សម្តេចតេជោ ហ៊ុន សែន ស្នើដល់មេដឹកនាំយោធាមីយ៉ាន់ម៉ា ពិចារណាឡើងវិញនូវការផ្តន្ទាទោសប្រហារជីវិតលើក្រុមប្រឆាំង

165
UI Promtion 2021

ភ្នំពេញ៖ ក្នុងលិខិត នៅថ្ងៃទី១០ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យលោកនាយឧត្តមសេនីយ៍ មីន អោងឡាំង ( Min Aung Hlaing) មេដឹកនាំយោធាមីយ៉ាន់ម៉ា ពិចារណាឡើងវិញនូវការផ្តន្ទាទោសប្រហារជីវិត លើក្រុមប្រឆាំងនៅមីយ៉ាន់ម៉ា។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ខ្ញុំមិនមានមន្ទិលទេថា ឯកឧត្តម ពិតជាដឹងយ៉ាងច្បាស់ថា សព្វថ្ងៃនេះ តំបន់របស់យើង គឺជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រភូមិសាស្ត្ររបស់មហាអំណាច ខណៈពេលដែលការប្រកួតប្រជែងរវាងពួកគេ កំពុងតែកើនឡើង។ ជាមួយនឹងការវិវឌ្ឍបែបនេះ ចំណាប់អារម្មណ៍ជាច្រើន កំពុងផ្តោតទៅលើការអភិវឌ្ឍក្នុងតំបន់អាស៊ាន និងទៅលើភាពជឿជាក់ និងប្រសិទ្ធភាពរបស់អាស៊ាន ក្នុងនាមជាគ្រួសារតំបន់ដែលយកប្រជាជនជាស្នូល។ ការវិវឌ្ឍក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងទទួលការចាប់អារម្មណ៍ខ្ពស់ និងត្រូវបានគេតាមដានសង្កេតដោយមនុស្សជុំវិញពិភពលោក»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ការផ្តន្ទាទោស និងផែនការប្រហារជីវិតលើបុគ្គលមួយចំនួន ដែលប្រឆាំង និងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ាន។ កម្ពុជាជឿជាក់ថា ផែនការប្រហារជីវិតនេះ ប្រសិនបើត្រូវបានអនុវត្ត ប្រាកដជា នឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានរីករាលដាលពេញសហគមន៍អន្តរជាតិ។ នេះក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈដំណើរការសន្ទនាដែលមានបរិយាប័ន្ន ស្របតាមកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «អាស្រ័យហេតុនេះ ដោយក្តីបារម្ភយ៉ាងជ្រាលជ្រៅ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រក្នុងការជួយមីយ៉ាន់ម៉ាឱ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ ខ្ញុំសូមស្នើដោយស្មោះស្ម័គ្រ ដល់ ឯកឧត្តម និងក្រុមប្រឹក្សារដ្ឋបាលរដ្ឋឱ្យពិចារណាឡើងវិញនូវការផ្តន្ទាទោសនេះ និងជៀសវាងការអនុវត្តការកាត់ទោសប្រហារជីវិតដល់អ្នកដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋទាំងនោះ»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម នឹងពិចារណាដោយយោគយល់ចំពោះការអំពាវនាវរបស់ខ្ញុំទៅលើករណីនេះ។ ឆ្លៀតឱកាសនេះ ខ្ញុំបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាម្តងទៀត ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងការចូលរួមពេញលេញរបស់មីយ៉ាន់ម៉ាក្នុងដំណើរការកសាងសហគមន៍អាស៊ាន»៕

Picture
Picture
Picture
Picture
Picture
Picture
Picture