គ.ជ.ប និង គ.ស.អ សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ បេក្ខជន ប្រជាពលរដ្ឋដែលមាន ឈ្មោះបោះឆ្នោត និងសាធារណជនទាំងអស់ អាជ្ញាធរមានសមត្ថកិច្ច និងគណៈកម្មការរៀបចំការបោះឆ្នោតព្រម ទាំងយន្តការ រចនាសម្ព័ន្ធនៃគ.ស.អគ្រប់លំដាប់ថ្នាក់នឹងសហការអនុវត្តតាមសេចក្ដីណែនាំនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបង្កលក្ខណៈសម្បត្តិធានាបាននូវបរិយាកាសស្ងប់ស្ងាត់គ្មានអំពើហិង្សាគ្មានការគំរាមកំហែងនិងមានសុវត្ថិភាពទាំងស្រុង សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ៕