សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់រថយន្តសង្គ្រោះនិងសម្ភារៈគាំទ្រសកម្មភាពគ្រូពេទ្យជូនអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ

197
UI Promtion 2021

(ភ្នំពេញ)៖សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានផ្តល់រថយន្តសង្គ្រោះមួយគ្រឿងព្រមទាំងសម្ភារៈបម្រើសកម្មភាពគ្រូពេទ្យមួយចំនួនទៀតជូនដល់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញប្រតិបត្តិការសង្គ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ ទាំងក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ និងប្រជាពលរដ្ឋទូទៅ។
ពិធីប្រគល់និងទទួលរថយន្តសង្គ្រោះព្រមទាំងសម្ភារៈគាំទ្រសកម្មភាពគ្រូពេទ្យនេះត្រូវបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទនាព្រឹកថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។

រថយន្តសង្គ្រោះប្រគល់ជូនអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទគឺជារថយន្តទី៥០ដែលជាអំណោយរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈលោកបណ្ឌិតជារតនាទីប្រឹក្សាសម្ដេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា ជូនទៅតាមបណ្តាស្ថាប័ន និងអង្គភាពនានារបស់រដ្ឋ។
លោកបណ្ឌិតជារតនាបានលើកឡើងថារថយន្តសង្គ្រោះនេះជាចំណែកជួយដោះស្រាយតម្រូវការរបស់កងទ័ពហើយក៏ជួយបម្រើកិច្ចការសង្គ្រោះប្រជាពលរដ្ឋទូទៅផងដែរ។ លោកបណ្ឌិត ជា រតនា បានអះអាងថា រថយន្តសង្គ្រោះនេះ ក៏ធ្លាប់បានប្រគល់ជូនដល់បណ្តាអង្គភាពនានានៃកងយោធពលខេមរភូមិន្ទផងដែរ ហើយនឹងមានគម្រោងប្រគល់ជូនបន្តបន្ទាប់ទៀត។
លោកបណ្ឌិត ជា រតនា បានចាត់ទុកការចូលរួមចំណែកជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងការធ្វើសកម្មភាពមនុស្សធម៌នេះគឺជាការបែងចែកផ្លែផ្កាពីការធ្វើអាជីវកម្មរបស់ខ្លួនជួយដល់សង្គម។
លោកបានបង្ហាញការយក់ឃើញថា ការរីកចម្រើនក្នុងអាជីវកម្ម គឺបានមកពីសង្គម ដូច្នេះលោកត្រូវតែបែងចែកផ្លផ្កានេះទៅសង្គមវិញ។

«ចំពោះយើងបើរកទទួលទានមានបានពីសង្គមមួយហើយយើងអាចជួយត្រឡប់ទៅសង្គមវិញបាននោះទើបជារឿងមួយល្អប្រសើរដើម្បីឱ្យសង្គមយើងមានការវិវឌ្ឍទៅមុខ»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ជា រតនា។
ក្នុងពិធីប្រគល់និងទទួលរថយន្តសង្គ្រោះនោះជួសមុខឱ្យមន្ត្រីយោធានៃកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ឥតសារ៉ាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនដែលបានផ្តល់ជាអំណោយរថយន្តសង្គ្រោះនិងសម្ភារៈមួយចំនួនគាំទ្រដល់សកម្មភាពរបស់គ្រូពេទ្យ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាអគ្គភស្តុភារតែងតែគិតគូរដល់កងទ័ព ហើយបំពេញរាល់តម្រូវការរបស់កងទ័ព។
សម្រាប់នាយឧត្តមសេនីយ៍ឥតសារ៉ាត់រថយន្តសង្គ្រោះដែលអំណោយរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតគឺជាអំណោយដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកប្រតិបត្តិការសង្គ្រោះរបស់កងទ័ព ទាំងក្នុងក្របខណ្ឌកងទ័ព និងការសង្គ្រោះប្រជាពលរដ្ឋទូទៅនៅពេលមានគ្រោះអាសន្នផ្សេងៗ។

នាយឧត្តមសេនីយ៍ឥតសារ៉ាត់បានគូសបញ្ជាក់ដូច្នេះ«អំណោយនេះជាការរួមចំណែកមួយជួយឱ្យកងយោធពលខេមរភូមិន្ទយកសម្ភារៈនេះទៅបម្រើការរបស់ខ្លួនក្នុងការជួយសង្គ្រោះអាយុជីវិតមិនមែនតែកងទ័ពទេជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋផងដែរ»។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានគូសរំលេចផងដែរថារថយន្តសង្គ្រោះនេះ ត្រូវបានសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតណែនាំឱ្យទៅប្រើប្រាស់ក្នុងកិច្ចការសង្គ្រោះដោយមិនមាននិន្នាការនយោបាយអ្វីទាំងអស់ពោលគ្រប់ប្រជាពលរដ្ឋរងគ្រោះ គឺត្រូវតែជួយសង្គ្រោះ។
«តាមអនុសាសន៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តាំផ្ញើមកឱ្យហ្នឹង គឺយើងមិនរើសមុខប្រជាពលរដ្ឋណាក៏យើងជួយដែរ ហើយយើងមិនគិតនិន្នាការទេ។ ធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋយើងរួចផុតពីពីគ្រោះមហន្តរាយទាំងនោះ»។ នេះជាការបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។
ជាមួយការទទួលបានអំណោយជារថយន្តសង្គ្រោះនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់បានណែនាំទៅអង្គភាពដែលទទួលបានរថយន្តនេះឱ្យយកចិត្តទុកដាក់ថែទាំឱ្យបានត្រឹមត្រូវហើយត្រូវត្រៀមលក្ខណៈសម្បត្តិជាប់ជានិច្ចក្នុងការចេញជួយសង្គ្រោះ។
បន្ថែមពីលើនោះគ្រូពេទ្យដែលប្រើប្រាស់រថយន្តនេះត្រូវសិក្សារៀនសូត្រប្រើប្រាស់ឱ្យបានស្ទាត់ជំនាញលើសម្ភារៈនានាដែលបំពាក់នៅក្នុងរថយន្ត។
នាយឧត្តមសេនីយ៍ក៏បានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់លើការងារសង្គ្រោះដោយមិនត្រូវប្រកាន់និន្នការអ្វីទាំងអស់ហើយក៏មិនត្រូវយកលុយពីជនរងគ្រោះនោះដែរ៕