ឯកឧត្តម ហ៊ុន ម៉ានិត៖ លទ្ធផលបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ច្បាស់ពីជឿជាក់ ការគោរពស្រលាញ់ និងទុកចិត្តពីប្រជាពលរដ្ឋ

52
UI Promtion 2021

(ភ្នំពេញ)៖ឯកឧត្តមហ៊ុនម៉ានិតសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២២នេះបានលើកឡើងថាលទ្ធផលបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាទទួលបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥គឺបញ្ជាក់អំពីសេចក្ដីជឿជាក់ការគោរពស្រលាញ់ និងទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។

ឯកឧត្តម ហ៊ុន ម៉ានិត តាមរយៈ Facebook បានឲ្យដឹងយ៉ាងដូច្នេះថា «លទ្ធផលបោះឆ្នោតបានបញ្ជាក់យ៉ាងច្បាស់ពីសេចក្តីសម្រេចចិត្តរបស់ប្រជាពលរដ្ឋប្រកបដោយការជឿជាក់គោរពស្រលាញ់និងទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដេីម្បីការពារថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ»។
បន្ថែមពីនេះ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានថ្លែងអំណរគុណ ចំពោះបងប្អូន ពូមីង លោកយាយ លោកតា និងប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទឹងត្រង់ទាំងអស់ ក្នុងនាមជាម្ចាស់សន្លឹកឆ្នោត ដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួន ចូលរួមការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍទាំងនៅមូលដ្ឋាន និងស្រុកស្ទឹងត្រង់ទាំងមូល។
លោកក៏មិនភ្លេចនូវការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ក៏ដូចជាក្រុមការងារទាំងអស់ រួមទាំងថ្នាក់កណ្តាល និងមូលដ្ឋាន លើការងារដឹកនាំ និងចុះបម្រេីប្រជាជនដល់មូលដ្ឋាន។ ទាំងក្រុមការងារថ្នាក់កណ្តាលនិងមន្ត្រីមូលដ្ឋានពិតជាបានសហការគ្នាយ៉ាងល្អបង្កើនសាមគ្គីភាពលះបង់ទាំងកម្លាំងកាយចិត្តបម្រេីប្រជាជនដោយស្មោះស្ម័គ្រ។

ឯកឧត្តមបានអះអាងទៀតថាភាពជោគជ័យដ៏ត្រចះត្រចង់នេះគឺជាការតបស្នងនូវស្នាដៃដ៏ធំធេង សមិទ្ធផលនានា និងកិច្ចខំប្រឹងប្រែងរបស់ សម្ដេច ហ៊ុន ណេង អតីតប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ក្នុងការអភិវឌ្ឍន៍ភូមិឃុំស្រុកជាបន្តបន្ទាប់បម្រើនិងដោះស្រាយបញ្ហាជូនប្រជាជន។
ទោះបីជាសម្ដេចបានលាចាកឆ្ងាយលោកពិតមែនប៉ុន្តែក្រុមការងារថ្នាក់កណ្តាល និងមូលដ្ឋានសមាជិកសមាជិកាគណបក្សនិងមន្ត្រីគណបក្សនៅតែបន្តកិច្ចខិតខំប្រឹងប្រែងនិងបេ្តជ្ញាបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឥតឈប់ឈ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២២ដោយមានប្រជាពលរដ្ឋ ៨០.១៩ភាគរយ ស្មើនឹងជាង៧លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។ ទាំងសមាគមជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សុទ្ធតែបានវាយតម្លៃថា ការបោះឆ្នោតនេះបានប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ត្រូវបានប្រព្រឹត្តទៅប្រកបដោយតម្លាភាពនិងយុត្តិធម៌ត្រឹមត្រូវហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត ដោយគ្មានការបង្ខិតបង្ខំនោះទេ។
ដោយឡែកស្ថានភាពសន្ដិសុខនិងសណ្ដាប់ធ្នាប់ទូទៅក្នុងដំណើរការបោះឆ្នោតនៅទូទាំងប្រទេសមានភាពស្ងប់ស្ងាត់ល្អប្រសើរមិនមានបាតុភាពអ្វីរារាំងនោះឡើយ