មន្រ្តីជាន់ខ្ពស់រដ្ឋសភា៖ពលរដ្ឋខ្មែរនៅបរទេសអាចសុំធ្វើអត្តសញ្ញាណសញ្ជាតិខ្មែរ និងអាចចុះឈ្មោះបោះឆ្នោតបាន

51
UI Promtion 2021

(ភ្នំពេញ)៖ប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេសដែលបានរត់ចេញពីមាតុភូមិនៅសម័យសង្គ្រាមអាចដាក់ពាក្យស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិនិងចុះឈ្មោះបោះឆ្នោតបាន។
ចំពោះអ្នកដែលចង់មកបោះឆ្នោត អាចមកចុះឈ្មោះបោះឆ្នោតនៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ ឯកអគ្គរាជទូត-រដ្ឋទូតនានាប្រចាំនៅកម្ពុជា ដែលរៀបចំដោយរដ្ឋសភាស្តីពីដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នៅរសៀលថ្ងៃទី៨ខែមិថុនាឆ្នាំ២០២២ ឯកឧត្តមសួសយ៉ារ៉ាប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការឃោសនានិងព័ត៌មាននៃរដ្ឋសភា(គណៈកម្មការទី៥)បានចាត់ទុកថាការផ្តល់សិទ្ធិដល់ពលរដ្ឋខ្មែរនៅបរទេសដែលរត់គេចពីសង្គ្រាមអាចសុំធ្វើអត្តសញ្ញាណសញ្ជាតិខ្មែរ គឺជាការប្រឹងប្រែងលើកស្ទួយលទ្ធិប្រជាធិបតេយ្យមួយបែបទៀត របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបន្តថាសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ទៅឧបនាយករដ្ឋមន្ដ្រីប្រាក់សុខុនរដ្ឋមន្ដ្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិត្រូវធ្វើការជាមួយស្ថាប័នពាក់ព័ន្ធពិសេសផ្នែកអត្តសញ្ញាណកម្មដើម្បីសម្រួលការងារនេះក្រោយពីសម្ដេចបានលឺពីការលំបាករបស់ប្រជាពលរដ្ឋខ្មែរអាមេរិក។
ឯកឧត្តមថ្លែងថាសម្តេចតេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យប្រជាជនខ្មែរជំនាន់ទី១ទី២និងទី៣ដែលបានរត់ពីសង្គ្រាមស៉ីវិលកម្ពុជាអាចមានសិទ្ធិធ្វើអត្តសញ្ញាណបណ្ណខ្មែរ និងសុំសញ្ជាតិខ្មែរដោយផ្ទាល់បាន។
ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «វាជាការផ្តល់ឱកាសដ៏ធំមួយ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ នេះជាការគាំទ្រធំធេងណាស់ របស់ប្រជាជនយើងជុំវិញពិភពលោក ក្នុងការបង្រួបបង្រួមខ្មែរ ដោយមិនប្រកាន់ពណ៌សម្បុរ និន្នាការនយោបាយនោះទេ»។
ឯកឧត្តមបន្ថែមថា«កាលពីមុនរាជរដ្ឋាភិបាលយើងអនុញ្ញាតឲ្យពួកគាត់ធ្វើបានតែទិដ្ឋការរយៈពេលវែងមួយជីវិតប៉ុណ្ណោះប៉ុន្តែឥឡូវនេះពួកគាត់ត្រូវបានផ្តល់សិទ្ធិឲ្យបោះឆ្នោតបានទៀតដែលបង្ហាញពីប្រជាធិបតេយ្យមួយទៀត។ ខ្ញុំនាមរដ្ឋសភា ខ្ញុំសប្បាយរីករាយជាខ្លាំង»។

សូមជម្រាបថាក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា នាទីក្រុងវ៉ាស៊ីនតោន កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យធ្វើអត្តសញ្ញាណបណ្ណជូនខ្មែរនៅក្រៅប្រទេស។

ចំពោះការលើកឡើងពីក្រៅប្រទេសនោះសម្ដេចតេជោនាយករដ្ឋមន្ដ្រីបានលើកជាឧទាហរណ៍ជាក់ស្ដែងថាការបោះឆ្នោតតាមប្រៃសណីយ៍មិនស្រួលនោះទេ សូម្បីតែអាមេរិកផ្ទាល់នេះក៏ជួបបញ្ហារួចមកហើយរហូតមានទំនាស់រវាង គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ របស់លោក ដូណាត្រាំ និងលោក ចូបៃ ឌិន ទៀតផង។

ចំណែកឯលោកឌឹមសុវណ្ណារុំសមាជិកនិងជាប្រធានក្រុមប្រតិកម្មព័ត៌មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ ដែលអាចបោះឆ្នោតបាន លុះត្រាតែមានអាយុ ១៨ឆ្នាំឡើងទៅ ហើយត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត។ ការធ្វើបច្ចុប្បន្នភាព បញ្ជីឈ្មោះបោះឆ្នោត នឹងចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២២ខាងមុខ ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បញ្ចប់ជាផ្លូវការ៕