សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងជម្រាបលា

67
UI Promtion 2021

នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្ដម Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលាក្រោយបញ្ចប់បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខ។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការស្វាគមន៍ ព្រមទាំងកោតសរសើរចំពោះការបំពេញការងាររបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលឯកឧត្តមបានខិតខំអស់ពីលទ្ធភាពជួយគាំទ្រដល់បុព្វហេតុនៃការអភិវឌ្ឍន៍ប្រទេសកម្ពុជា ព្រមទាំងបានដើរតួនាទីយ៉ាងសកម្ម ក្នុងការរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម បានរំលឹកផងដែរថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា ពិតជាមានទំនាក់ទំនងការងារជាមួយគ្នាយ៉ាងល្អប្រសើរ ព្រមទាំងមានអនុស្សាវរីយ៍ជាមួយគ្នាយ៉ាងច្រើនពាក់ព័ន្ធជាមួយនិងទស្សនកិច្ចសិក្សា និងការចុះទៅកាន់មូលដ្ឋាននានាដើម្បីពិនិត្យការងារពាក់ព័ន្ធដែលគាំទ្រដោយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង ក៏ដូចជាដៃគូមកពីប្រទេសនានានៃសហភាពអ៊ឺរ៉ុប។
ក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា តាមរយៈការពិភាក្សា និងការធ្វើទស្សនកិច្ចជាមួយគ្នាកន្លងមក រាល់កិច្ចការងារនឹងក្លាយជាការអនុវត្តជាក់ស្តែង ជាពិសេសការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយការងារនេះពិតជាមានសារៈសំខាន់ដែលរដ្ឋាភិបាលកម្ពុជាបានខិតខំពុះពារ និងប្រឹងប្រែងនាពេលកន្លងមក។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍លើកឡើងរបស់សម្តេចក្រឡាហោម ក្នុងនោះ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្តេចក្រឡាហោម អំពីក្តីសប្បាយរីករាយលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រោះថា អាល្លឺម៉ងក៏ជាប្រទេសមួយដែលមានបទពិសោធន៍យូរឆ្នាំក្នុងកិច្ចការនេះ។
ឯកឧត្តមបន្ថែមថាការងារវិមជ្ឈការ និងវិសហមជ្ឈការនេះ ជាការចូលរួមចំណែកយ៉ាងមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងរយៈពេលមធ្យម និងវែងតទៅអនាគត។ ឯកឧត្តមក៏សូមវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ក្នុងការអនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ដំណាក់កាលទី២បន្តទៀត ផ្អែកលើការងារវិមជ្ឈការ និងវិសហមជ្ឈការដ៏មានសារៈសំខាន់នេះ ឯកឧត្តមនឹងបន្តធ្វើការងារជាមួយឯកអគ្គរដ្ឋទូតថ្មីដែលនឹងត្រូវបន្តការងារដើម្បីធ្វើយ៉ាងណាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតដើម្បីជំរុញកិច្ចការងារនេះឱ្យមានវឌ្ឍនភាពតទៅមុខ។
ជាទីបញ្ចប់សម្តេចក្រឡាហោម បានថ្លែអំណរគុណចំពោះការបន្តយកចិត្តទុកដាក់គាំទ្រ របស់ឯកឧត្តមមកលើទំនាក់ទំនងរបស់ប្រទេសទាំងពីរ ជាពិសេសលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ស្របជាមួយគ្នានេះដែរ សម្តេចបានលើកឡើងអំពីស្ថានភាពទូទៅនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ដោយមកដល់ពេលនេះពុំមានព័ត៌មាន អំពីហិង្សាណាមួយកើតឡើងនោះទេ។ ក្នុងនោះសម្តេចក្រឡាហោម បានលើកឡើងពីការចូលរួមនៃបណ្តាគណបក្សនយោបាយនានា ព្រមទាំងប្រជាពលរដ្ឋដែលបានបង្ហាញសកម្មភាពយ៉ាងផុលផុស ក្នុងយុទ្ធនាការបោះឆ្នោត ដោយគោរពតាមបទបញ្ជា និងនីតិវិធីដែលបានកំណត់ជាធរមានផងដែរ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា