ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋទូទាំងប្រទេស និងចាត់ទុកថាសន្លឹកឆ្នោតគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ដែលបោះជូនបក្សប្រជាជន ជាការផ្ដល់ភាពជឿជាក់លើបក្ស និងសម្ដេចតេជោ ហ៊ុន សែន

50
UI Promtion 2021

(កណ្ដាល)៖ ថ្លែងចេញពីស្រុកអង្គស្នូល ខេត្តកណ្ដាល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២២នេះបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានបន្ដជឿជាក់និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ដែលបានបញ្ចប់ទៅនាពេលកន្លងទៅថ្មីៗនេះ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ដ្រ ចំនួន៥ខេត្ដលោកបណ្ឌិតហ៊ុនម៉ាណែតបានគូសបញ្ជាក់ថាសន្លឹកឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់នេះបានបង្ហាញច្បាស់ពីភាពជឿជាក់មកលើ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា«សូមអរគុណប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួលខេត្តកណ្តាលក៏ដូចជានៅទូទាំងប្រទេសដែលបានផ្តល់នូវភាពជឿជាក់លើគណបក្សប្រជាជនកម្ពុជានិងសម្តេចតេជោជាប្រធានគណបក្សតាមរយៈការផ្តល់ជូននូវសន្លឹកឆ្នាតគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់លើសលប់ក្នុងការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិ្តទី៥ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ»។
ឯកឧត្តមអះអាងថានេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថាពលរដ្ឋជាម្ចាស់ស្រុកបានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើដោយពុំគិតពីការនឿយហត់ព្រមទាំងបូជាលះបង់ដោយប្រទ្បូកក្នុងគ្រោះថ្នាក់និងការលំបាកគ្រប់សព្វបែបយ៉ាងជាពិសេសក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ១៩ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋនិងស្ថិរភាពសេដ្ឋកិច្ចសង្គមធានាបាននូវភាពសុខុដុមរមនាជូនសង្គមជាតិ និងប្រជាជន។
បើតាមឯកឧត្តម ហ៊ុន ម៉ាណែត បន្តទៅមុខទៀត គណបក្សប្រជាជនកម្ពុជា ក៏បានប្តេជ្ញាចិត្តខិតខំបម្រីប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងក្លាថែមទៀតដើម្បីរួមគ្នាថែរក្សាកសាងអភិវឌ្ឍនកម្ពុជាឲ្យកាន់តែរុងរឿងនិងស្ថិតស្ថេរយូអង្វែងតរៀងទៅសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
សូមរំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២២ដោយមានប្រជាពលរដ្ឋ៨០.១៩ភាគរយស្មើនឹងជាង៧លាននាក់បានមកចូលរួមបោះឆ្នោតក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។ ទាំងសមាគមជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សុទ្ធតែបានវាយតម្លៃថា ការបោះឆ្នោតនេះបានប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ត្រូវបានប្រព្រឹត្តទៅប្រកបដោយតម្លាភាពនិងយុត្តិធម៌ត្រឹមត្រូវហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត ដោយគ្មានការបង្ខិតបង្ខំនោះទេ។ ដោយឡែក ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅទូទាំងប្រទេស មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ៕