ឯកឧត្តម ហ៊ុន ម៉ានី ៖ ទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ គឺត្រូវយកចិត្តទុកដាក់បំផុត នៅពេលគោរពទង់ជាតិនៃប្រទេសជាភ្ញៀវ (ករណីកម្ពុជា ប្រកួតបាល់ទាត់ជាមួយឥណ្ឌា)

155
UI Promtion 2021

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានថ្លែងថា, នៅពេលការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិ២ប្រទេស យើងឃើញថា៖

1. ឈ្នះ ឬចាញ់គឺជាផ្នែកមួយនៃការប្រកួត

2. កម្រិតនៃបដិសណ្ឋារកិច្ចអាស្រ័យលើប្រទេសម្ចាស់ផ្ទះ ឬទីកន្លែងប្រកួត

ឯកឧត្តម បន្តថា, ទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ គឺត្រូវយកចិត្តទុកដាក់បំផុត នៅពេលគោរពទង់ជាតិនៃប្រទេសជាភ្ញៀវ។

ឯកឧត្តមហ៊ុនម៉ានីបានលើកឡើងថា,ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើអ្វីដែលបានកើតឡើងកាលពីម្សិលមិញក្នុងការប្រកួតក្របខ័ណ្ឌAFC Asian Cup ដែលក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌា ហើយអ្វីដែលបានកើតឡើងក្នុងអំឡុងពេលគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

មិនថាវាជាកំហុស ឬបញ្ហាបច្ចេកទេសទេ ខ្ញុំសង្ឃឹមថានឹងមានការពន្យល់គ្រប់គ្រាន់ទៅលើបញ្ហានេះ។ ក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជា ខ្ញុំគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីស្វែងរកចម្លើយ និងការពន្យល់បន្ថែមពី AFC និងម្ចាស់ផ្ទះ។ ខ្ញុំសង្ឃឹមថា នឹងមានការប្រុងប្រយ័ត្នទុកខ្ពស់ជាងមុនសម្រាប់ព្រឹត្តិការណ៍នាពេលអនាគត ដើម្បីកុំឲ្យបញ្ហា/កំហុសនេះកើតឡើងជាថ្មីទៀតសម្រាប់គ្រប់ក្រុមជម្រើសជាតិ។

ជូនចំពោះបងប្អូនជនរួមជាតិ សូមអត់ធ្មត់ រង់ចាំការពន្យល់ និងផ្តោតសំខាន់ក្នុងការគាំទ្រក្រុមជម្រើសជាតិរបស់យើង ដែលគ្រោងនឹងមានការប្រកួតពីរទៀត។ ជាងនេះទៅទៀត ពួកគាត់ត្រូវការការគាំទ្រផ្នែកស្មារតី និងការអបអរសាទរពីពួកយើង។

សូម FFC ដែលមាន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារក្រុមជម្រើសជាតិយើងពេលដែលពួកគេចេញទៅប្រកួតក្រៅប្រទេស។

សម្រាប់ក្រុមជម្រើសជាតិរបស់យើង ទាំងគ្រូបង្វឹក និងកីឡាកររបស់យើង យើងមានមោទនភាពចំពោះអ្នកទាំងអស់គ្នា មិនថាក្នុងកាលៈទេសៈអ្វីក៏ដោយ ត្រូវរឹងមាំ និងធ្វើឱ្យអស់ពីសមត្ថភាព! ប្រជាជនទាំង១៦លាននាក់របស់យើងនឹងឈរនៅទីនេះគាំទ្រអ្នកនៅគ្រប់ការប្រកួតតំណាងជាតិ។

ជយោ! ព្រះរាជាណាចក្រកម្ពុជា