ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតអញ្ជើញសម្ពោធដាក់ឲ្យដំណើរការឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ដ្រ ចំនួន៥ខេត្ត

60
UI Promtion 2021

(កណ្ដាល)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការនូវឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ ចំនួន៥ខេត្តរបស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក ស្ថិតក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ថ្លែងក្នុងឱកាសនោះឯកឧត្តមហ៊ុនម៉ាណែតបានចូលរួមអបអរសាទរចំពោះការសម្ពោធបើកឲ្យដំណើរការជាផ្លូវការនូវឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្ររបស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល នាឱកាសនេះ ដើម្បីធ្វើការការប្រមូល គ្រប់គ្រង និងប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រដោយនៅក្នុងដំណាក់កាលទី១នេះក្រុមហ៊ុនបានសាងសង់ដំឡើងនិងបានឈានដល់ការបើកដំណើរការទីតាំងឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ រហូតដល់៥កន្លែង រួមមាន ខេត្តកណ្តាល កំពត ត្បូងឃ្មុំ បន្ទាយមានជ័យនិងខេត្តស្ទឹងត្រែងហើយទីតាំងទាំង៥នេះក៏មានលទ្ធភាពផ្តល់សេវាកម្មគ្រប់ដណ្តាប់បណ្តាខេត្តជាច្រើននៅជុំវិញផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងផែនការបន្ទាប់ ក្រុមហ៊ុនក៏មានគម្រោងពង្រីកអាជីវកម្ម ដោយនឹងសាងសង់ទីតាំងនិងដំឡើងឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្របន្ថែមទៀតឲ្យបានគ្រប់២៤ខេត្តនៅទូទាំងប្រទេសទៀតផង។
ទាំងនេះ ពិតជាបានស្តែងឲ្យឃើញអំពីតួនាទីដ៏សំខាន់របស់វិស័យឯកជន នៅក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ដើម្បីការពារសុខភាពមនុស្ស សត្វរុក្ខជាតិនិងបរិស្ថាននៅកម្ពុជាពីព្រោះថាកាកសំណល់វេជ្ជសាស្ត្រអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដោយនាំឲ្យមានការបំពុលការចម្លងរោគនិងការរាតត្បាតនៃជំងឺទៅក្នុងបរិស្ថានរស់នៅប្រសិនបើការគ្រប់គ្រងទុកដាក់និងបោះចោលសំណល់វេជ្ជសាស្ត្រត្រូវបានធ្វើឡើងមិនបានត្រឹមត្រូវសមស្របតាមបទដ្ឋានស្តង់ដារបច្ចេកទេស។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ដទៀតថា រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកវិស័យឯកជនគឺជាក្រុមប្រតិបត្តិករជាក់ស្ដែងនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។
វិស័យឯកជនគឺជាប្រភពដ៏ធំធេងមួយនៃការវិនិយោគក្នុងការជំរុញវឌ្ឍនភាពផ្នែកសង្គមនិងសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើននិងមានភាពច្នៃប្រឌិតប្រកបដោយចីរភាពហើយក៏ជាដៃគូសំខាន់មួយដែលមិនអាចខ្វះបាននៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
មួយវិញទៀតសុខភាពគឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។
ផ្តើមចេញពីគោលគំនិតទាំងនេះ រាជរដ្ឋាភិបាលតែងបានខិតខំបង្កើនធនធាន និងកិច្ចសហប្រតិបត្តិការកៀរគរជំនួយជាតិនិងដៃគូអភិវឌ្ឍអន្តរជាតិជាពិសេសការបើកទូលាយឲ្យមានការចូលរួមពីវិស័យឯកជនដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាននៃប្រព័ន្ធសុខាភិបាលរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបំពាក់ឧបករណ៍បរិក្ខារ ហើយជាក់ស្តែងគឺការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រនេះជាដើមដែលម្រើឲ្យដល់ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពនៅទូទាំងប្រទេស។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអរគុណប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលក៏ដូចជានៅទូទាំងប្រទេសដែលបានផ្តល់នូវភាពជឿជាក់លើគណបក្សប្រជាជនកម្ពុជានិងសម្តេចតេជោជាប្រធានគណបក្សតាមរយៈការផ្តល់ជូននូវសន្លឹកឆ្នាតគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់លើសលប់ក្នុងការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណតិ្តទី៥ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
ឯកឧត្តមបណ្ឌិតអះអាងថានេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថាពលរដ្ឋជាម្ចាស់ស្រុកបានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើដោយពុំគិតពីការនឿយហត់ព្រមទាំងបូជាលះបង់ដោយប្រទ្បូកក្នុងគ្រោះថ្នាក់និងការលំបាកគ្រប់សព្វបែបយ៉ាងជាពិសេសក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ១៩ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋនិងស្ថិរភាពសេដ្ឋកិច្ចសង្គមធានាបាននូវភាពសុខុដុមរមនាជូនសង្គមជាតិ និងប្រជាជន។

បើតាមឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតបន្តទៅមុខទៀតគណបក្សប្រជាជនកម្ពុជា ក៏បានប្តេជ្ញាចិត្តខិតខំបម្រីប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងក្លាថែមទៀតដើម្បីរួមគ្នាថែរក្សាកសាងអភិវឌ្ឍនកម្ពុជាឲ្យកាន់តែរុងរឿងនិងស្ថិតស្ថេរយូអង្វែងតរៀងទៅសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕