សម្តេចពិជ័យសេនាអះអាងថាកម្ពុជាគឺនៅតែជាម្ចាស់នៃមូលដ្ឋានកងទ័ពជើងទឹករាម ហើយការអភិវឌ្ឍមូលដ្ឋាននេះ មិនមែនជាការគំរាមកំហែង ដល់សន្តិសុខ របស់ប្រទេស ឬតំបន់ណាមួយនោះទេ

55
UI Promtion 2021
សិង្ហបូរី៖សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានសារព័ត៌មានបរទេសមួយចំនួននិងបច្ចិមប្រទេសជាពិសេសសហរដ្ឋអាមេរិក ចោទប្រកាន់ថា បានអនុញ្ញាតឱ្យចិន តាំងមូលដ្ឋានទ័ពនៅក្នុងប្រទេស។ ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាបានវាយកម្ទេចអគារមួយ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានកងទ័ពជើងរាម។
ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមានលក្ខណៈបង្កើតបញ្ហាបែបនេះ គឺជាការមាក់ងាយដល់សមត្ថកិច្ច និងអភិបាលកិច្ចរបស់កម្ពុជា យ៉ាងពេញទី។ សម្តេចពិជ័យសេនាទៀបាញ់បានអះអាងថាកម្ពុជាគឺនៅតែជាម្ចាស់នៃមូលដ្ឋានកងទ័ពជើងទឹករាមជាដរាបហើយការអភិវឌ្ឍមូលដ្ឋាននេះទៀតសោតមិនមែនជាការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេស ឬតំបន់ណាមួយ ទោះជិតក្តី ឬឆ្ងាយក្តី នោះឡើយ។ យើងចាត់ទុកការចោទប្រកាន់សព្វបែបយ៉ាងនេះ ជាលេសដើម្បីបំផ្លាញផលប្រយោជន៍របស់កម្ពុជា។
ការធ្វើទំនើបកម្មផ្នែកយោធា និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ គឺជាកាតព្វកិច្ចសម្រាប់ប្រទេសជាតិនីមួយៗដោយអនុលោមទៅតាមបរិស្ថានសន្តិសុខរបស់ប្រទេសខ្លួនរបស់តំបន់ និងពិភពលោក។
ថ្លែងក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៉ីលើកទី១៩ នៅសិង្ហបូរីនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្តេចពិជ័យសេនា បានបន្តថា«កត្តាកំណត់សំខាន់បំផុត គឺការការពារប្រកបដោយបុព្វហេតុត្រឹមត្រូវនិងយុត្តិធម៌ នូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងរៀងៗខ្លួន។ ក្រៅពីនោះយើងត្រូវការចាំបាច់នូវសមត្ថភាពទាន់សម័យសម្រាប់ឆ្លើយតបទៅនឹងការគំរាមកំហែងរួមមានជាអាទិ៍ការប្រឆាំងអំពើភេរវកម្មការធានាសន្តិសុខផ្លូវសមុទ្រការសង្គ្រោះគ្រោះមហន្តរាយការចូលរួមកិច្ចប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ»។
សម្តេចពិជ័យសេនា បន្ថែមថា កត្តាសំខាន់បំផុតនៅក្នុងកិច្ចការទាំងនេះ គឺការប្រើប្រាស់សមត្ថភាពយោធា ក្នុងគោលបំណងសុចរិត ត្រឹមត្រូវតាមច្បាប់ និងបម្រើឲ្យផលប្រយោជន៍រួមនៃមនុស្សជាតិ។ កម្ពុជានាពេលបច្ចុប្បន្ន អាចចាត់ទុកថាកំពុងរីករាយនៅក្នុងសន្តិភាពនិងស្ថិរភាពដែលបានមកដោយលំបាកជាទីបំផុតតាមរយៈស្មារតីបង្រួបបង្រួមជាតិឯកភាពជាតិនិងគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែនហើយកំពុងខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាជំហានៗប្រកបដោយសច្ចៈភាពប្រជាធិបតេយ្យសេរីពហុបក្ស និងកិច្ចសហប្រតិបត្តិការមិត្តភាពនិងភាតរភាពជាមួយបណ្តាប្រទេសនានានៅលើសកលលោក។
ទាក់ទងទៅនឹងការធ្វើទំនើបកម្មនៅមូលដ្ឋានកងទ័ពជើងទឹករាមសម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា «កម្ពុជាជារដ្ឋមួយដែលមានឯករាជ្យភាព អធិបតេយ្យ និងសិទ្ធិពេញលេញក្នុងការចាត់ចែងវាសនាប្រទេសជាតិរបស់ខ្លួនដូចមានចែងនៅក្នុងមាត្រា៥៣នៃច្បាប់រដ្ឋធម្មនុញ្ញដែលមានខ្លឹមសារ“ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនហើយក៏មិនអនុញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទសដែរលើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។ ព្រះរាជាណាចក្រកម្ពុជា រក្សាសិទ្ធិទទួលជំនួយបរទេសជាសម្ភារៈយោធាអាវុធគ្រប់រំសេវការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធនិងជំនួយផ្សេងៗទៀតដើម្បីការពារខ្លួននិងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស”។ តែគួរឲ្យស្តាយ កម្ពុជាទទួលរងការចោទប្រកាន់ឥតឈប់ឈរថាកំពុងផ្តល់ភាពផ្តាច់មុខដល់បរទេស ដើម្បីគ្រប់គ្រងមូលដ្ឋាននេះ»។
សម្តេចពិជ័យសេនា
សម្តេចពិជ័យសេនាទៀបាញ់បានធ្វើការបញ្ជាក់ឡើងវិញថា«ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទមិនមែនមានត្រឹមតែការធ្វើទំនើបកម្មនៅមូលដ្ឋានរាមប៉ុណ្ណោះទេ។ យើងនឹងបន្តធ្វើឲ្យកងយោធពលខេមរភូមិន្ទមានសមត្ថភាពកាន់តែខ្ពស់ មិនត្រឹមតែអាចធានាដល់ការការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេថែមទាំងអាចបំពេញបាននូវករណីកិច្ចដទៃទៀតប្រកបដោយជោគជ័យ ដូចជាការប្រឆាំងអំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការជួយសង្គ្រោះ ប្រតិបត្តិការរក្សាសន្តិភាព ជាដើម»។
សម្តេចពិជ័យសេនាបានថ្លែងទៀតថាកម្ពុជានឹងបន្តលើកកម្រិតសមត្ថភាពកងទ័ពជើងទឹកកងទ័ពជើងអាកាសនិងប្រព័ន្ធការពារអាកាសដែលមានលទ្ធភាពអាចគ្រប់គ្រងដែនសមុទ្រ និងដែនអាកាស របស់កម្ពុជាបាន។ ទន្ទឹមនឹងនេះ កងទ័ពជើងគោកកំពុងទទួលបាននូវសម្ភារសឹកធុនធ្ងន់ និងទំនើប ជាបន្តបន្ទាប់ សម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួន ស្របតាមតម្រូវការចាំបាច់។ កម្ពុជាជាប្រទេសតូច តែស្នេហាសន្តិភាពយ៉ាងជ្រាលជ្រៅ គ្មានចេតនា បង្កការគំរាមកំហែងដល់ប្រទេសណាមួយហើយកម្ពុជាក៏មិនដែលជំទាស់នឹងការអភិវឌ្ឍន៍សមត្ថភាពកងយោធារបស់ប្រទេសដទៃនោះឡើយ។
សម្តេចពិជ័យសេនា អះអាងដែរថា គោលដៅចម្បង របស់កម្ពុជា គឺរស់នៅក្នុងសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការជាភាតរៈនិងស្មើមុខស្មើមាត់គ្នាជាមួយនឹងប្រទេសជិតខាងនិងប្រទេសនៅក្នុងតំបន់ហើយយើងចង់បានត្រឹមតែមានសមត្ថភាពដើម្បីការពារខ្លួននិងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក តែប៉ុណ្ណោះ។ វាមិនយុត្តិធម៌ទេ ហើយក៏មិនអាចទៅរួចដែរដែលយើងត្រូវបានចាប់បង្ខំឲ្យស្ថិតនៅក្នុងស្ថានភាពតោកយ៉ាក ចាស់គំរិល ឬដើរថយក្រោយ ខណៈដែលអ្នកដទៃ ប្រឹងពង្រីកអំណាចនិងឥទ្ធិពលផ្នែកយោធា នៅស្ទើរគ្រប់ទីកន្លែង។
សម្តេចពិជ័យសេនាបានបញ្ជាក់ថាសម្រាប់ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទកម្ពុជានៅតែស្វាគមន៍និងបើកចំហរជានិច្ចចំពោះការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់បណ្តាប្រទេសជាមិត្តនានា ដោយមិនប្រកាន់និន្នាការការរើសអើង និងប្រកាន់ខ្ជាប់នូវការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕