ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីគុណតម្លៃនៃវិជ្ជាជីវៈគ្រូបង្រៀន

143
UI Promtion 2021

ខេត្តកំពត ៖ ថ្លែងប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីគុណតម្លៃនៃវិជ្ជាជីវៈគ្រូបង្រៀន ហើយបានគូសបញ្ជាក់ថា៖ «ការយល់ច្បាស់ពីចក្ខុវិស័យរបស់ សង្គមជាតិ ការសម្លឹងមើលឲ្យឆ្ងាយ និងយល់ច្បាស់ពីតួនាទីដ៏មានតម្លៃរបស់លោកគ្រូ អ្នកគ្រូម្នាក់ៗចំពោះការអភិវឌ្ឍជាតិ គឺជាកត្តាសំខាន់បំផុត»។

ខណៈនៃការលើកឡើងខាងលើឯកឧត្តមក៏បានមានប្រសាសន៍អំពីការកំណត់វិស័យអាទិភាពក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិហើយសង្កត់ធ្ងន់ថាក្នុងវិស័យនីមួយៗទាមទារនូវធនធានមនុស្សដែលមានសមត្ថភាព។
ជាក់ស្តែងតាមរយៈគោលនយោបាយជាតិនានាជាពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ (២០១៩-២០២៣)រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក «មនុស្ស»ជាអាទិភាពទីមួយមុនផ្លូវភ្លើងទឹកដែលការអភិវឌ្ឍធនធានមនុស្សប្រាកដណាស់ចេញពីតួនាទីដ៏សំខាន់របស់លោកគ្រូ អ្នកគ្រូ។ ឯកឧត្តមបានបន្តថាការអប់រំគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពនានាសម្រាប់ការរីកចម្រើនរបស់សង្គមជាតិគ្រប់កាលៈទេសៈចាប់តាំងពីការរំដោះចេញពីរបបប្រល័យពូជសាសន៍រហូតដល់ដំណាក់កាលចុងក្រោយនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងបន្តទៅថ្ងៃអនាគត ៕