រដ្ឋមន្ដ្រីអប់រំ៖ គ្រូបង្រៀនល្អ គឺជាអ្នកយកចំណេះដឹង ទៅអនុវត្ដ និងកែលម្អជានិច្ច ប្រៀបដូចសិល្បករមួយរូប

56
UI Promtion 2021

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាស្ថាបនិកនៃកំណែទម្រង់វិស័យអប់រំ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ បានលើកឡើងថា គ្រូបង្រៀនល្អ គឺជាអ្នកយកចំណេះដឹង ទៅអនុវត្ដ និងកែលម្អជានិច្ច ប្រៀបដូចសិល្បករមួយរូប។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួមក្នុងពិធីចែកសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ ជូនដល់គ្រូប្រឹក្សាគរុកោសល្យ ជំនាន់ទី១ និងជំនាន់ទី២ នាវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រូបង្រៀនល្អ ក៏ដូចជាគ្រូផ្ដល់ប្រឹក្សាគរុកោសល្យល្អម្នាក់ គឺជាអ្នកយកចំណេះដឹង ទៅអនុវត្ដ និងកែលម្អជានិច្ច ដែលប្រៀបដូចជាសិល្បករមួយរូប ដោយមានទាំងវិទ្យាសាស្ដ្រ និងសិល្បៈ»។

បន្ថែមពីនោះទៀត រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានឲ្យដឹងថា ការប្ដូរវិធីសាស្ដ្របង្រៀន ពីការរៀនទន្ទេញចាំមាត់ ទៅជាវិធីសាស្ដ្របច្ចេកវិទ្យា ដោយសិស្សចេះស្រាវជ្រាវ និងឲ្យសិស្សធ្វើបទបង្ហាញ ដែលទាំងអស់នេះ បានបង្កើតជាបំណិនសតវត្សរ៍ទី២១។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ការធ្វើកំណែទម្រង់អប់រំ គឺដើម្បីគាំទ្រទៅដល់សាលារៀនជំនាន់ថ្មី ដែលជាគំរូមួយនៃកំណែទម្រង់ ហើយដើម្បីចូលរួមកំណែទម្រង់អប់រំនេះ គឺមានកត្ដាធំៗ៤៖ គ្រូ, សិស្ស, សាលារៀន និងឪពុក-ម្ដាយ។

ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា នៅពេលដែលត្រូវផ្លាស់ប្ដូរសាលាមួយ គឺមិនអាចតែម្នាក់ឯងទៅប្ដូរបានទេ ប៉ុន្ដែយើងអាចចេះបង្កើតក្របខណ្ឌកំណែទម្រង់មួយ ដោយមានអ្នកចូលរួមពីភាគីពាក់ព័ន្ធ ដូចជា៖ នាយកសាលា, គ្រូ, សិស្ស, អាណាព្យាបាល និងមានការគាំទ្រពីរាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិតសភាចារ្យច័ន្ទរ័ត្នប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីនិងជាប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជាបានឲ្យដឹងថាមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីមានទីតាំងស្ថិតនៅក្នុងបរិវេណនៃវិទ្យាស្ថានជាតិអប់រំ ហើយចាប់ផ្តើមដំណើរការជ្រើសរើស និងផ្តើមធ្វើការបណ្តុះបណ្តាល គរុនិស្សិតប្រឹក្សាគរុកោសល្យ ជំនាន់ទី១ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
ឯកឧត្តមបណ្ឌិតសភាចារ្យបន្ដថា ដោយគោរពតាមគោលការណ៍ចេះគឺជាប់ និងគុណភាពមិនអាចចរចាបានទេ នោះគរុនិស្សិតជំនាន់ទី១មានចំនួន២៥នាក់ តែបានបំពេញគ្រប់លក្ខខណ្ឌសិក្សានិងបានការពារនិក្ខេបបទបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន១៧នាក់នៅសល់គរុនិស្សិត៨នាក់ទៀតអនុញ្ញាតពន្យាពេលឲ្យ១ឆ្នាំទៀត ដើម្បីបំពេញនូវចំណុចដែលខ្វះចន្លោះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានឲ្យដឹងទៀតថា គរុនិស្សិតជំនាន់ទី២ មានចំនួន៣២នាក់ បូកនិងអ្នកពន្យារពេល៨នាក់ សរុបចំនួន៤០នាក់ តែបានបំពេញគ្រប់លក្ខខណ្ឌសិក្សា និងបានការពារនិក្ខេបបទ បញ្ចប់ការសិក្សា ដោយជោគជ័យ មានចំនួនតែ៣១នាក់ប៉ុណ្ណោះ នៅសល់គរុនិស្សិត៩នាក់ទៀត គឺអនុញ្ញាតពន្យាពេលឲ្យ១ឆ្នាំទៀត ដើម្បីបំពេញនូវចំណុចដែលខ្វះចន្លោះ។

អ្នកគ្រូ ឆែម គឹមសែន ជាគរុនិស្សិត នៃមជ្ឈមណ្ឌលគរុកោសល្យជំនាន់ថ្មី ក៏បានចែករំលែកបទពិសោធជោគជ័យ នៅក្នុងការសិក្សាវគ្គបណ្តុះបណ្តាលនេះថា ដើម្បីបានដោយជោគជ័យ លោកគ្រូ អ្នកគ្រូ គប្បី៖ សុខភាពល្អ, បណ្តុះក្តីស្រលាញ់, មានវិន័យចំពោះខ្លួនឯង, ចេះគ្រប់គ្រងពេលវេលា និងចូរធ្វើជាមនុស្សខ្ជិល (ខ្ជិលសន្សំកិច្ចការងារ, ខ្ជិលធ្វើពេលក្រោយ, ខ្ជិលរង់ចាំ និងខ្ជិលឆ្ងល់)។

អ្នកគ្រូ ឆែម គឹមសែន បានឲ្យដឹងថា អ្វីដែលជាកម្លាំងចលករជំរុញឲ្យអ្នកគ្រូ មកប្រឡងវគ្គសិក្សានេះ គឺចង់ក្លាយជាបុគ្គលម្នាក់ ក្នុងចំណោមចលករជាច្រើន ដែលអាចចូលរួមចំណែកអភិវឌ្ឍការរៀន និងបង្រៀនក្នុងកម្រិតសាលារៀន នៃវិស័យអប់រំនៅកម្ពុជា តាមរយៈការផ្តល់ការគាំទ្រគ្រូ ទាំងបច្ចេកទេសបង្រៀន (វិធីសាស្ត្របង្រៀន ការប្រើប្រាស់បច្ចេកវិទ្យា) និងសតិស្មារតី។

បើតាមលោក ស៊ុន សុម៉ារ៉ា ជាអ្នកសម្របសម្រួលការបណ្តុះបណ្តាល នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតមជ្ឈមណ្ឌល ស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ដើម្បីជួយដល់ការពង្រីកសាលារៀនជំនាន់ថ្មី ជាសាលារដ្ឋស្វយ័តដែលទទួលបានការវិនិយោគខ្ពស់ពីរដ្ឋាភិបាល។

ជាពិសេសទាមទារគ្រូបង្រៀន មានស្តង់ដារខ្ពស់ធ្វើការនៅទីនោះ ប៉ុន្តែគម្រោងនេះ ក៏បានវិវត្តទៅកាន់ស្ថាប័នអប់រំគោល ដៅផ្សេងៗទៀត ដូចជា៖ វិទ្យាស្ថានជាតិអប់រំ ឬវិទ្យាស្ថានគរុកោសល្យ និងសាលាធនធានជាដើម។
ចក្ខុវិស័យបស់មជ្ឈមណ្ឌលគឺដើម្បីផ្លាស់ប្តូរចរិតលក្ខណៈសាលានៅប្រទេសកម្ពុជាឲ្យមានចលនាយន្តការជួយទ្រទង់តាមរយៈគ្រូប្រឹក្សាគរុកោសល្យដែលមានបទពិសោធន៍ប្រចាំនៅសាលាដែលជួយបណ្តុះគ្រូបង្រៀនឲ្យរីកចម្រើនទាំងវិជ្ជាជីវៈនិងសីលធម៌ធ្វើឲ្យសាលារបស់ពួកគាត់មានភាពរីករាយនិងជាកន្លែងទាក់ទាញការសិក្សា។

គ្រូប្រឹក្សាគរុកោសល្យដែលជាភ្នាក់ងារនៃការផ្លាស់ប្តូរគុណភាពអប់រំនៅកម្ពុជាតាមរយៈការផ្តល់ប្រឹក្សាគរុកោសល្យនិងការជួយគាំទ្រការអភិវឌ្ឍក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន តាមរយៈផែន ការគន្លងអាជីព។
ម្យ៉ាងវិញទៀត គ្រូប្រឹក្សាគរុកោសល្យ គឺជាអ្នកដឹកនំាវ័យក្មេង ដែលមានតួនា ទីដ៏សំខាន់ក្នុងការផ្លាស់ប្តូរគុណភាពនៃការរៀននិងបង្រៀនតាមរយៈការធ្វើការយ៉ាងជិតស្និទ្ធ ជា មួយគ្រូបង្រៀន ក៏ដូចជាការបំផ្លាស់បំប្រែឥរិយាបថរបស់ គ្រូបង្រៀនផង ដោយមិនមាន ការគំរាមកំហែងនៅក្នុងដំណើរការបង្រៀន ជាពិសេសគ្រូបង្រៀនថ្មីដែលទើបចេញពីគ្រឹះសា្ថនបណ្តាលបណ្តាលគ្រូបង្រៀនថ្មីៗ ឬគ្រូបង្រៀនដែលជួបផលលំបាកក្នុងការ បង្រៀនជាដើម ។

តួនាទីរបស់គ្រូប្រឹក្សាគរុកោសល្យនឹងកាន់តែមានប្រសិទ្ធភាពប្រសិនបើមានការបង្ករបរិយាកាសអំណោយផលពីគណៈគ្រប់គ្រងសាលារៀនការចូលរួមសហការពីសំណាក់ លោកគ្រូ-លោកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធ។
ដូច្នេះ ខ្ញុំបាទសូមធ្វើការសំណូមពរដល់ គណៈនាយក លោកគ្រូ-អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធ សូមធ្វើការបើកចិត្ត និងការសិក្សាស្វែងយល់បន្ថែម ពីសារៈសំខាន់នៃការផ្តល់ប្រឹក្សាគរុកោសល្យតាមគ្រូប្រឹក្សាគរុកោសល្យរបស់យើង ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា៕