សម្ដេចក្រឡាហោម ស ខេង ដាក់ពិន័យលោក សិដ្ឋ តារា អនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ពាក់ព័ន្ធរឿងកឹបកេងលុយរដ្ឋ

186
UI Promtion 2021

(ភ្នំពេញ)៖លោកសិដ្ឋតារាអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺត្រូវបានសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃដាក់ទណ្ឌកម្មវិន័យតាមរូបភាព អប់រំ ព្រមាន ស្ដីបន្ទោស ក្រោយពាក់ព័ន្ធករណីកឹបកេងលុយរដ្ឋ។ នេះបើតាមប្រកាសស្ដីពីការអនុវត្តទណ្ឌកម្មចំពោះមន្ដ្រីពន្ធនាគាររបស់សម្ដេចក្រឡាហោម ស ខេង ដែលបណ្ដាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។
យោងតាមលិខិតរបស់លោកឆែមសាវុធអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថាអគ្គនាយកដ្ឋានពន្ធនាគារបានអញ្ជើញលោកសិដ្ឋតារាអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ(អតីតជាប្រធានការិយាល័យរដ្ឋបាលសរុប)មកបំភ្លឺករណីលោក សុទ្ធ ភឿន បានទទួលមរណភាព ហើយពុំបានរៀបចំឯកសារ ដើម្បីស្នើសុំបង្កកប្រាក់បៀវត្ស។
សូមបញ្ជាក់ថាលោកសុទ្ធភឿនមុនពេលទទួលមរណភាពបានលក់ប្រាក់បៀវត្សឲ្យទៅប្រពន្ធរបស់លោកសិដ្ឋតារាហើយកាតវីងនោះបានតម្កល់ទុកនៅប្រពន្ធលោក សិដ្ឋ តារា ជាអ្នកបើកប្រាក់ប្រចាំខែ។
ចំពោះលោក សិដ្ឋ តារា ពេលនោះ ក្នុងនាមជាប្រធានការិយាល័យរដ្ឋបាល សរុប(មន្ត្រីជំនាញ)បានដឹងឮករណីមានចងការប្រាក់នេះដែរប៉ុន្តែរូបលោកធ្វើជាមិនដឹងដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនដោយមូលហេតុប្រពន្ធជាអ្នកចងការប្រាក់ ឲ្យមន្ត្រីក្នុងពន្ធនាគារ។
ក្នុងន័យនេះដើម្បីចៀសវាងជាគំរូមិនល្អដល់មន្ត្រីដទៃទៀតក្នុងការដឹកនាំគ្រប់គ្រងនិងដោយអនុលោមតាមក្រមសីលធម៌និងបទវិន័យមន្ត្រីអនុរក្សពន្ធនាគារត្រង់ ប្រការ៨ចំណុចគ.១ត្រទី១៣ចែងអំពី«ការមិនគោរពអនុវត្តបញ្ជានិងការណែនាំរបស់ប្រធានអង្គភាព»។
អគ្គនាយកដ្ឋានពន្ធនាគារបានស្នើសុំគោលការណ៍អនុវត្តទណ្ឌកម្មខាងវិន័យចំពោះលោក សិដ្ឋ តារា បច្ចុប្បន្នអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ តាមរូបភាព អប់រំ ព្រមានស្តីបន្ទោសតែម្ដង។
ជាមួយនឹងភាពមិនប្រក្រតីរបស់មន្រ្តីពន្ធនាគារខាងលើនេះដោយឡែកទីតាំងលេងភ្នាល់ឡូតូនៅខាងមុខពន្ធនាគារខេត្ត ក៏បើកលេងយ៉ាងរំភើយផងដែរ ដែលធ្វើឲ្យមន្ត្រីខ្លះញៀនល្បែងនាំគ្នាសម្រុកចូលលេងរហូតអ្នកខ្លះបញ្ចាំរបស់របរ មានម៉ូតូជាដើម។
ពាក់ព័ន្ធនិងបញ្ហានេះមានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ក៏ជាអ្នកបានឃើញបានរិះគន់ថាមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺវក់និងញៀនល្បែងស៊ីសងយ៉ាងខ្លាំង។
ទាក់ទងនិងបញ្ហានេះ លោកឧត្តមអាគ្គានុរក្សថ្នាក់លេខ២ ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា លោកទទួលស្គាល់ពិតជាមាន ហាងខាង មុខពន្ធនាគារមួយកន្លែង បើកលេងឡូតូតាមកញ្ចក់ទូរទស្សរាល់ថ្ងៃ តែមានច្បាប់ ឬអត់ច្បាប់លោកមិនបានដឹងទេ ពីព្រោះមិនជាជំនាញលោក តែលោកបានរាយការណ៍ថ្នាក់លើនិងជំនាញនគរបាលខេត្តអស់ហើយកន្លងមក។
លោកឧត្តមអាគ្គានុរក្សបានបញ្ជាក់ថាកន្លងកូនចៅបានចូលលេងនៅទីនោះមែនតែត្រូវបានកោះប្រជុំណែនាំ រហូតធ្វើកិច្ចសន្យាលាយលក្ខជាអក្សររួចរាល់ហើយ រហូតមន្ត្រីខ្លះត្រូវបានបញ្ឈរជើងថែមទៀតផង។ ក្រោយលេចចេញបាតុភាពខាងលើក្រុមគណៈកម្មការខេត្តបានចុះពិនិត្យដល់ពន្ធនាគារផ្ទាល់ផងដែរ។
លោកឧត្តមអាគ្គានុរក្សបានឲ្យបន្ថែមថាករណីលេងល្បែងស៊ីសងខាងលើជាសិទ្ធិបុគ្គលក៏ពិតមែនតែក្នុងនាមលោកប្រធានពន្ធនាគាររកឃើញថាមន្ត្រីដែលពាក់ព័ន្ធការលេងល្បែងខុសច្បាប់ត្រូវតែធ្វើការអប់រំប៉ុន្តែបែរជាមានមន្ត្រីខ្លះហាក់បែរមកអន់ចិត្តអន់ថ្លើមចំពោះរូបលោកទៅវិញរហូតបង្កើតជាសាច់រឿងរាយការណ៍ភូតកុហកទៅកាន់ថ្នាក់លើទៀតផង។ ក្នុងនាមលោកជាប្រធាននៅទីនោះទទូចសុំឲ្យមានការបង្ក្រាបឬអប់រំឲ្យម្ចាស់ផ្ទះបិតទីនោះឬត្រូវប្តូរឲ្យឆ្ងាយពីមុខពន្ធនាគារខេត្តចៀសវាងមានការយល់ច្រឡំថាមន្ត្រីពន្ធនាគារនាំគ្នាល្បែងស៊ីសងក្នុងអង្គភាព។
យោងតាមប្រភពពីក្រុមការងារស្រាវជ្រាវថ្នាក់ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការចុះពិនិត្យស្រាវជ្រាវមិនបានរកឃើញមានពាក្យបណ្តឹងក្នុងប្រអប់សំបុត្ររបស់អ្នកទោសណាម្នាក់ប្តឹងឡើយ ហើយចុងភៅមានការយកចិត្តទុកដាក់ចំពោះ អ្នកទោសណាស់ ទាំងការហូបចុក និងសម្រាកព្យាបាល។ល។ គឺមានអនាម័យគ្រប់គ្រាន់ត្រឹមត្រូវ៕